ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលហេតុ​​ដែល​មន្ត្រី​ប៉ូលិស​អាមេរិក​មាន​ភាព​ស្រដៀង​គ្នា​នឹង​កង​យោធា


រូបឯកសារ៖ រថយន្ត Humvee របស់យោធាអាមេរិកបិទផ្លូវមួយនៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោន​អំឡុងពេលបាតុកម្មពាក់ព័ន្ធនឹងវិសមភាពពូជសាសន៍ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

កម្មវិធី​របស់​មន្ទីរ​បញ្ចកោណ​ដែល​មាន​អាយុ​មួយទសវត្ស​រ៍មក​ហើយ​ ដែល​បាន​ផ្តល់នូវ​អាវុធ​និង​យានយន្ត​យោធា​ដល់​នាយកដ្ឋាន​ប៉ូលិសនានា​ក្នុង​សហរដ្ឋ​អាមេរិក​ កំពុង​ទាក់ទាញ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យជាថ្មី បន្ទាប់​ពី​មាន​ការប្រឆាំងតវ៉ា​អស់​ជា​ច្រើន​សប្តាហ៍ចំពោះ​ការ​ស្លាប់​របស់​បុរសជនជាតិ​អាមេរិកាំងដើម​កំណើត​អាហ្វ្រិក​លោក​ George Floyd នៅ​ក្រោម​ដែន​សមត្ថ​កិច្ច​របស់​ប៉ូលិស​ទីក្រុង​ Minneapolis។

គំនិត​ផ្តួច​ផ្តើម​នោះ​ ដែល​គេ​ស្គាល់​ថា​ជា ​«កម្មវិធី១០៣៣» (1033 program) បាន​ផ្តល់​ឲ្យ​នាយកដ្ឋាន​ប៉ូលិស​(នានា)​នូវ​សម្ភារៈយោធា​ដែល​មាន​តម្លៃ​ជាង​៧ពាន់​លាន​ដុល្លារ​អាមេរិក ចាប់​តាំង​ពី​ឆ្នាំ​១៩៩១​មក ដែល​ក្នុងនោះ​មាន​បរិក្ខារ​យោធា​ដែល​មាន​តម្លៃរា​ប់​រយលាន​ដុល្លារអាមេរិក​ រាប់​ចាប់​ពី​កាំភ្លើង​វែង​ស្វ័យ​ប្រវត្តិ​រហូត​ដល់​រថយន្ត​យោធាដែល​ធន់​នឹង​គ្រាប់​មីន​ទម្ងន់​៤០តោន​ ដែល​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​កងទ័ព​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ប្រទេស​អ៊ីរ៉ាក់។

មន្រ្តី​អនុវត្តច្បាប់​ក្នុង​ស្រុក​បាន​ថ្លែង​ការពារ​នូវ​កម្មវិធី​នេះ​ ដោយ​និយាយ​ថា​ គ្រឿង​បរិក្ខា​រយោធា​ទាំង​នេះ​បាន​ជួយ​ការពារ​ជិវិត​មនុស្ស និង​ជួយ​ឲ្យ​ប៉ូលិស​មាន​លទ្ធភាព​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ភាព​អាសន្ន​ផ្សេងៗ។ ប៉ុន្តែអ្នករិះគ​ន់បាន​លើក​ឡើង​ថា​ គ្រឿង​ឧបករណ៍​ទាំង​នេះ​លើក​ទឹក​ចិត្ត​មន្រ្តី​ប៉ូលិស​ឲ្យប្រើ​ប្រាស់​នូវ​របៀបដៃ​ធ្ងន់​ជាមួយ​គ្រឿង​អាវុធ​ទាំង​នេះ​ក្នុង​អំឡុង​ពេល​នៃ​ការ​ស្រាវ​ជ្រាវ​បង្រ្កាបគ្រឿង​ញៀន​ធម្មតា​ និងការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ ដូច​ជា ​ករណីនៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ស្លាប់​របស់​លោក​ Floyd ជា​ដើម។ ​

ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​របស់​សាធារណជន​ ដែល​ថា​ កម្មវិធី​១០៣៣​បាន​ជួយជំរុញ ដល់​ស្ថាប័ន​ប៉ូលិសប្រែ​ក្លាយទៅ​ជា​មាន​លក្ខណៈ​យោធា​នោះ ​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ក្នុង​ឆ្នាំ​២០១៥​ បាន​ដាក់​កម្រិត​យ៉ាង​ខ្លាំង​ដល់​កម្មវិធី​នេះ​ ដោយ​ហាម​ប្រាម​ដល់​ការ​ផ្តល់​ឲ្យ​ប៉ូលិសនូវ​ជំពុះ​ទង់​ កាំភ្លើង​បាញ់​គ្រាប់​បែក ​គ្រឿង​បរិក្ខា​រយោធា​ និង​កាំភ្លើង​ជា​ច្រើន​ប្រភេទ​ផ្សេងៗទៀត​។ នាយកដ្ឋាន​ប៉ូលិស​នៅ​ពេល​នោះបាន​ប្រគល់​ត្រឡប់​មក​វិញ​នូវ​រថ​យន្ត​យោធា​ចំនួន​១២៦​គ្រឿង​ កាំភ្លើង​បាញ់​គ្រាប់​បែក​ចំនួន​១៣៨ និង​ជំពុះទង់​ចំនួន​១.៦២៣។ ​

ប៉ុន្តែ​ក្រោយ​មក​ទៀត​លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump បាន​លុប​ចោល​នូវ​បម្រាម​នោះ​វិញ​ក្នុង​ខែ​សីហា​ឆ្នាំ​២០១៧​ ដោយ​អតីត​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​លោក Jeff Sessions បាន​បដិសេធ​នូវ​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋ​បាល​លោក​អតីត​ប្រធានាធិបតី​ Obama ដែលថា​ កម្មវិធី​នេះ ថាមាន​ភាព​ «មិនប្រាកដប្រជា» និង​បាន​រិះគន់​ចំពោះ​ការ​ដាក់​កម្រិត​ដល់​ឧបករណ៍សម្រាប់​«ជួយ​សង្គ្រោះ​ជីវិត​នេះ»។

ចាប់​តាំង​ពី​ពេល​នោះ​មក​ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ផ្តល់​នូវទឹក​ប្រាក់​បន្ថែម ប្រមាណ​១ពាន់​លានដុល្លារ​អាមេរិក ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា «ទ្រព្យ​សម្បត្តិ​លើស​សេចក្តី​ត្រូវ​ការ» ទៅ​ឲ្យ​នាយកដ្ឋាន​ប៉ូលិស​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​ភស្តុភារ​កាពារ​ជាតិ Defense Logistics Agency (DLA)។ ​

ដោយ​ពឹង​ផ្អែក​លើ​ជំនួយ​បរិក្ខា​រយោធា​ មន្ត្រីប៉ូលិស​ដែល​ប្រដាប់​ដោយ​បរិក្ខា​របង្រ្កាប​កុបកម្ម​ ត្រូវបាន​ដាក់ពង្រាយ​នៅ​ជុំវិញ​ប្រទេស​ ដែល​នាំ​ឲ្យ​មាន​ការ​ប្រដូច​កម្លាំងប៉ូលិស​ទៅ​នឹង​កង​យោធា។​ នៅ​កន្លែង​ខ្លះ​ក្នុង​សហរដ្ឋអាមេរិក​ ប៉ូលិស​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​គ្រាប់​បែក​ភ្លើង ថ្នាំ​បាញ់​ធ្វើ​ឲ្យ​ផ្សា​ភ្នែក និងគ្រាប់​កាំភ្លើង​ជ័រ​ជា​ដើមក្នុង​ការ​បំបែក​ក្រុមបាតុករ។​

ការ​បង្ហាញ​នូវ​កម្លាំង​នេះ​ អាច​បញ្ជាក់​ថា នាយក​ដ្ឋាន​ប៉ូលិស​ជា​ច្រើន​មិន​បាន​ «ទទួល​សារ​» ដែល​ថា​ក្រុម​បាតុករ​កំពុង​តវ៉ា​ចំពោះ​វិធីដែល​ប៉ូលិស​ប្រើ​ប្រាស់​បរិក្ខារធុន​ធ្ងន់ក្នុង​ការ​បង្ក្រាប​ពួក​គេ នេះ​បើ​តាម​ការលើក​ឡើង​របស់​លោក Tom Nolan អតីត​មន្រ្តី​ប៉ូលិស​ទី​ក្រុង Boston ហើយ​បច្ចុប្បន្ន​ជា​សាស្រ្តាចារ្យ​មុខ​វិជ្ជា​សង្គមវិទ្យា​នៃមហា​វិទ្យា​ល័យ ​Emmanuel។

«កម្រិត​នៃ​ការ​ធ្វើ​សកម្មភាព​ដូច​យោធា​របស់​ប៉ូលិស​ ដែល​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ ដើម្បី​ឆ្លើយ​តប​នឹង​កម្រិត​នៃ​ការ​កើន​ឡើងការ​ប្រឆាំង​តវ៉ា​ គឺ​ខ្លាំង​ជាង​និង​មានទ្រង់​ទ្រាយ​ធំ​ជាង​អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​ឆ្នាំ២០១៤»​ នេះ​បើតាម​សម្តី​របស់​លោក Nolan ដែល​រំឭក​ដល់​ការ​ប្រឆាំង​តវ៉ា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៤ ​ក្រោយ​បុរស​ស្បែក​ខ្មៅវ័យ​ក្មេង​ម្នាក់​ឈ្មោះ Michael Brown ត្រូវ​បាន​មន្រ្តី​ប៉ូលិសស្បែក​ស​លោក Darren Wilson បាញ់​សម្លាប់​ក្នុង​ទីក្រុង Ferguson​ រដ្ឋ​ Missouri។

ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ទាំង​នេះ​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​ពី​ភាព​តាន​តឹង​រវា​ង​ប៉ូលិស​និង​សហគមន៍​ពលរដ្ឋអាមេរិក​ដែល​មាន​ដើម​កំណើត​អាហ្វ្រិក​ ការ​ធ្វើ​សកម្ម​ភាព​របស់​ប៉ូលិស​ដូច​ កង​យោធា​ និង​ការ​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ។

មន្រ្តី​អនុវត្ត​ច្បាប់​ក្នុង​ស្រុក​មួយ​ចំនួន​និយាយ​ថា​ វា​មិន​ត្រឹម​ត្រូវ​ទេ​ក្នុង​ការ​ស្តី​បន្ទោស​ដល់​ការ​ប្រើ​ប្រាស់​ឧបករណ៍​យោធាដែល​មាន​កម្លាំង​ហួស​ហេតុ​ដោយ​ប៉ូលិស​នោះ។​

«គ្រឿង​ឧបករណ៍​បរិក្ខារមិន​មែន​ជា​បញ្ហា​នោះ​ទេ​» នេះ​បើ​តាម​លោក​ Art Acevedo​ប្រធាន​ប៉ូលិស​ទីក្រុង​ Houston និង​ជា​ប្រធាន​សមាគមន៍​ Major Cities Chiefs Association ។ ​

លោក​ Acevedo បន្ថែម​ទៀត​ថា ​ក្នុង​ទី​ក្រុង​ San Marcos រដ្ឋ​តិចសាស​ ប៉ូលិស​បាន​ប្រើ​ប្រាស់​រថ​យន្តយោធា​ដែល​ធន់នឹង​គ្រាប់​មីន​ ឬ​ MRAP ដើម្បី​ជួយ​សង្គ្រោះ​ក្រុម​កុមារ​ក្នុង​អំឡុង​ពេល​មាន​ទឹក​ជំនន់​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ឆ្នាំ​២០១៥។ កាល​ពី​ឆ្នាំ​ទៅ​ ក្នុងទី​ក្រុង Dayton ​រដ្ឋ ​Ohio ប៉ូលិស​ដែល​ប្រដាប់​ដោយ​កាំ​ភ្លើង​វែង ​ដែល​មាន​លក្ខណៈជា​កាំភ្លើង​យោធា​នោះ​ បាន​បាញ់​សម្លាប់​ជន​សង្ស័យ​ម្នាក់​ដែលបាន​សម្លាប់មនុស្ស​ចំនួន​៩​នាក់​។​ ​

ក្នុង​ទី​ក្រុង Houston ​ដែល​ជា​ទី​ក្រុងធំ​បំផុតទី​៤​ក្នុង​សហរដ្ឋ​អាមេរិក​ មន្រ្តី​ប៉ូលិស​មិន​ទាន់បាន​ប្រើ​ប្រាស់​រថ​យន្តយោធា MRAP ឬ​រថ​យន្ត​ Humvees នៅ​ឡើយ​ទេ។​

ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក Acevedo ​បាន​និយាយ​ថា​ ការ​ប្រើ​ប្រាស់​បរិក្ខា​រយោធា​របស់​ប៉ូលិស​នៅ​តែ​ «ជា​បញ្ហា​សម​ស្រប» និង​អាច​ជា​ប្រធាន​បទ​នៃ​ការ​ពិភាក្សា​គ្នា​។​

លោក​ Acevedo បាន​បន្តក្នុង​សម្តី​ដើម​ថា៖ «អ្វី​ដែល​យើង​ត្រូវ​គិតគឺ​ឧបករណ៍​ដែល​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​មន្រ្តី​អនុវត្ត​ច្បាប់ទៅ​វិញ​ទេ។ តើ​ឧបករណ៍​នោះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ដោយ​របៀប​ណា​ ហើយ​ថា​តើ​គោល​ការណ៏​ច្បាប់និង​នីតិវិធី​នៃ​ការប្រើ​ប្រាស់​ឧបករណ៍​ទាំង​នោះ​មាន​ដូច​ម្តេច​ខ្លះ?​ អ្វី​ជា​ការ​មើល​រំលង​ ហើយ​ការ​បញ្ជា​និង​ការ​គ្រប់​គ្រង​មាន​លក្ខណៈ​ដូច​មេ្តច?»

បញ្ហាដែល​មាន​ឫស​គល់​ក្នុង​ទសវត្ស​រ៍ ១៩៦០

ការ​ប្រើ​ប្រាស់​ឧបករណ៍​យោធា​ដោយ​ប៉ូលិស​បាន​កើត​មាន​ឡើង​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៦០​មក​ម្ល៉េះ នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​ជា​លើក​ដំបូង​ដល់​នាយកដ្ឋាន​ប៉ូលិស​ ដើម្បី​ទិញ​ឧបករណ៍យោធា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឧក្រិដ្ឋ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ សកម្ម​ភាព​នេះ​មិន​បាន​ចាប់​ផ្តើម​ភ្លាមៗទេ រហូត​ដល់​ឆ្នាំ​១៩៨៩​ នៅ​ពេល​ដែល​សភា​អាមេរិក​ បាន​អនុញ្ញាត​ឲ្យ​មាន​ការផ្តល់​ឧបករណ៍​យោធា​ដែល​ផលិត​លើស​សេចក្តី​ត្រូវ​ការ​របស់​យោធាទៅ​ឲ្យ​នាយកដ្ឋាន​ប៉ូលិស​ ដែល​ក្រោយ​មក​គេ​ស្គាល់​កម្មវិធីនោះថា​ជា​កម្មវិធី​១០៣៣។

បើ​យោង​តាម​លោក​ Nola អ្វី​ដែល​ជំរុញ​ឲ្យ​មាន​កម្មវិធី​នេះ​ឡើង​ គឺ​កាលនោះ​ប្រទេស​អាមេរិកកំពុង​ធ្វើ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​ នៅ​ពេល​ដែល​អាវុធ​របស់​ប៉ូលិស​នៅ​ពេល​នោះ​ មាន​លក្ខណៈ​អន់​ជាង​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន ដែល​ប្រដាប់​ដោយ​អាវុធ​ស្វ័យ​ប្រវត្តិ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ប៉ូលិស។

នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​វាយ​ប្រហារ​ដោយ​អំពើ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា​ឆ្នាំ​២០០១​ ការ​ប្រើ​ប្រាស់​ឧបករណ៍​យោធា​ដោយ​ប៉ូលិស​ ត្រូវ​បាន​ពង្រីក​កាន់​តែ​ធំថែម​ទៀត​ នៅ​ពេល​ដែល​រដ្ឋាភិបាល​សហព័ន្ធ​ បាន​ផ្តល់​ថវិការ​រាប់​ពាន់​លាន​ដុល្លារ​ ដើម្បី​ទិញ​អាវុធ​ឲ្យ​នាយដ្ឋាន​ប៉ូលិស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ ដោយ​បាន​ផ្លាស់​ប្តូរ​ក្រុម​ប៉ូលិស​ពី​ភ្នាក់​ងារ​អនុវត្ត​ច្បាប់​ទៅ​ជា​ «កង​កម្លាំង​ជួរមុខ​ក្នុង​សង្រ្គាម​ប្រឆាំង​ភេរវកម្ម​» នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Nolan ។​

ទោះ​បី​ក្រសួង​សន្តិសុខ​មាតុភូមិ​ និង​ក្រសួង​យុត្តិធម៌បាន​ផ្តល់​លុយ​យ៉ាង​ច្រើន​ដល់​មន្ត្រីអនុវត្ត​ច្បាប់​ក្នុង​ស្រុក​ក្តី ​ក៏​នាយកដ្ឋាន​ប៉ូលិស​មើល​ឃើញ​ជា​យូរ​មក​ហើយ​ថា កម្មវិធី​១០៣៣ មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​នូវ​ឧបករណ៍​ជា​មួយ​លក្ខខណ្ឌ​ភ្ជាប់​តែ​ពីរ​បី​តែ​ប៉ុណ្ណោះ។​ ក្នុង​ឆ្នាំ​២០១៧​ ការិយាល័យ​គណនេយ្យភាព​ទូទៅ (General Accounting Office) បាន​បង្កើតទី​ភ្នាក់​ងារ​សហព័ន្ធ​មួយ​ ដោយ​មាន​លទ្ធភាព​ប្រមូល​យក​គ្រប់​គ្រង​នូវ​ឧបករណ៍​ប្រមាណ​ជាង​១០០​មុខ​ ដែល​មាន​តម្លៃ​ប៉ាន់​ស្មាន​ប្រហែល​១,២លាន​ដុល្លារ។

លោក​ Carl Takei មេធាវី​ជាន់ខ្ពស់​នៃ​សហជីព​ American Civil Liberties ឬ ACLU ដែល​ផ្តោតលើ​សកម្ម​ភាពអនុវត្ត​របស់​ប៉ូលិស​បាន​និយាយថា៖ «វា​ដូច​ជា​សៀវភៅ​catalog (រាយបញ្ជី) មួយ​ក្បាល​ដែល​យើង​អាចជ្រើស​រើសបាន​នូវ​ឧបករណ៍​ទាំង​នោះដោយសេរី»។​

រហូត​មក​ដល់​ពេល​នេះ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ផ្តល់​ឧបករណ៍​យោធា​ដែល​មាន​តម្លៃ​ប្រមាណ​៧,៥​ពាន់លាន​ដុល្លារ​ដល់​នាយកដ្ឋាន​ប៉ូលិស​ចំនួន​ប្រមាណ​៨.២០០​នាយកដ្ឋាន នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​ភស្តុភារ​ការពារ​ជាតិ។​ ទី​ភ្នាក់ងារ​នេះបាន​ឲ្យដឹង​ទៀត​ថា​ ជា​ទូទៅ​ អាវុធ​ធុនតូចមាន​ចំនួន​៥ភាគរយ និង​រថយន្ត​យោធា​ធុន​ធ្ងន់​មាន​ចំនួន​តិច​ជាង​១ភាគរយ នៃ​ឧបករណ៍ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ប៉ូលិស៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG