ការស្លាប់បុរសអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់នៅពេលត្រូវឃាត់ខ្លួនដោយពួកប៉ូលិសនៅក្នុងក្រុង Minneapolis រដ្ឋ Minnesota កាលពីថ្ងៃទី២៥ខែឧសភាបាននាំឱ្យមានប្រតិកម្មច្រើននៅទូទាំងស.រ.អា.ដោយមានរួមបញ្ចូលទាំងសំណួរមួយអំពីនិយមន័យនៃពាក្យថា«រើសអើងពូជសាសន៍»ដែលមាននៅក្នុងវចនានុក្រមសំខាន់មួយផងដែរ។
បណ្ណាធិការនៃវចនានុក្រមភាសាអង់គ្លេស Merriam-Webster ដែលមានប្រើនៅក្នុងថ្នាក់រៀនការិយាល័យនិងបណ្ណាល័យក្នុងស.រ.អា.បានប្រកាសថាពួកគេនឹងកែសម្រួលឲ្យល្អប្រសើរជាងមុននូវនិយមន័យនៃពាក្យ«រើសអើងពូជសាសន៍»នៅក្នុងការបោះពុម្ពផ្សាយវចនានុក្រមនេះដោយមានរួមបញ្ចូល ទាំងទស្សនៈនៃការ«រើសអើងពូជសាសន៍»ជាប្រព័ន្ធផងដែរ។
សកម្មភាពនេះកើតមានឡើងក្រោយពីមានសំណួររបស់ពួកនិស្សិតដែលបានទទួលបរិញ្ញាបត្រកាលពីពេលថ្មីៗនេះដែលបានលើកឡើងទៅពិភាក្សាជាមួយផ្នែកបោះពុម្ពរបស់វចនានុក្រមនេះដោយបកស្រាយថាពាក្យនេះមានបង្កប់ន័យបីគឺមានបុរេនិច្ឆ័យមានមនោគមវិជ្ជានិងមានកម្មវិធីនយោបាយ។
នៅពេលបាតុកម្មរីករាលដាលក្រោយការស្លាប់លោក George Floyd ដែលជាបុរសស្បែកខ្មៅដែលបានស្លាប់នៅពេលឋិតក្នុងការឃាត់ខ្លួនដោយពួកប៉ូលិសនៅក្នុងក្រុង Minneapolis រដ្ឋMinnesota នោះអ្នកស្រី Kennedy Mitchum ស្ត្រីអាមេរិកាំងដើមកំណើតអាហ្វ្រិកមកពីក្រុង Florissant រដ្ឋ Missouri ជាតំបន់ជាយក្រុង St. Louis បានសរសេអ៊ីម៉ែលទៅបណ្ណាធិការនៃវចនានុក្រមភាសាអង់គ្លេស Merriam-Webster ដោយសុំឱ្យមានការកែប្រែការពណ៌នានិយមន័យនៃពាក្យនេះដែលមានរួមបញ្ចូលនិយមន័យនៃការរើសអើងពូជសាសន៍ជាប្រព័ន្ធផងដែរ។
អ្នកស្រី Kennedy Mitchum ដែលបានទទួលបរិញ្ញាបត្រពីសាកលវិទ្យាល័យ Drake បានសរសេរទៅកាន់ពួកបណ្ណាធិការថា៖«ពាក្យរើសអើងពូជសាសន៍មិនគ្រាន់តែមានន័យបុរេនិច្ឆ័យប្រឆាំងនឹងពូជសាសន៍ណាមួយដោយសារពណ៌សម្បុរស្បែករបស់មនុស្សម្នាក់ទេ។ វាជាបុរេនិច្ឆ័យរួមផ្សំជាមួយអំណាចសង្គមនិងអំណាចស្ថាប័ន។ វាជាប្រព័ន្ធមួយនៃការទាញយកអត្ថប្រយោជន៍ដោយផ្អែកលើពណ៌សម្បុរស្បែក»។
អ្នកស្រី Kennedy Mitchum បាននិយាយប្រាប់កាសែត Des Moines Register ក្នុងរដ្ឋ Iowaថា៖« ខ្ញុំមានអារម្មណ៍ថាមនុស្សច្រើននាក់នៅទូទាំងប្រទេសមិនយល់អំពីទំហំនៃការរើសអើងពូជសាសន៍និងជម្រៅនៃការរើសអើងពូជសាសន៍ហើយបញ្ហានេះរួមបញ្ចូលទាំងវចនានុក្រុមនេះផងដែរ»។
បណ្ណាធិការនៃវចនានុក្រមភាសាអង់គ្លេស Merriam-Webster បានយល់ព្រមកែប្រែការពន្យល់និយមន័យបច្ចុប្បន្នរបស់ពាក្យនេះដោយកត់សម្គាល់ថាពាក្យរើសអើងពូជសាសន៍មានភាពសាំញ៉ាំជាងការជឿរបស់បុគ្គលម្នាក់។
លោក Alex Chambers ដែលជាបណ្ណាធិការម្នាក់នៃវចនានុក្រមនេះបាននិយាយប្រាប់អ្នកស្រីMitchum ថា៖«ជានិច្ចកាលខណៈយើងផ្តោតការយកចិត្តទុកដាក់ទៅលើការឆ្លុះបញ្ចាំងពិតប្រាកដនៃការប្រើពាក្យមួយដោយមិនបង្កប់គំនិតអ្វីមួយនោះយើងបានសន្និដ្ឋានថាការមិនបានគិតដល់ប្រព័ន្ធទិដ្ឋភាពការរើសអើងពូជសាសន៍នោះវានាំឲ្យមានការយល់ឃើញថាពាក្យនេះមានបង្កប់គំនិតអ្វីមួយ»។
លោក Chambers បាននិយាយថានិយមន័យពាក្យនេះបានត្រូវសើរើជាថ្មី«នៅពេលយើងឃើញថាភាសាមានការផ្លាស់ប្តូរខ្លាំង»។
កញ្ញា Regina Brennan ជានិស្សិតជាន់ខ្ពស់នៅឯសាកលវិទ្យាល័យកាតូលិកនៃប្រទេសអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោននិងជាអ្នកចុះធ្វើកម្មសិក្សាជាមួយលោក Robert Casey សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Pennsylvania គាំទ្រនិយមន័យថ្មីនៃពាក្យនេះ។
កញ្ញា Brennan បាននិយាយថាការឱ្យនិយមន័យយថ្មីដល់ពាក្យនេះបញ្ជាក់អំពីការយល់ដឹងជាងមុនអំពីការរើសអើងពូជសាសន៍ដែលជាមេរៀនមួយជាជាងប្រកាន់ខ្ជាប់គោលការណ៍មួយ។
កញ្ញា Regina Brennan បាននិយាយនៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយវីអូអេថា៖«ខ្ញុំតែងតែមានអារម្មណ៍ចង់រំឭកថាការរើសអើងពូជសាសន៍ដូចជាបញ្ហាយែនឌ័របញ្ហាប្រាក់កាសនិងបញ្ហាទំនាក់ទំនងខាងសេដ្ឋកិច្ចដែរគឺជាទស្សនៈផ្អែកលើវប្បធម៌មានកំណើតក្នុងការជឿនិងការអនុវត្តន៍ហើយវាមិនមានមូលដ្ឋានខាងវិទ្យាសាស្ត្រទេ»។
កញ្ញា Brennan បាននិយាយថាទោះណាជាមនុស្សខ្លះប្រហែលយល់ឃើញថាការរើសអើងពូជសាសន៍ជា«អំពើបិសាច»ក៏ដោយក៏មនុស្សជាច្រើនមិនបានពិចារណាថាតើវាជ្រាបចូលក្នុងសង្គមតាមរបៀបណាទេ។ កញ្ញាបាននិយាយយោងដល់ប្រព័ន្ធយុត្តិធម៌និងបរិស្ថានរើសអើងពូជសាសន៍។
កញ្ញាថ្លែងថា៖ «ប្រព័ន្ធវិសមភាពទាំងនេះមិនមែនកើតឡើងដោយចៃដន្យទេ។ ប្រព័ន្ធទាំងនេះបានត្រូវបង្កើតឡើង»។
កញ្ញា Natalie Dodson ជាអ្នកបានទទួលបរិញ្ញាបត្រថ្មីៗពីសាកលវិទ្យាល័យ Dallas ក្នុងរដ្ឋ Texas។ កញ្ញាបាននិយាយថាកញ្ញាមានយោបល់ផ្ទុយពីនិយមន័យថ្មីនៃពាក្យនេះ។
កញ្ញា Natalie Dodson បានពន្យល់ថា៖«ខ្ញុំយល់ថាការរើសអើងពូជសាសន៍បានត្រូវបង្កើតនៅក្នុងប្រព័ន្ធរបស់យើងក្នុងកម្រិតមួយ»។ ក៏ប៉ុន្តែនាងបាននិយាយថានាងក៏មានជំនឿដែរថាជួនកាល«ការបែកបាក់គ្រួសារ»បណ្តាលឱ្យមានឱកាសនៃការរើសអើងពូជសាសន៍ជាប្រព័ន្ធដូចជា«ប្រាក់ចំណូលទាបនិងបញ្ហាក្នុងផ្ទះសម្បែងកាន់តែធ្ងន់ធ្ងរ»។
កញ្ញា Brennan និងកញ្ញា Dodson ជាជនស្បែកស។
លោក Peter Sokolowski ជាបណ្ណាធិការគោចរនៃវចនានុក្រមភាសាអង់គ្លេស Merriam-Webster។ លោកបាននិយាយថានិយមន័យដែលធ្វើឱ្យទាន់សម័យនឹងមានរួមបញ្ចូលឧទាហរណ៍ជាក់លាក់នៃការរើសអើងពូជសាសន៍ជាប្រព័ន្ធផងដែរ។
លោក Chambers បានពោលថាការពណ៌នានិយមន័យឯទៀតៗក៏ត្រូវការការសើរើជាថ្មីដែរដោយសារមានការទាក់ទិនជាមួយការរើសអើងខាងពូជសាសន៍៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ