ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​IMF ​ថា សេដ្ឋកិច្ច​សាកលលោក​នៅ​ជួប​ប្រទះ​បញ្ហា​ដោយ​ការរាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMFលោក​ស្រី Kristalina Georgieve ថ្លែង​នៅ​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​រួម​នៅ​ចុង​បញ្ចប់​កិច្ចប្រជុំ​កំពូល​អំពី​សេដ្ឋកិច្ច​តំបន់​អាហ្វ្រិក​នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ (Reuters)
រូបឯកសារ៖ នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMFលោក​ស្រី Kristalina Georgieve ថ្លែង​នៅ​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​រួម​នៅ​ចុង​បញ្ចប់​កិច្ចប្រជុំ​កំពូល​អំពី​សេដ្ឋកិច្ច​តំបន់​អាហ្វ្រិក​នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ (Reuters)

នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ព្រមាន​ថា សេដ្ឋកិច្ច​សាកលលោក កំពុង​ប្រឈម​ការ​ងើប​ឡើង​វិញ​យឺតយ៉ាវ ដោយសារ «ការចែកចាយ​វ៉ាក់សាំង​មិន​ស្មើ​គ្នា»រវាង​ប្រទេស​អ្នក​មាន​និង​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក។

នាយិកាចាត់ចែង​របស់ IMF លោក​ស្រី Kristalina Georgieve បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ក្នុងសុន្ទរកថា​តាម​អនឡាញ​នៅ​សាកលវិទ្យាល័យ Bocconi ក្នុង​ប្រទេស​អ៊ីតាលី​ថា IMF នឹង​បញ្ចុះ​ការ​ព្យាករណ៍​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២១​នេះ​ នៅ​ក្នុង​របាយការណ៍​ប្រមើលមើល​សេដ្ឋកិច្ច​សាកលលោក​ World Economic Outlook ​ដែល​នឹង​ចេញ​ផ្សាយ​នៅពេល​ឆាប់ៗ​ខាងមុខ​ដោយសារ​ការកើនឡើង​នៃការឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​ដែល​បណ្តាល​មកពី​វីរុស​ដែលតា​ឆ្លង​រហ័ស រួម​ជាមួយ​ការកើន​ឡើង​នូវ​បំណុល​និង​អតិផរណា​នៅ​ក្នុង​ប្រទេស​ជាច្រើន។

IMF បាន​ព្យាករណ៍​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​សាកលលោក​ចំនួន៦ភាគរយ​នៅ​ក្នុង​ការ​ប្រមើល​មើល​សេដ្ឋកិច្ច​សាកលលោក​ កាលពី​ខែ​កក្កដា។

លោកស្រីGeorgieve បាន​ថ្លែង​ថា ពិភពលោក​ប្រឈម​ការងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច«ដែល​នៅ​រអាក់រអួល​ដោយ​ការរាតត្បាតនិង​ផលប៉ះពាល់​របស់​វា។ យើង​មិន​អាចដើរ​ទៅមុខ​យ៉ាង​រលូនទេ។ វា​ប្រៀបដូចជា​ការដើរ​ដែល​មាន​ដុំថ្ម​ជាប់ក្នុង​ស្បែក​ជើង​របស់​យើង»។

លោក​ស្រី បាន​មាន​ប្រសាសន៍​ទៀត​ថា សេដ្ឋកិច្ច​សាកល​លោក អាច​ខាតបង់5,3លាន​លាន​ដុល្លារ​ក្នុង​រយៈពេល​៥ឆ្នាំខាងមុខ ប្រសិនបើ​បណ្តា​ប្រទេស​អ្នក​មាន​របស់​ពិភពលោក ខក​ខាន​មិន​ធ្វើ​តាម​ការសន្យា​ដើម្បី​ចែក​រំលែក​វ៉ាក់សាំង​ជាមួយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទេ​នោះ។

លោក​ស្រីថ្លែង​ថា «ប្រសិនបើ​យើង​មិនធ្វើតាម​ការសន្យាទេ ផ្នែក​ដ៏​ធំ​នៃ​ពិភពលោក នៅតែ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ហើយ​សោកនាដកម្មរបស់​មនុស្ស​នៅតែ​បន្ត»។

លោកស្រីGeorgieve ថា ពិភពលោក​អាច​ធ្វើ​ទៅតាម​គោលដៅ​ដែល​កំណត់​ដោយ IMF ដើម្បី​ចាក់​វ៉ាក់សាំង​ឲ្យមនុស្ស​យ៉ាងតិច​ណាស់​ក៏៤០ភាគរយនៅ​ក្នុង​ប្រទេស​ទាំងអស់​នៅ​ចុង​ឆ្នាំ​នេះ និង​ដល់ទៅ​៧០ភាគរយ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០២២៕

(ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press, Agence France-Presse និង Reuters)

XS
SM
MD
LG