មូលនិធិរូបិយវត្ថុអន្តរជាតិ IFM នឹងពិចារណាផ្តល់ជំនួយហិរញ្ញវត្ថុសង្គ្រោះបន្ទាន់មួយទៅឲ្យប្រទេសស្រីលង្កាដែលកំពុងវណ្ឌកដោយសារបំណុលបរទេសនោះ។ នេះបើតាមការឲ្យដឹងរបស់ក្រសួងហិរញ្ញវត្ថុប្រទេសស្រីលង្កានៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការជួយអន្តរាគមន៍តំណាងដោយប្រទេសឥណ្ឌា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
គណៈប្រតិភូស្រីលង្កាដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ali Sabry បានជួបពិភាក្សាជាមួយមូលនិធិ IMF ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទម្សិលមិញស្តីពីកម្មវិធីមួយដែលរដ្ឋាភិបាលស្រីលង្កាសង្ឃឹមថា នឹងជួយបង្កើនដល់ប្រាក់បម្រុងរបស់ខ្លួននិងធ្វើជាស្ពានហិរញ្ញវត្ថុដើម្បីទិញទំនិញចាំបាច់នានាពីក្រៅប្រទេសដូចជាប្រេងឥន្ទនៈ ស្បៀងអាហារ និងថ្នាំពេទ្យជាដើម។
លោក Shamir Zavahir ដែលជាទីប្រឹក្សាមួយរូបរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កា បានបង្ហោះសារមួយនៅលើ Twitter ថា ស្រីលង្កាបានស្នើសុំកម្ចីមួយនៅក្រោមកម្មវិធីហិរញ្ញវត្ថុបន្ទាន់ ឬ RFI សម្រាប់ប្រទេសដែលត្រូវការការគាំទ្រជាបន្ទាន់នៃតុល្យភាពសម្រាប់ការបង់ថ្លៃរបស់ខ្លួននោះ។ លោកថា មូលនិធិ IMF មិនទាន់បដិសេធនូវសំណើសុំនេះទេ។
សេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុស្រីលង្កា បាននិយាយថា «មូលនិធិ IMF បានប្រាប់ទៅរដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កាថា ប្រទេសឥណ្ឌាបានធ្វើជាតំណាងឲ្យប្រទេសស្រីលង្កានៅក្រោមកម្មវិធីកម្ចី RFI នេះ»។
វិបត្តិហិរញ្ញវត្ថុរបស់ស្រីលង្កាកើតមានឡើង ខណៈពេលដែលជំងឺរាតត្បាតកូវីដ១៩ បានប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសនេះដែលចាត់ចែងមិនបានត្រឹមត្រូវ ក៏ដូចជាការឡើងថ្លៃខ្ពស់នៃប្រេងឥន្ធនៈដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់បម្រុងបរទេសរបស់ខ្លួននោះ។
កង្វះប្រេងឥន្ធនៈ ស្បៀងអាហារ និងថ្នាំពេទ្យ កំពុងកើតមានឡើងនៅក្នុងប្រទេសនេះ អស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ។
ការតវ៉ានៅតាមដងផ្លូវ បានកើតមានឡើងប្រឆាំងនឹងប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa និងនាយករដ្ឋមន្ត្រីដែលជាប្អូនប្រុសរបស់លោក គឺលោក Mahinda Rajapaksa នៅក្នុងប្រទេសកោះមួយនេះដែលមានប្រជាពលរដ្ឋសរុបប្រមាណ២២លាននាក់៕