ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នេសាទ​ខ្សត់​ត្រី​ ខណៈ​រដូវ​ទឹក​ទន្លេ​សាប​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​យឺត​ជាង​ធម្មតា


ទិដ្ឋភាព​ទូកនេសាទ​នានា​ត្រូវ​បាន​ទុកចោល​ ដោយសារ​គ្មាន​ត្រី​ដើម្បី​នេសាទ​បាន ភូមិ​កំពង់ឃ្លាំង ខេត្ត​សៀមរាប ថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២០។
ទិដ្ឋភាព​ទូកនេសាទ​នានា​ត្រូវ​បាន​ទុកចោល​ ដោយសារ​គ្មាន​ត្រី​ដើម្បី​នេសាទ​បាន ភូមិ​កំពង់ឃ្លាំង ខេត្ត​សៀមរាប ថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២០។

ចរន្ត​ទឹកទន្លេ​មេគង្គ​ហូរ​ចូល​បឹង​ទន្លេសាប​មាន​ភាព​យឺតយ៉ាវ​រយៈពេល​ពីរឆ្នាំ​ជាប់ៗ​គ្នា ​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​នេសាទ​ត្រី​ និង​គំរាម​កំហែង​ដល់​ការ​ផ្គត់ផ្គង់​ប្រភព​ប្រូតេអ៊ីន​របស់​ប្រជាជន​ជាង​មួយ​លាន​នាក់។ ​នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ខាង​ទន្លេ។​

មន្រ្តី​នានា​បាន​និយាយ​ថា​ ចរន្ត​ទឹក​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​ដ៏​សំខាន់​នេះ​ប្រហែល​យឺតយ៉ាវ​រហូត​ដល់​ខែ​ក្រោយ​ ដោយ​សារ​តែ​ភាព​គ្រោះ​រាំងស្ងួត ​និង​ទំនប់​វារីអគ្គិសនី​ជាច្រើន​នៅ​ក្នុង​ប្រទេស​ចិន​និងឡាវ​ដែល​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ បាន​រំខាន​ដល់​លំហូរ​តាម​ធម្មជាតិ​នៃ​ទន្លេ​មេគង្គ។​

បឹង​ទន្លេសាប​ ជា​ធម្មតា​រីកធំ​នៅ​រដូវ​វស្សា​ពេល​ទឹក​ទន្លេ​មេគង្គ​ និង​ទឹក​ស្ទឹង​នានា​ហូរចូល​ក្នុង​បឹង​នេះ​បណ្តាល​ឲ្យ​បឹង​នេះ​មាន​ផ្ទៃ​ធំ​ បង្កើត​ជា​តំបន់​ព្រៃ​លិចទឹក​ ដែល​ផ្តល់​ជម្រក​ដល់​ត្រី​យ៉ាង​ច្រើន​ដែល​ពង​និង​បន្ត​ពូជ។​ ប៉ុន្តែ​ចរន្ត​ទឹក​តាម​ធម្មជាតិ​គ្មាន​ពីរ​នេះ​មិន​ទាន់​កើត​មាន​ទេ​ ហើយ​ប្រជាជន​ដែល​ពឹង​ផ្អែក​លើ​បឹង​នេះ​កំពុង​តស៊ូ​រស់​ដោយ​លំបាក។​

លោក ​ខុន ខែក​ អាយុ​ ៣៧​ ឆ្នាំ​ដែល​កំពុង​ជួសជុល​សំណាញ់​នៅ​ក្រោម​ផ្ទះ​របស់​គាត់​នៅកំពង់​ឃ្លាំង​ដែល​ជា​ភូមិ​អណ្តែត​ទឹក​ដែល​សឹងតែ​រីងស្ងួត​នៅ ខេត្ត​សៀមរាប​ បាន​និយាយ​ថា ​លោក​ចេញ​ទៅ​នេសាទ​ពីរ​យប់ ​ តែ​នេសាទ​មិន​បាន​គ្រប់​គ្រាន់​ទេ។ ​ផល​នេសាទ​រយៈ​ពេល​ពីរ​យប់​នោះ​ លោក​លក់​បាន​ ១​ ម៉ឺន​ ២ ​ពាន់​រៀលប៉ុណ្ណោះ​ ប៉ុន្តែ​កាល​ពីឆ្នាំ​មុន​ ក្នុង​មួយ​ថ្ងៃ​លោក​រក​បាន​ពី​ ៥​ ទៅ​ ១០ ម៉ឺនរៀល​គឺ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ដែល​មាន​គ្នា​៦​នាក់។ ​

ភរិយា​របស់​លោក​ឈ្មោះ ​រ៉េត ថារី ​បារម្ភ​ថា ​គ្រួសារ​អ្នកស្រី​លែង​រក​បាន​បែប​នេះ​ទៀត​ហើយ។ ​និយាយ​អំពី​បំណុល​១.០០០​ ដុល្លារ លោកស្រី​ថ្លែង​ថា​ បើ​វា​នៅ​តែដូច​នេះ​ទៀត​គឺ​អស់​សង្ឃឹម​ហើយ។ ​ពួក​គេ​ក៏​ជំពាក់​លុយ​ធនាគារ​ដែរ។ ​

ជា​ធម្មតា ទឹក​ទន្លេ​មេគង្គ​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​រយៈ​ពេល​ ១២០​ ថ្ងៃ​ ហើយ​ធ្វើ​ឲ្យ​បឹង​នេះ​រីក​ធំ ​៦​ ដង​គឺ​មាន​ទំហំ​ ១ ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​មុន​ទឹក​បឹង​ទន្លេ​សាប​ហូរ​ចូល​ទន្លេ​មេគង្គ​វិញ​នៅ​ចុង​រដូវ​វស្សា​នា​ចុង​ខែ​កញ្ញា។ ពេល​ដែល​ទឹក​បឹងទន្លេ​សាប​នេះ​រីក​ធំ ត្រី​អាច​បង្កើត​កូន​ ដែល​អាច​ឲ្យ​អ្នក​នេសាទ​ចាប់​លក់​ នៅ​ពេល​ដែល​ទឹក​បឹង​នេះ​ស្រក​វិញ ​ក្រោយ​រដូវ​វស្សា។​

លោក​ ឡុង សារ៉ាវុធ ​អគ្គ​លេខាធិការ​រង​គណៈ​កម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​តាម​ទិន្នន័យ​ទឹក​ភ្លៀង​ លំហូរ​បញ្ច្រាស​ទឹក​ទន្លេសាប​គឺ​នៅ​ខែ​សីហា។​ គណៈ​កម្មការ​ទន្លេ​មេគង្គ​ថា​ លំហូរ​បញ្ច្រាស​យឺត​ពេល​នេះ​បណ្តាល​មក​ពី​ភ្លៀង​តិច​ក្នុង​ឆ្នាំ ​២០១៩ ​និង​ទំនប់​វារី​អគ្គិសនី​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ​គឺ​ទំនប់​ចំនួន​ពីរ​នៅ​ប្រទេសឡាវ​ និង​ទំនប់​ចំនួន​ ១១ ​នៅ​ប្រទេស​ចិន។ ​

គណៈកម្មការ​ទន្លេ​មេគង្គ​បាន​និយាយ​ថា ​ចាប់​ពី​ពេល​នេះ​ទៅ​ ពេលវេលា​នៃ​លំហូរ​បញ្ច្រាស​ទឹក​ទន្លេសាប​ទំនង​ជា​នឹង​មិន​ដូចកាល​ពីមុន​ទៀត​ទេ។

ប្រទេស​ឡាវ​និង​ចិន​និយាយ​ថា ​ទំនប់​ទាំង​នេះ​នាំមក​នូវ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​សំខាន់ៗ​ហើយវា​គ្រប់គ្រង​លំហូរ​ទឹក​ ជួយ​ការពារ​ទឹក​ជំនន់​ និង​គ្រោះ​រាំងស្ងួត។ ​ប៉ុន្តែ​លោក​ សាវុធ​ អ្នក​នេសាទ​អាយុ ​២៥​ឆ្នាំ​ ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចរចា​បើក​ទឹក​ពី​ទំនប់​ទាំង​នោះ​ដើម្បី​ជួយ​ពលរដ្ឋ​ចំនួន​ ២.០០០ ​គ្រួសារ​នៅ​កំពង់​ឃ្លាំង។

លោក ​សាវុធ ​ចង់​ទៅ​ក្រុង​សៀមរាប​ចម្ងាយ ​៥៥ ​គីឡូម៉ែត្រ​ដើម្បី​រក​ការងារ​សំណង់។ ​លោក​និយាយ​ថា​ លោក​មិន​អាច​នេសាទ​ត្រី​បាន​ទៀត​ទេ។​ គ្មាន​ទឹក​គឺ​គ្មាន​ត្រី។ ​

ខណៈ​វីរុស​កូរ៉ូណា​រារាំង​អ្នក​ដំណើរ​អន្តរជាតិ​នោះ ​អ្នក​ភូមិ​កំពង់​ឃ្លាំង​ គ្មាន​សង្ឃឹម​ថា​ ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ធ្វើ​ដំណើរ​តាម​ទូក​នៅ​ភូមិ​កំពង់ឃ្លាំង​ទេ​ ដែល​ជា​ធម្មតា​មាន​អ្នក​ដំណើរ​៦០០​នាក់​ក្នុង​មួយ​ថ្ងៃ។​

ទូក​ទេសចរណ៍​ប្រហែល​ ១៣០ ​គ្រឿង​ត្រូវ​ម្ចាស់​ទុក​ចោល​នៅ​ក្បែរ​ការិយាល័យ​ទេសចរណ៍ ​ដែល​គេ​ចាក់​សោរ​ចោល​និង​មាន​ស្មៅ​ដុះ​ព័ទ្ធ​ជុំវិញ។ ​

លោក​ លី សំអាត ​ម្ចាស់​ទូក​ទេសចរណ៍​និយាយ​ថា​ ប្រជាជន​កំពង់ឃ្លាំង​គឺ​ជា​អ្នក​នេសាទ​ ដែល​គ្មាន​ត្រី​សម្រាប់​នេសាទ ​និង​គ្មាន​ការងារ​កសិកម្ម​សម្រាប់​ធ្វើ​ទេ៕​

ប្រែសម្រួល​ដោយ​លោក​ពិន ស៊ីសុវណ្ណ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG