ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អាមេរិក​ជិត​ឈាន​ដល់​ការ​បោះឆ្នោត​លើ​សេចក្តី​ព្រាង​​ច្បាប់​កំណែទម្រង់​ស្ថាប័ន​ប៉ូលិស


រូបឯកសារ៖ វិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ វិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

សេចក្តី​ព្រាង​ច្បាប់តាក់​តែង​ឡើង​ដោយ​សមាជិក​សភា​ពី​គណបក្ស​ប្រជាធិបតេយ្យ ​និងគណបក្ស​សាធារណរដ្ឋ​ កាន់​តែ​ឈានទៅ​មុខ ដោយ​ទាំងរដ្ឋសភា​និងព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក គ្រោង​នឹង​ធ្វើ​ការ​បោះឆ្នោតសម្រេច​លើ​សេចក្តី​ព្រាងច្បាប់ទាំង​ពីរ​នេះ​ នៅ​សប្តាហ៍​ក្រោយ។​

គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ពុធ​ បានអនុម័ត​សំណើនេះ ដែល​នឹង​បញ្ជូនបន្ត​ទៅ​ឲ្យរដ្ឋសភាទាំង​មូល​ បោះឆ្នោត​លើ​សេចក្តី​ព្រាងច្បាប់​ដែល​នឹង​ហាម​ឃាត់​ប៉ូលិស​មិន​ឲ្យ​ប្រើ​វិធី​ច្របាច់​ក រឹតត្បិត​ករណី​ដែល​ប៉ូលិស​អាច​រួច​ទោស ​ដែល​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​មាន​លទ្ធភាព​ច្រើន​ជាង​មុន ក្នុង​ការ​ប្តឹងទារ​សំណង​ពី​មន្ត្រី​ប៉ូលិស។

ប្រធាន​ព្រឹទ្ធសភា​លោក Mitch McConnell ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា សេចក្តី​ព្រាង​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​បក្ស​សាធារណរដ្ឋ​ ក៏​នឹង​ឈាន​ដល់​ការ​បោះឆ្នោត។​

សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​នឹង​តម្រូវ​ឲ្យ​អាជ្ញាធរ​ថ្នាក់​រដ្ឋ ​និង​មូលដ្ឋាន​ ត្រូវ​រាយការណ៍​ទៅ​ក្រសួង​យុត្តិធម៌​នូវ​រាល់​ការ​ប្រើ​ដីកា​ដែល​អនុញ្ញាត​ឲ្យ​ប៉ូលិស​ចូល​ឆែកឆេរ​កន្លែង​សង្ស័យ​ជន​ឧក្រិដ្ឋ​ ដោយ​មិន​ប្រាប់​ជា​មុន។ សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​នឹង​រឹតត្បិត​ថវិកា​ដល់​ស្ថាប័ន​ប៉ូលិស​ណា ​ដែល​មិនមាន​គោលនយោបាយ​ហាម​ឃាត់​ការ​ប្រើវិធី​ច្របាច់​ក។​

ទាំង​បក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​គាំទ្រ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​មួយ ​ដែល​នឹង​សិក្សាឫស​គល់​នៃ​ឧក្រិដ្ឋកម្ម​ ដែល​ត្រូវ​គេ​ប្រព្រឹត្ត​នៅ​ក្នុង​សហគមន៍​ពលរដ្ឋ​ភាគ​តិច។

សកម្មភាព​ប្រញាប់ប្រញាល់​របស់​ស្ថាប័ន​សភា​អាមេរិក​ក្នុង​ការ​សម្រេច​លើ​សេចក្តី​ព្រាង​ច្បាប់​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​នេះ កើត​មាន​ឡើង ​ខណៈ​មាន​ការ​បន្ត​ធ្វើ​បាតុកម្ម​ទូទាំង​សហរដ្ឋ​អាមេរិក​ ដើម្បី​ទាមទារយុត្តិធម៌​ឲ្យ​លោក George Floyd ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ ដែល​បាន​ស្លាប់​ក្រោម​សមត្ថកិច្ច​ប៉ូលិស​ស្បែក​ស​ក្រុង Minneapolis កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា៕

XS
SM
MD
LG