ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ថៃ​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ទំនប់​វារី​អគ្គិសនី​ឡាវ​លើ​ទន្លេ​មេគង្គ​ដែល​ទើប​តែ​ស្នើ​ថ្មី


សាឡាងដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញទៅអរិយក្សត្រឆ្លងកាត់ទន្លេមេគង្គនៅខាងក្រៅទីក្រុងភ្នំពេញប្រទេសកម្ពុជានៅថ្ងៃអង្គារទី ២៨ ខែមករាឆ្នាំ ២០២០ ។ (AP Photo/Heng Sinith)

សកម្មជន​និង​អង្គការ​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ​សម្ដែង​ការ​ព្រួយបារម្ភ ក្រោយ​ពី​ការ​ប្រកាស​កាល​ពី​ខែ​មុន​ថា គណៈកម្មការ​ទន្លេ​មេគង្គ​នឹង​ចាប់​ផ្ដើម​ដំណើរការ​ប្រឹក្សាយោបល់​ជាមុន​របស់​ខ្លួន​លើ​ទំនប់​វារីអគ្គិសនី​សាណាខាំ ដែល​ជា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​លើ​ទន្លេ​មេគង្គ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ។

ទំនប់​វារីអគ្គិសនី​នេះ​នឹង​ក្លាយ​ជា​ទំនប់​វារីអគ្គិសនី​ទី ៦ នៅ​ក្នុង​ប្រទេស​ឡាវ ដែល​ត្រូវ​ចំណាយ​ប្រាក់​សាងសង់​ជាង​ពីរ​ពាន់​លាន​ដុល្លារ និង​ត្រូវ​ស្ថិត​នៅ​ពី​លើ​ខ្សែ​ទឹក​ទំនប់វារីអគ្គិសនី​សៃយ៉ាប៊ូរី​។ ទំនប់ វារីអគ្គិសនី​សៃយ៉ាប៊ូរី​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។

ដំណើរការ​ប្រឹក្សា​យោបល់​ជាមុន​របស់​គណៈកម្មការ​ទន្លេមេគង្គ​ជា​ធម្មតា​មាន​រយៈពេល ៦ ខែ ដែល​ក្នុង​អំឡុងពេល​នោះ សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​ដទៃទៀត ដែល​រួម​មាន​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម អាច​ត្រួតពិនិត្យ​គម្រោង​នេះ​និង​វាយតម្លៃ​ផលប៉ះពាល់​ទៅ​លើ​ប្រទេស​របស់​ខ្លួន។

ខណៈ​ដែល​សមាជិក​ដទៃ​ទៀត​អាច​ស្នើ​ឲ្យ​កែប្រែ​លើ​ចំណុច​ណា​មួយ​បាន ដំណើរការ​ប្រឹក្សា​យោបល់​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​មិន​អាច​បញ្ឈប់​គម្រោង​ណា​មួយ​បាន​ទេ ដែល​នេះ​មាន​ន័យ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាណាខាំ​នឹង​ត្រូវតែ​ដំណើរការ​ទៅមុខ។​

អង្គការ Save the Mekong ដែល​ជា​សម្ព័ន្ធ​នៃ​អង្គការ និង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​នានា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ២ ខែ​ មិថុនា ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គសនី​ដែល​ស្នើ​ឡើង​នេះត្រូវ​ចំណាយ​អស់​ថវិកា​ច្រើន មិន​ចាំបាច់ និង​មាន​ហានិភ័យ ហើយ​គួរ​តែ​លុបចោល។

អង្គការ​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​លុបចោល​ទំនប់វារីអគ្គសនី​នានា​នៅ​លើ​ដង​ទន្លេមេគង្គ​ជា​អចិន្ត្រៃយ៍ និង​ត្រូវ​ផ្ដល់​អាទិភាព​ទៅ​លើ​ជម្រើស​ថាមពល​ដែល​មាន​ចីរភាព​និង​សមធម៌ និង​មាគ៌ា​ដែល​គោរព​សិទ្ធិ​របស់​សហគមន៍»។

ដូច​ទំនប់​វារីអគ្គិសនី​សៃយ៉ាបូរី​ដែរ អគ្គិសនី​ដែល​ទទួល​បាន​ពី​គម្រោង​សាណាខាំ​នឹង​ត្រូវ​នាំចេញ​ជា​ចម្បង​ទៅ​កាន់​ប្រទេស​ថៃ ដែល​អ្នក​តាមដាន​ស្ថានការណ៍​ជាច្រើន​និយាយ​ថា ប្រទេស​ថៃ​មាន​អគ្គិសនី​ប្រើប្រាស់​ច្រើន​លើសលប់​រួច​ទៅ​ហើយ។

លោក Ormbun Thipsuna អ្នក​នាំពាក្យ​របស់​បណ្ដាញ​ប្រជាជន​ថៃ​ក្នុង​ខេត្ត​ចំនួន​៨​នៅ​ជាប់​ទន្លេមេគង្គ បាន​ឲ្យ​ដឹង​ថា៖ «ឯកសារ​នានា​បង្ហាញ​ថា រោងចក្រ​អគ្គិសនី​នានា​នៅ​ក្នុង​តំបន់​នេះ​ផលិត​អគ្គិសនី​បាន​គ្រប់គ្រាន់​រួច​ទៅ​ហើយ ហើយ​ទំនប់វារីអគ្គិសនី​សាណាខាំ​នឹង​មាន​តែ​បង្កើត​បញ្ហា​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ​ដល់​ប្រជាជន​ដែល​រស់នៅ​និង​ធ្វើការ​នៅ​តាម​ដង​ទន្លេនេះ»។

អង្គការ​នេះ​បាន​គ្រោង​ជួប​ជាមួយ​នឹង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ថៃ​កាល​ខែ​មីនា ដើម្បី​ពិភាក្សា​អំពី​ផល​ប៉ះពាល់​ខ្លាំងក្លា​នានា​នៃ​ទំនប់​វារីអគ្គិសនី​សៃយ៉ាបូរី ដែល​ទើប​តែ​ប្រតិបត្តិការ​ថ្មី និង​អំពី​ក្ដី​បារម្ភ​លើ​គម្រោង​ទំនប់​វារី​អគ្គិសនី​សាណាខាំ​ដែល​ទើប​តែ​ស្នើ​ថ្មី​នេះ។ ប៉ុន្តែ​ជំនួប​នេះ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​តែ​ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ១៩។

អាងស្ដុកទឹក​ទន្លេមេគង្គ​ក្រោម​មាន​កម្រិតទឹកទាប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​កាល​ពី​ពាក់កណ្ដាល​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ជួប​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល ៤០ ឆ្នាំ​មក​នេះ​កាល​ពី​ដើម​ឆ្នាំ ២០២០។ គ្រោះរាំងស្ងួត​នោះ​បាន​ប៉ះពាល់​ដល់​កសិករ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​អាងទឹក​ទន្លេមេគង្គ​សម្រាប់​ប្រព័ន្ធ​ធារាសាស្ត្រ។

អ្នកភូមិធ្វើដំណើរតាមដងទន្លេមេគង្គក្បែរណុងខៃប្រទេសថៃ។ ទឹកទន្លេកាន់តែថ្លាចាប់តាំងពីទំនប់សាយ៉ាប៊ូរីចាប់ផ្តើមផលិតថាមពលវារីអគ្គិសនី។ (Steve Sandford / VOA)
អ្នកភូមិធ្វើដំណើរតាមដងទន្លេមេគង្គក្បែរណុងខៃប្រទេសថៃ។ ទឹកទន្លេកាន់តែថ្លាចាប់តាំងពីទំនប់សាយ៉ាប៊ូរីចាប់ផ្តើមផលិតថាមពលវារីអគ្គិសនី។ (Steve Sandford / VOA)

ក្រុម​អ្នក​រិះគន់​និយាយ​ថា ទំនប់វារី​អគ្គសនី​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​តែ​ប៉ុណ្ណោះ។

លោក Paiporn Deetes នៃ​អង្គការ​អភិរក្ស International Rivers បាន​ថ្លែង​ថា៖ «បើ​តាម​អ្នកភូមិ​ក្នុង​ខេត្ត Loei ដែល​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទំនប់វារី​អគ្គិសនី​សាណាខាំ​ដែល​ស្នើ​ថ្មី​នេះ ការ​ជំរុញ​ទៅ​មុខ​នូវ​គម្រោង​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផ្នែក​បរិស្ថាន និង​សង្គម​នៅ​ជុំវិញ​ទន្លេមេគង្គ​ទៅលើ​សហគមន៍​នៅ​ខ្សែ​ទឹក​ខាង​ក្រោម»។

លោក Deetes បាន​និយាយ​បន្ថែម​ថា៖ «ការ​ផ្ដល់​ទិន្នន័យ ដែល​រហូត​មក​ដល់​ពេល​នេះ​ប្រជាជន​តែងតែ​ទទួល​បាន​តាមរយៈ​បណ្ដាញ​របស់​រដ្ឋាភិបាល មិន​បាន​ផ្ដល់​ដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ ហើយ​ក៏​មិន​បាន​លើកឡើង​ពី​ផលប៉ះពាល់​ដល់​ប្រទេស​ដទៃទៀត​ដែរ»។

លោក Deetes បាន​លើកឡើង​យ៉ាង​ដូច្នេះ ដោយ​និយាយ​សំដៅ​ទៅ​លើ​ព័ត៌មាន​អំពី​បរិស្ថាន​មាន​កម្រិត ដែល​ផ្ដល់​ដល់​បណ្ដា​ប្រទេស​ដែល​ប្រតិបត្តិ​ទំនប់​វារីអគ្គិសនី ជាពិសេស​នៅ​អាងទឹក​ទន្លេ​មេគង្គ​ខាង​លើ ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ចិន។

លោក​បាន​លើកឡើង​ទៀត​ថា៖ «សំខាន់​បំផុត​នោះ ការ​ផ្ដល់​ព័ត៌មាន​ដល់​សាធារណជន​នេះ​មិន​បាន​លើកឡើង​ពី​ផលប៉ះពាល់​ទៅ​លើ​សហគមន៍​ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ទន្លេមេគង្គ​ខាង​ក្រោម និង​ប្រព័ន្ធ​អេកូឡូស៊ី​នោះ​ទេ»។

អង្គការ​ជាច្រើន​ដែល​ជា​សមាជិក​អង្គការ Save the Mekong កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​សាងសង់​ទំនប់វារី​អគ្គិសនី​ទ្រង់ទ្រាយ​ធំ​មួយ​រយៈ ដែល​ស្រដៀង​ទៅ​នឹង​ការ​សម្រេច​របស់​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មីនា​ដែរ ដែល​ហាមឃាត់​មិន​ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​នៅ​តាម​ដង​ទន្លេ​មេគង្គ​រយៈពេល ១០ ឆ្នាំ។

ថ្វីត្បិត​តែ​ប្រទេស​ចិន​មិនមែន​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​ក៏ដោយ ក៏​ប្រទេស​នេះ​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​យ៉ាង​ខ្លាំងក្លា តាមរយៈ​ការ​វិនិយោគ​និង​ការ​ផ្ដល់​ប្រាក់​កម្ចី។

គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ស្នើ​ឲ្យ​មាន​តម្លាភាព​ប្រសើរ​ជាង​មុន បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាល​ពី​ខែ​មេសា ដោយ​និយាយ​ថា ទំនប់​វារីអគ្គិសនី​របស់​ចិន​នៅ​ខ្សែ​ទឹក​ខាង​លើ​ទន្លេ​មេគង្គ​បាន​ទប់​ទឹក​មិន​ឲ្យ​ហូរ ដែល​ធ្វើ​ឲ្យ​កម្រិត​នៅ​ក្នុង​អាង​ស្តុក​ទឹក​ទន្លេ​មេគង្គ​នៅ​ខ្សែ​ទឹក​ខាង​ក្រោម មាន​កម្រិត​ទាប។

របាយការណ៍​ដែល​ចងក្រង​ដោយ​ក្រុមហ៊ុន Eyes on Earth ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​អំពី​ទឹក បាន​ដាក់​បញ្ចូល​គ្នា​នូវ​រូបភាព​ពី​ផ្កាយ​រណប​ប្រចាំ​ថ្ងៃ​ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៩ ដោយ​មាន​រួម​បញ្ចូល​នូវ​ទិន្នន័យ​កម្ពស់​ទឹក​ទន្លេ​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ដល់​ការ​សន្និដ្ឋាន​របស់​ពួកគេ​ដែល​ថា ទំនប់​វារីអគ្គិសនី​របស់​ចិន​នៅ​ខ្សែទឹក​ខាង​លើ​ទន្លេមេគង្គ​ទាំង ១១ បាន​ទប់​ទឹក​ដើម្បី​យក​ទៅ​ចាក់​បំពេញ​ក្នុង​អាង​ស្ដុក​ទឹក​សម្រាប់​ប្រើប្រាស់​រយៈពេល​វែង។

លោក An Pich Hatda នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ បាន​ថ្លែង​ថា៖ «តម្រូវការ​សម្រាប់​ប្រទេស​ទាំងអស់​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​អត្ថប្រយោជន៍​នៃ​ការ​អភិវឌ្ឍ យុត្តិធម៌​សង្គម និង​ចីរភាព​បរិស្ថាន គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត។ ការ​ចែករំលែក​ទិន្នន័យ​ប្រកបដោយ​តម្លាភាព​អំពី​របៀប​ដែល​ទឹក​និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នានា​ដំណើរការ នឹង​ជួយ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​និង​ចៀសវាង​ការ​យល់ខុស​ផ្សេងៗ»។

កាល​បរិច្ឆេទ​ក្នុង​ការ​ចាប់ផ្ដើម​ប្រឹក្សាយោបល់​អំពី​គម្រោង​ទំនប់​វារីអគ្គិសនី​សាណាខាំ​នឹង​ត្រូវ​ប្រកាស បន្ទាប់​ពី​ដំណើរការ​ប្រឹក្សាយោបល់​របស់​គណៈកម្មការ​ទន្លេមេគង្គ​កាល​ពី​មុន​ចប់​រួចរាល់ ដែល​ត្រូវ​វាយតម្លៃ​ទៅ​លើ​គម្រោង​ទំនប់វារីអគ្គិសនី​លួងប្រាបាង្គ ដែល​ជា​ទំនប់​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​ឡាវ។ ការ​ប្រឹក្សា​យោបល់​អំពី​ទំនប់​វារីអគ្គិសនី​លួងប្រាបាង្គ​នេះ នឹង​ត្រូវ​ធ្វើ​សេចក្ដីសន្និដ្ឋាន​នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា ខាង​មុខ​នេះ។

ក្រុមហ៊ុន Datang Sanakham Energy គឺ​ជា​ក្រុមហ៊ុន​ចុះ​កិច្ចសន្យា​សាងសង់​គម្រោង​ទំនប់​វារីអគ្គិសនី​សាណាខាំ​នេះ។ ក្រុមហ៊ុន​នេះ​គឺ​ជា​សាខា​របស់​ក្រុមហ៊ុន Datang International Power Generation Co. របស់​រដ្ឋាភិបាល​ចិន៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG