ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​ផ្ទៃ​ទឹក៖ ទន្លេ​មេគង្គ​ក្លាយ​ជា​ចំណុច​ប្រឈម​នៃ​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​ចិន


រូបឯកសារ៖ ជីវិតលើទូកនេសាទរបស់ប្រជាជនខ្មែរឥស្លាម ដែលសំចតនៅច្រាំងទន្លេមេគង្គ ភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/វីអូអេ)

កាលពី​ពេលថ្មីៗនេះ ការប្រជែង​គ្នា​រវាង​ប្រទេស​មហា​អំណាច​ទាំងពីរ បាន​ឈាន​ដល់​ការវែកញែក​ផ្នែក​វិទ្យាសាស្ត្រ។ រដ្ឋាភិបាល​ស.រ.អា និង​រដ្ឋាភិបាល​ចិន បាន​លើក​ឡើង​ពី​របាយការណ៍​ផ្សេង​គ្នា​អំពី​ថា តើ​ទំនប់​ទឹក​ទាំង ១១ របស់​ចិន​នៅ​លើ​ទន្លេ​មេគង្គ​ប៉ះពាល់​ដល់​ប្រទេស​នានា​នៅ​ទន្លេ​មេគង្គ​ខាងក្រោម ឬក៏​យ៉ាងណា​នោះ។

ទន្លេ​មេគង្គ​ក្លាយ​ជា​ចំណុច​ប្រឈម​ថ្មី​មួយ​នៃ​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ប្រៀប​ជាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ទាំង​ក្នុង​ការ​ចំណាយ និង​ឥទ្ធិពល​ទៅ​លើ​បណ្ដា​ប្រទេស​នៅ​ទន្លេ​មេគង្គ​ក្រោម ដើម្បី​ទទួល​បាន​ការ​គ្រប់គ្រង​លើ​ផ្ទៃ​ទឹក​នៃ​ទន្លេ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​បរិស្ថាន និង​មន្ត្រី​នានា។

នេះ​ គឺជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កំពុងតែ​បរាជ័យ ទោះបីជា​នៅ​រក្សា​មូលនិធិ​មួយ​ផ្នែក​ធំ​សម្រាប់​កម្មវិធី​សម័យ​លោក​ប្រធានាធិបតី Barack Obama ដែល​ផ្ដោត​លើ​បរិស្ថាន និង​ការ​អភិវឌ្ឍ​នៅ​តំបន់​ទន្ល​មេគង្គ​ក្រោម​ក៏​ដោយ។

កាល​ពី​ពេល​ថ្មីៗ​នេះ ការ​ប្រជែង​គ្នា​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ​ បាន​ឈាន​ដល់​ការ​វែកញែក​ផ្នែក​វិទ្យាសាស្ត្រ។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​ចិន បាន​លើក​ឡើង​ពី​របាយការណ៍​ផ្សេង​គ្នា​អំពី​ថា​តើ​ទំនប់​ទឹក​ទាំង ១១ របស់​ចិន​នៅ​លើ​ទន្លេ​មេគង្គ​ប៉ះពាល់​ដល់​ប្រទេស​នានា​នៅ​ទន្លេ​មេគង្គ​ខាង​ក្រោម​ឬ​ក៏​យ៉ាង​ណា​នោះ។

ទំនប់​ទឹក​ទាំង​នេះ​របស់​ចិន​នឹង​ធ្វើ​ឱ្យ​ចិន​មាន​ការ​គ្រប់គ្រង​ទូលំទូលាយ​លើ​លំហូរ​ទឹក​ដែល​ហូរ​ចុះ​កាត់​តាម​ប្រទេស​ឡាវ មីយ៉ានម៉ា ថៃ កម្ពុជា និង​វៀតណាម ដែល​ប្រទេស​ទាំង​នេះ​បាន​ពឹងផ្អែក​លើ​ទឹក​ទន្លេ​នេះ​ជា​យូរ​មក​ហើយ​សម្រាប់​ការ​ធ្វើ​កសិកម្ម ការ​នេសាទ និង​វារីអគ្គិសនី​ដែល​កំពុង​តែ​មាន​កំណើន​នៅ​ក្នុង​ប្រទេស​ឡាវ។

រូបឯកសារ៖ ការសាងសង់​ទំនប់វារី​អគ្គិសនី​សាយ៉ាប៊ូរី​របស់​ឡាវ ​នៅឆ្នាំ​២០១៩។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ការសាងសង់​ទំនប់វារី​អគ្គិសនី​សាយ៉ាប៊ូរី​របស់​ឡាវ ​នៅឆ្នាំ​២០១៩។ (ស៊ុន ណារិន/វីអូអេ)

ការ​គ្រប់គ្រង​លំហូរ​ទឹក​នេះ​ធ្វើ​ឱ្យ​ចិន​អាច​កំណត់​នូវ​របៀបវារៈ​សម្រាប់​ការ​អភិវឌ្ឍ​ដែល​ភ្ជាប់​ទៅ​នឹង​ផ្លូវ​ទឹក​នេះ និង​ដើម្បី​ផ្ដាច់​សហរដ្ឋអាមេរិក​កុំ​ឲ្យ​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​នេះ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​លើក​កម្ពស់​គម្រោង​ទន្លេ​មេគង្គ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មក ដើម្បី​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ជះ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

លោក Witoon Permpongsacharoen នៃ​អង្គការ​បណ្តាញ​ថាមពល​ទន្លេមេគង្គ និង​អេកូឡូស៊ី (Mekong Energy and Ecology Network) បាន​បញ្ជាក់​ដូច្នេះ​ថា៖ «បញ្ហា​នេះ​ កំពុង​ក្លាយជា​បញ្ហា​ភូមិសាស្ត្រ​នយោបាយ ដែល​ស្រដៀង​ទៅ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ដូច្នេះ​ដែរ»។

បញ្ហា​ទន្លេ​មេគង្គ​គឺជា​ក្តីបារម្ភ​បន្ទាន់​មួយ​សម្រាប់​មនុស្ស​ប្រមាណ ៦០ លាន​នាក់ ដែល​ពឹងផ្អែក​លើ​ទន្លេ​នេះ​សម្រាប់​ការ​ធ្វើ​ស្រែចម្ការ និង​ការ​នេសាទ ដោយសារ​តែ​វា​ហូរ​ចុះ​ពី​ប្រទេស​ចិន​កាត់​តាម​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ មុន​ពេល​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​ពី​តំបន់​ដី​សណ្ដ​នៃ​ទន្លេ​នេះ​នៅ​ប្រទេស​វៀតណាម។

កាលពី​ឆ្នាំ​មុន មាន​គ្រោះរាំងស្ងួត​កើតឡើង ដោយ​ទឹក​ទន្លេ​មេគង្គ​មាន​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រយៈពេល​រាប់ទសវត្សរ៍​មក​នេះ។ គេ​ឃើញ​មាន​សេចក្ដីរាយការណ៍​រាប់​ឆ្នាំ​មក​ហើយ​ថា ចំនួន​ត្រី​ដែល​នេសាទ​បាន​មាន​កាន់តែ​តិច​ទៅៗ។

ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក​មួយ​រូប​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​នេះ​បាន​និយាយ​ថា ប្រទេស​ចិន​ «បាន​ប្រមូល​ស្តុក» ទឹក​នៅ​ក្នុង​ទំនប់​ទឹក​ទាំង ១១ របស់​ខ្លួន​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ ដែល​មាន​ប្រវែង ៤.៣៥០ គ.ម. នេះ ដែល​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ។

ប្រទេស​ចិន​ក៏​បាន​បង្កើន​ផង​ដែរ​នូវ​សកម្មភាព​នៃ​ក្រុម​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡានឆាង ដែល​ហៅ​កាត់​ថា​ក្រុម LMC របស់​ខ្លួន។ ក្រុម​នេះ​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ថ្មី​មួយ ដែល​ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក​មួយ​រូប​ទៀត​បាន​ប្រឆាំង​ទៅ​នឹង​ស្ថាប័ន​នេះ​ថា​បាន​ព្យាយាម «រំខាន» ដល់​កិច្ចការ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​អស់ ២៥ ឆ្នាំ​មក​ហើយ។

គណៈកម្មការ​ទន្លេ​មេគង្គ​ចាប់​កំណើត​ចេញ​ពី​កិច្ចប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់។ គណៈកម្មការ​នេះ​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​ឡាវ ថៃ កម្ពុជា និង​វៀតណាម ដើម្បី​ជំរុញ​ការ​ចែករំលែក និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​លើ​ទន្លេ​មេគង្គ និង​ធនធាន​នានា​របស់​ទន្លេ​នេះ។

ក្រសួង​ការបរទេស​ចិន​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ការ​លើក​ឡើង​ណា​មួយ​របស់​សហរដ្ឋអាមេរិក​ដែល​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្យាយាម​ដណ្តើម​គ្រប់គ្រង​លើ​គណៈកម្មការ​នេះ​គឺ​ជា​រឿង​ដែល​មិន​មាន​មូលដ្ឋាន។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ថា៖ «ប្រទេស​នានា​ដែល​នៅ​ក្រៅ​តំបន់​នេះ​គួរតែ​ចៀសវាង​ការ​បង្ក​ឱ្យ​មាន​បញ្ហា​ដោយ​គ្មាន​មូលដ្ឋាន»។

«បំណង​អាក្រក់»

ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាន​បង្ក​ទៅ​ជា​សង្គ្រាម​ពាក្យ​សម្តី បន្ទាប់​ពី​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ បាន​សន្និដ្ឋាន​ថា ទំនប់ទឹក​របស់​ចិន​បាន​ទប់​ទឹក​មិន​ឱ្យ​ហូរ នៅ​ពេល​មាន​គ្រោះរាំងស្ងួត​កាលពី​ឆ្នាំ​មុន។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Eyes on Earth ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ និង​ប្រឹក្សាយោបល់​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​មាន​ជំនាញ​ផ្នែក​ទឹក។ ការ​សិក្សាស្រាវជ្រាវ​នេះ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ដូច្នេះ​ដោយ​ផ្អែក​លើ​រូបភាព​ផ្កាយរណប និង​ទិន្នន័យ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ដែល​បាន​បង្ហាញ​ថា «មិន​មាន» លំហូរ​ទឹក​ហូរ​ចុះ​មក​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​នោះ​ទេ ដោយ​ប្រហែលជា​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​និយាយ​ថា លោក «មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង» ចំពោះ​ការ​រកឃើញ​នេះ។

លោក Murphy បាន​ប្រាប់​សារព័ត៌មាន Reuters ដោយ​សំដៅ​លើ​ប្រតិកម្ម​ចំពោះ​ការ​បង្ហាញ​ពី​ការ​រកឃើញ​ខាង​លើ​នេះ​ថា៖ «នៅ​ទីនេះ​ក៏​ដូចគ្នា​ដែរ​នៅ​ក្នុង​តំបន់»។

លោក Murphy បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ដើម្បី​ស្វែងយល់​ពី​ប្រភព​ចម្បង​នៃ​ការ​ធ្លាក់ចុះ​កម្រិត​ទឹក​ទន្លេ​មេគង្គ និង​ការ​ផ្លាស់ប្តូរ​នៅ​ផ្នែក​ទន្លេ​មេគង្គ​ខាង​ក្រោម វា​គឺ​ជា​អ្វី​ដែល​កំពុង​តែ​កើតឡើង​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ចិន ជាពិសេស​គឺ​មាន​ការ​ស្តុក​ទឹក​ទុក»។

ប្រទេស​ចិន​បាន​មាន​ប្រតិកម្ម​នឹង​ការ​រកឃើញ​នេះ​ដោយ​កំហឹង ដោយ​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ បាន​រិះគន់​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ថា៖ «មាន​ចរិត​នយោបាយ និង​មាន​បំណង​អាក្រក់​សំដៅ​លើ​ប្រទេស​ចិន»។ ការ​ចោទប្រកាន់​បែប​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​អ្នក​និពន្ធ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ និង​មន្ត្រី​អាមេរិកាំង។

បន្ទាប់​មក នៅ​ពាក់​កណ្តាល​ខែ​កក្កដា សារព័ត៌មាន Global Times របស់​ចិន​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​អំពី​ការ​សិក្សាស្រាវជ្រាវ​របស់​ចិន​ដែល​ខ្លួន​ចាត់ទុក​ថា​ជា​ការ​បដិសេធ​ទៅ​លើ​របាយការណ៍​របស់​ក្រុមហ៊ុន Eyes on Earth។

ចំណងជើង​ក្នុង​កាសែត​មួយ​ចេញ​ផ្សាយ​ដោយ​កាសែត People’s Daily ដែល​ជា​កាសែត​ផ្លូវការ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន បាន​សរសេរ​ថា៖ «ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ទំនប់​ទឹក​ទន្លេ​នៅ​ក្នុង​ប្រទេស​ចិន​ជួយ​កាត់​បន្ថយ​គ្រោះរាំងស្ងួត»។

ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​សិក្សា​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Tsinghua និង​វិទ្យាស្ថាន​ធនធាន​ទឹក​ចិន​បាន​រក​ឃើញ​ថា តាម​ពិត​ទំនប់ទឹក​ចិន​នៅ​ពេល​អនាគត​អាច​នឹង​ជួយ​កាត់​បន្ថយ​គ្រោះរាំងស្ងួត ប៉ុន្តែ​មិនមែន​នៅ​ក្នុង​ឆ្នាំ ២០១៩ នោះ​ទេ។ នេះ​បើ​យោង​តាម​ច្បាប់​ចម្លង​មួយ​ដែល​សារព័ត៌មាន Reuters ទទួល​បាន។

លោក Tian Fuqiang ដែល​ជា​អ្នក​ស្រាវជ្រាវ​ចម្បង បាន​ប្រាប់​សារព័ត៌មាន Reuters នៅ​ក្នុង​អ៊ីមែល​ថា៖ «យើង​មិន​មាន​បំណង​ធ្វើ​ការ​ប្រៀបធៀប​ជាមួយ​នឹង​របាយការណ៍​ផ្សេង​ណា​មួយ​នោះ​ទេ។ យើង​មាន​បំណង​ផ្តល់​ការ​ពិត​ជា​មូលដ្ឋាន​ខ្លះៗ​ដើម្បី​សម្រួល​ដល់​ការ​ស្វែងយល់​ពី​គ្នា​ទៅវិញ​ទៅ​មក ការ​ទុក​ចិត្ត និង​ការ​សហការ​គ្នា​នៅ​ក្នុង​អាង​ទឹក​ទន្លេ​មេគង្គ​នេះ»។

អ្នក​ស្រាវជ្រាវ​នឹង​ទាញ​ហេតុផល​អំពី​វិទ្យាសាស្ត្រ ប៉ុន្តែ​សម្រាប់​ប្រទេស​នៅ​ទន្លេ​មេគង្គ​ក្រោម អ្វី​ដែល​សំខាន់​គឺ​ការ​ជឿ​ទុកចិត្ត និង​អំណាច។

លោក Sebastian Strangio ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​ទំនាក់ទំនង​អាស៊ី​អាគ្នេយ៍​ជាមួយ​ចិន ដែល​មាន​ចំណងជើង​ថា «នៅ​ក្នុង​ស្រមោល​នាគ ឬ In the Dragon's Shadow» បាន​បញ្ជាក់​ថា ប្រទេស​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេមេគង្គ​ស្ទើរតែ​មិន​ជឿ​លើ​ការ​អះអាង​របស់​ចិន ប៉ុន្តែ​ប្រទេស​ទាំង​នោះ​ប្រហែល​ជា​មិន​អាច​ព្រងើយ​កន្តើយ​ចំពោះ​អំណាច​នៅ​ក្នុង​តំបន់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ឡើយ។

លោក Strangio បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ពួកគេ​ពឹងផ្អែក​លើ​ចិន​នៅ​ពេល​នេះ​ដើម្បី​ទទួល​បាន​ធនធាន​សម្រាប់​រស់ ហើយ​វា​ពិបាក​ណាស់​សម្រាប់​ពួកគេ​ក្នុង​ការ​តតាំង​នឹង​រដ្ឋាភិបាល​ចិន​ដោយ​ចំហ​ចំពោះការ​សាងសង់​ទំនប់​ទឹក​របស់​ចិន​នេះ»។

ដោយ​ស្ទាក់ស្ទើរ​ក្នុង​ការ​គាំទ្រ​ដល់​ភាគី​ម្ខាងៗ គេ​ឃើញ​ថា មិន​មាន​ប្រទេស​ណា​មួយ​នៅ​ក្នុង​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ដើម្បី​គាំទ្រ​ដល់ការ​សិក្សា​ស្រាវជ្រាវ​របស់​ចិន ឬ​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ក្រុម​កិច្ចសហប្រតិបត្តិការ​ដាច់​ដោយ​ឡែក

សហរដ្ឋអាមេរិក​បាន​ចំណាយ​ទឹក​ប្រាក់ ១២០ លាន​ដុល្លារ​ទៅ​លើ​គម្រោង​ផ្តួចផ្តើម​ទន្លេ​មេគង្គ​ក្រោម ចាប់តាំងពី​ពេល​ដែល​គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី ១១ ឆ្នាំ​មុន​មក។

រូបឯកសារ៖ ស្ពានឆ្លងទៅវាលខ្សាច់មួយត្រូវបានសាងសង់ នៅស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)
រូបឯកសារ៖ ស្ពានឆ្លងទៅវាលខ្សាច់មួយត្រូវបានសាងសង់ នៅស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

ប្រទេស​ចិន​ទំនងជា​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​នេះ។ នៅ​ក្នុង​ឆ្នាំ ២០១៦ ក្រុម​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡានឆាង ឬ​ក្រុម LMC ដែល​ទទួល​បាន​ថវិកា​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បង្កើត​មូលនិធិ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ៣០០ លាន​ដុល្លារ​សម្រាប់​ជា​ថវិកា​ជំនួយ​ដល់​ការ​សិក្សាស្រាវជ្រាវ​ដែល​នឹង​ត្រូវ​ផ្តល់​ទៅ​ឱ្យ​ប្រទេស​នៅ​ទន្លេ​មេគង្គ​ខាង​ក្រោម​ទាំង ៥។

ក្រុម LMC មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្នើសុំ​សម្រាប់​បទសម្ភាសន៍ ឬ​ចំពោះ​សំណួរ​ណា​មួយ​អំពី​គម្រោង​ដែល​ត្រូវ​បាន​ស្នើ​ឡើង ត្រូវ​បាន​គ្រោង​ឡើង ឬ​ក៏​កំពុង​ដំណើរការ​ទាំង ៩៥ របស់​ខ្លួន ដែល​ស្ថិត​ក្នុង​បញ្ជី​ដែល​សារព័ត៌មាន Reuters ទទួល​បាន​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ដំបូង​របស់​ក្រុម​នេះ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ខែ​ធ្នូ ឆ្នាំ​មុន​នោះ​ទេ។

ក្រុម LMC ដែល​ដឹកនាំ​ដោយ​ចិន​នេះ​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ច្រើន​ជាង​មុន ដោយ​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ប្រចាំ​ឆ្នាំ និង​គម្រោង​សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​ថ្នាក់​ដឹកនាំ​នានា ដែល​ក្នុង​នោះ​អាច​នឹង​មាន​វត្តមាន​របស់​ប្រធានាធិបតី​ចិន លោក Xi Jinping ចូលរួម​ផង​ដែរ។ ចំណែក​ឯ​មន្ត្រី​ខាង​ផ្នែក​ទឹក និង​បរិស្ថាន​វិញ ជា​ធម្មតា​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​ថៃ​ម្នាក់។

ក្រុម LMC បាន​រង​ការ​រិះគន់​ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ថៃ លោក Michael DeSombre ដោយ​លោក​បាន​ហៅ​ក្រុម​នេះ​ថា «ជា​ស្ថាប័ន​ដែល​ដូច​ទៅ​នឹង» គណៈកម្មការ​ទន្លេ​មេគង្គ។

លោក DeSombre បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «យើង​ពិតជា​លើក​ទឹកចិត្ត​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ធ្វើការ​រួមគ្នា​ជាមួយ​នឹង​គណៈកម្មការ​ទន្លេ​មេគង្គ ជា​ជាង​ព្យាយាម​រំខាន​គណៈកម្មការ​នេះ​តាម​រយៈការ​បង្កើត​ស្ថាប័ន​ផ្ទាល់​ខ្លួន​ដើម្បី​ឱ្យ​ខ្លួន​គ្រប់គ្រង​នោះ»។

ទោះបីជា​មាន​ការ​ព្រមាន​ពី​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​មន្ត្រី​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​និយាយ​ថា ខ្លួន​ស្វាគមន៍​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ក្រុម LMC និង​ប្រទេស​ចិន។

មូលហេតុ​មួយ​គឺ​ថា គណៈកម្មការ​ទន្លេ​មេគង្គ និង​រដ្ឋាភិបាល​ជា​សមាជិក​ចង់​បាន​ទិន្នន័យ​បន្ថែម​អំពី​ប្រតិបត្តិការ​នៃ​ទំនប់ទឹក​របស់​ចិន ដែល​ទប់​ទឹក​សរុប​បាន​ចំនួន ៤៧ ពាន់​លាន​ម៉ែត្រ​គូប។

កាល​ពី​ឆ្នាំ ២០០២ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចាប់ផ្តើម​ជូន​ដំណឹង​ដល់​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម អំពី​ពេល​ដែល​ខ្លួន​អាច​នឹង​បញ្ចេញ​ទឹក​ដែល​អាច​បង្ក​ឱ្យ​មាន​ទឹក​ជំនន់។

ប៉ុន្តែ​ប្រទេស​ចិន​បាន​បង្ហាញ​ព័ត៌មាន​តិចតួច​ប៉ុណ្ណោះ សម្រាប់​ឱ្យ​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម​អាច​រៀប​ផែនការ និង​ស្នើសុំ​ឱ្យ​មាន​ការ​សម្រួល​ដល់​លំហូរ​ទឹក​ទន្លេ។

នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុម LMC កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ប្រទេស​ចិន​បាន​សន្យា​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ជាមួយ​នឹង​ប្រទេស​ជិតខាង​របស់​ខ្លួន ប៉ុន្តែ​មន្ត្រី​នៅ​ក្នុង​តំបន់​មិន​មាន​ជំនឿ​នោះ​ទេនៅ​ពេល​និយាយ​ជា​លក្ខណៈ​ឯកជន។

មន្ត្រី​វៀតណាម​ម្នាក់​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ប្រទេស​ចិន​មិន​បាន​ចែក​រំលែក​ទិន្នន័យ​ក្នុង​ន័យ​ស្ថាបនា​ណា​មួយ​នោះ​ទេ»៕

អត្ថបទ​ទាក់ទង

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG