បញ្ហាកំណែទម្រង់ប៉ូលិសគឺជាចំណុចផ្ដោតនៅក្នុងសភាសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ នៅពេលដែលសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបង្ហាញអំពីកិច្ចប្រឹងប្រែងរបស់ពួកគេនៅក្នុងការដោះស្រាយបញ្ហាជាតិសាសន៍ក្នុងផ្នែកអនុវត្តច្បាប់ ហើយសមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាបានស្នើសំណើច្បាប់របស់ខ្លួនផ្ទាល់ផងដែរ។
អស់រយៈពេលជាង ៣ សប្ដាហ៍មកហើយ បន្ទាប់ពីការស្លាប់របស់លោក George Flyod ពេលស្ថិតក្រោមសមត្ថកិច្ចរបស់ប៉ូលិស បានបង្កឲ្យមានការតវ៉ានៅទូទាំងប្រទេសមក សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ លោក Tim Scott ត្រូវគេរំពឹងថានឹងស្នើសំណើច្បាប់មួយដែលរារាំងមិនឲ្យប្រើវិធីរឹតក តម្រូវឲ្យនាយកដ្ឋានប៉ូលិសបញ្ចេញព័ត៌មានបន្ថែមអំពីការប្រើកម្លាំង និងការប្រើដីកាចូលឆែកឆេរដោយមិនជូនដំណឹងជាមុន និងលើកទឹកចិត្តឲ្យមានការបំពាក់កាមេរ៉ាលើខ្លួនប៉ូលិសបន្ថែមទៀត និងការបណ្ដុះបណ្ដាលប្រសើរជាងមុន។
ចំណែកឯគណបក្សប្រជាធិបតេយ្យវិញ ត្រូវគេរំពឹងថា នឹងពិភាក្សាអំពីសំណើច្បាប់មួយនៅក្នុងគណៈកម្មាធិការតុលាការនៃរដ្ឋសភា ដែលសំណើច្បាប់នេះនឹងរារាំងមិនឲ្យប្រើវិធីរឹតក បង្កើតស្ដង់ដាតឹងតែងជាងមុនសម្រាប់ការប្រើកម្លាំងបែបប្រល័យ និងធ្វើឲ្យជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះមានភាពងាយស្រួលជាងមុននៅក្នុងការប្ដឹងប្រឆាំងនឹងមន្ត្រីប៉ូលិស។
កាលពីថ្ងៃអង្គារម្សិលមិញ លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលផ្ដល់ថវិកាសហព័ន្ធដល់នាយកដ្ឋានប៉ូលិសណាដែលយល់ព្រមឲ្យមានការត្រួតពិនិត្យពីខាងក្រៅ និងដាក់កំហិតចំពោះការប្រើវិធីរឹតក៕