ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ IMF ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​មាន​លក្ខណៈ​តានតឹង​នៅ​ឆ្នាំ ២០២៣ នេះ


រូបឯកសារ៖ មនុស្ស​ដើរ​កាត់​ស្លាកសញ្ញា​លក់​ទំនិញ​បញ្ចុះ​តម្លៃ​នៅ​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២។
រូបឯកសារ៖ មនុស្ស​ដើរ​កាត់​ស្លាកសញ្ញា​លក់​ទំនិញ​បញ្ចុះ​តម្លៃ​នៅ​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២។

សេដ្ឋកិច្ច​ពិភពលោក​ភាគ​ច្រើន​បំផុត​ក្នុង​ឆ្នាំ ២០២៣ នេះ​នឹង​មាន​លក្ខណៈ​តានតឹង​ខ្លាំង ដោយសារតែ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ចិន ដែល​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​មាន​សកម្មភាព​សេដ្ឋកិច្ច​ចុះខ្សោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃ​ទី ១ ខែ​មករា​កន្លង​ទៅ​នេះ។

អ្នកស្រី Kristalina Georgieva នាយិកា​គ្រប់គ្រង​អង្គការ IMF បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «Face the Nation» ដែល​ជា​កម្មវិធី​ព័ត៌មាន​ព្រឹក​ថ្ងៃ​អាទិត្យ​របស់​ទូរទស្សន៍ CBS ថា ឆ្នាំ​ថ្មី​នេះ​នឹង «មាន​លក្ខណៈ​តានតឹង​ជាង​ឆ្នាំ​មុន [សម្រាប់​សេដ្ឋកិច្ច​ពិភពលោក]»។

អ្នកស្រី​បាន​និយាយ​ថា៖ «មូលហេតុ​គឺ​ដោយសារតែ​មហា​អំណាច​សេដ្ឋកិច្ច​ធំៗ​ទាំង ៣ គឺ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ចិន កំពុង​មាន​សកម្មភាព​សេដ្ឋកិច្ច​ថយចុះ​ព្រមៗ​គ្នា»។

កាលពី​ខែ​តុលា​ឆ្នាំ​មុន អង្គការ IMF បាន​បន្ទាប​ទស្សនៈវិស័យ​របស់​ខ្លួន​សម្រាប់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​លើ​សាកលលោក​នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ ដោយ​យោង​ទៅ​លើ​សង្គ្រាម​ជា​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ក៏​ដូចជា​សម្ពាធ​អតិផរណា​និង​អត្រា​ការប្រាក់​ខ្ពស់​ដែល​ធ្វើ​ឡើង​ដោយ​ធនាគារ​កណ្តាល​នៃ​ប្រទេស​មួយ​ចំនួន​ដូចជា​ធនាគារ​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក​ជាដើម​ក្នុង​គោល​បំណង​ដើម្បី​បញ្ចុះ​តម្លៃ​អតិផរណា​ដែល​ឡើង​ខ្ពស់។

ចាប់តាំង​ពី​ពេល​នោះ​មក ប្រទេស​ចិន​បាន​លុប​ចោល​នូវ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ១៩​របស់​ខ្លួន និង​បាន​ចាប់ផ្តើម​បើក​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ បើ​ទោះបីជា​ពលរដ្ឋ​ចិន​ជា​ច្រើន​ នៅ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ដោយសារ​ការ​កើនឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ក៏ដោយ។

នៅ​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក​កាលពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ​កន្លង​ទៅ​នេះ​នៅ​ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ចាប់​តាំងពី​មាន​ការ​ផ្លាស់ប្តូរ​នៃ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ១៩ នេះ​មក ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ប្រឹងប្រែង​និង​ការ​ឯកភាព​គ្នា​ខ្លាំង​ជាង​មុន​នៅ​ពេល​ដែល​ប្រទេស​ចិន​ឈាន​ចូល​ដល់ «ដំណាក់កាល​ថ្មី»។

អ្នកស្រី Georgieva បាន​និយាយ​ថា៖ «នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លង​មក​ដែល​ការ​រីក​ចម្រើន​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២២ ទំនង​ជា​មាន​ទំហំ​ស្មើ​ឬ​ក៏​ក្រោម​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ពិភពលោក»។

ជាង​នេះ​ទៅ​ទៀត ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ដ៏ «រាលដាល​ដូច​ភ្លើង​ឆេះ​ព្រៃ» ដែល​គេ​បាន​រំពឹង​ទុក​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ទំនង​ជា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ចិន​កាន់តែ​ខ្លាំង​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​នឹង​ពន្យឺត​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ទាំង​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ពិភពលោក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Georgieva ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​កាលពី​ខែ​មុន​សម្រាប់​កិច្ចការ​របស់​អង្គការ IMF។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ទៅ​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន ហើយ​បាន​ទៅ​ដល់​ទីក្រុង​មួយ​ដែល​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ទាល់តែ​សោះ។ ប៉ុន្តែ​ស្ថានភាព​នេះ​នឹង​មិន​នៅ​ដូចេ្នះ​រហូត​នោះ​ទេ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ធ្វើ​ដំណើរ [ឡើង​វិញ] នោះ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ប្រទេស​ចិន​នឹង​ជួប​ការ​លំបាក​ខ្លាំង ហើយ​ផល​ប៉ះពាល់​នៃ​ការ​លំបាក​នេះ​លើ​ការ​រីក​ចម្រើន​របស់​ចិន​នឹង​មាន​លក្ខណៈ​អវិជ្ជមាន ហើយ​ផល​ប៉ះពាល់​លើ​ការ​រីក​ចម្រើន​ក្នុង​តំបន់​និង​លើ​ពិភពលោក​ក៏​នឹង​មាន​លក្ខណៈ​អវិជ្ជមាន​ផង​ដែរ»។

នៅ​ក្នុង​ការ​ព្យាករណ៍​របស់​ខ្លួន​កាលពី​ខែ​តុលា​ឆ្នាំ​មុន អង្គការ IMF បាន​ប៉ាន់​ប្រមាណ​ថា​ កំណើន​ផលទុន​ជាតិ​សរុប (GDP) របស់​ចិន​មាន​ចំនួន ៣,២% នៅ​ក្នុង​ឆ្នាំ ២០២២ ដែល​ជា​ចំនួន​ស្មើ​គ្នា​ទៅ​នឹង​ចំនួន​កំណើន​សេដ្ឋកិច្ច​របស់​ពិភពលោក​ដែល​អង្គការ IMF បាន​ប្រមើល​ទុក​សម្រាប់​ឆ្នាំ ២០២២ នោះ។

នៅ​ពេល​នោះ អង្គការ IMF ក៏​បាន​ព្យាករណ៍​ផង​ដែរ​ថា កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​ចិន​សម្រាប់​ឆ្នាំ ២០២៣ នឹង​កើន​រហូត​ដល់ ៤,៤% ខណៈ​ពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​មាន​ការ​ថយចុះ​ជាង​មុន​បន្ថែម​ទៀត។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី Georgieva បាន​ស្នើ​ឱ្យ​មាន​ការ​បន្ទាប​ការ​ព្យាករណ៍​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ទាំង​ក្នុង​ប្រទេស​ចិន​និង​លើ​ពិភពលោក​ដែល​ប្រហែល​ជា​អាច​ត្រូវ​បាន​គេ​ប្រកាស​ឱ្យ​ដឹង​នៅ​ចុង​ខែ​មករា​នេះ​នៅ​ពេល​ដែល​អង្គការ IMF បង្ហាញ​អំពី​បច្ចុប្បន្នភាព​នៃ​ការ​ព្យាករណ៍​របស់​ខ្លួន​នៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​របស់​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ទីក្រុង Davos ប្រទេស​ស្វីស។

សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក «មាន​ភាព​ធន់​ខ្លាំង»

ទន្ទឹម​នឹង​នេះ​ដែរ អ្នកស្រី Georgieva បាន​និយាយ​ថា សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ ហើយ​ប្រហែល​ជា​អាច​គេច​ផុត​ពី​ការ​ធ្លាក់​ចុះ​ទាំង​ស្រុង ដែល​ការ​ធ្លាក់ចុះ​នេះ​ទំនង​ជា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​រហូត​ដល់​ប្រមាណ​មួយ​ភាគ​បី។

អ្នកស្រី​បាន​បញ្ជាក់​ថា «សហរដ្ឋ​អាមេរិក​មាន​ភាព​ធន់​ខ្លាំង» ហើយ «ប្រហែល​ជា​អាច​ជៀស​ផុត​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ផង​ដែរ ដោយសារតែ​ទីផ្សារ​ការងារ​របស់​ប្រទេស​នេះ​នៅតែ​មាន​ភាព​ខ្លាំងក្លា​ដដែល»។

ប៉ុន្តែ​កត្តា​នេះ​ផ្ទាល់​ក៏​មាន​នូវ​ហានិភ័យ​ផងដែរ ដោយសារតែ​វា​អាច​បង្អាក់​ដល់​ការ​រីក​ចម្រើន​ ដែល​ធនាគារ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក​ត្រូវការ​សម្រេច​ឱ្យ​បាន​ដើម្បី​ធ្វើ​ឱ្យ​អតិផរណា​ថយចុះ​ទៅ​ដល់​កម្រិត​គោលដៅ​មួយ​ពី​កម្រិត​ខ្ពស់​បំផុត​កាលពី​ឆ្នាំ​មុន​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លង​មក​នេះ។

អតិផរណា​នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​សញ្ញា​ហួស​ពី​កម្រិត​កំពូល​បំផុត​របស់​ខ្លួន​នៅ​ពេល​ដែល​ឆ្នាំ ២០២២ បាន​បញ្ចប់​ទៅ ប៉ុន្តែ​បើ​តាម​ការ​វាស់វែង​របស់​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក អតិផរណា​នេះ​នៅតែ​មាន​កម្រិត​ច្រើន​ជាង​កម្រិត​គោលដៅ​ចំនួន ២% របស់​ខ្លួន ជិត ៣ ដង។

អ្នកស្រី Georgieva បាន​លើកឡើង​ថា៖ «នេះ​គឺ​ជា... រឿង​ល្អ​ចម្រុះ​មួយ ពីព្រោះ​ប្រសិន​បើ​ទីផ្សារ​ការងារ​មាន​ភាព​ខ្លាំងក្លា ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​អាច​នឹង​រក្សា​ទុក​អត្រា​ការប្រាក់​ឱ្យ​នៅ​កាន់តែ​ខ្ពស់​ក្នុង​រយៈពេល​យូរ​ដើម្បី​ធ្វើ​ឱ្យ​អតិផរណា​ធ្លាក់​ចុះ»។

កាលពី​ឆ្នាំ​មុន នៅ​ក្នុង​ចំណាត់​ការ​គោល​នយោបាយ​ដ៏​ខ្លាំងក្លា​បំផុត​របស់​ខ្លួន​តាំងពី​ដើម​ទសវត្សរ៍ ១៩៨០ មក ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​បាន​ដំឡើង​អត្រា​ការប្រាក់​គោល​នយោបាយ​ស្តង់ដារ​របស់​ខ្លួន​ពី​ចំនួន​ជិត​សូន្យ​កាលពី​ខែ​មីនា​រហូត​ដល់​អត្រា​បច្ចុប្បន្ន​ដែល​ស្ថិត​នៅ​ចន្លោះ ៤,២៥% និង ៤,៥០%។

ជាង​នេះ​ទៀត កាលពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ មន្ត្រី​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​បាន​ព្យាករណ៍​ថា អត្រា​នេះ​នឹង​ឡើង​ដល់​កម្រិត ៥% នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ ដែល​ជា​អត្រា​មួយ​ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ​ចាប់​តាំងពី​ឆ្នាំ ២០០៧ មក។

ជា​ការពិត ទីផ្សារ​ការងារ​របស់​សហរដ្ឋ​អាមេរិក​នឹង​ក្លាយជា​ចំណុច​ផ្តោត​ដ៏​សំខាន់​សម្រាប់​មន្ត្រី​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក ដែល​ចង់​ឃើញ​តម្រូវការ​សម្រាប់​កម្លាំង​ពលកម្ម​ថយចុះ​ដើម្បី​កាត់​បន្ថយ​សម្ពាធ​តម្លៃ​ទំនិញ​ដែល​ហក់​ឡើង​ខ្ពស់។

សប្តាហ៍​ទី​មួយ​នៃ​ឆ្នាំ​ថ្មី​នេះ​នឹង​បង្ហាញ​នូវ​ទិន្នន័យ​សំខាន់ៗ​មួយ​ចំនួន​អំពី​វិស័យ​ការងារ ដែល​ក្នុង​នោះ​រួម​ទាំង​របាយការណ៍​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ស្ដីពី​ការ​បើក​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​សម្រាប់​អ្នក​ដែល​មិន​ធ្វើការ​នៅ​តាម​កសិដ្ឋាន​ផងដែរ ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​បាន​បង្កើត​ការងារ​ប្រមាណ ២ សែន​បន្ថែម​ទៀត​កាលពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ ហើយ​អត្រា​អត់​ការងារ​ធ្វើ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ជិត ៣,៧% ដដែល ដែល​ជា​អត្រា​ជិត​ទាប​បំផុត​ចាប់តាំង​ពី​ទសវត្សរ៍ ១៩៦០ មក៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG