ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសម្រេចអំពីដំណើរការពិគ្រោះយោបល់ជាមុនលើគម្រោងទំនប់ហ្លួងប្រាបាង្គរបស់ឡាវត្រូវលើកពេល


រូបឯកសារ៖ ទិដ្ឋភាពទូទៅនៃគម្រោងទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គ នៅលើដងទន្លេមេគង្គ ក្នុងប្រទេសឡាវ ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ ទិដ្ឋភាពទូទៅនៃគម្រោងទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គ នៅលើដងទន្លេមេគង្គ ក្នុងប្រទេសឡាវ ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២០។

ការ​សម្រេច​ចុង​ក្រោយ​អំពី​ការ​បិទ​បញ្ចប់​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​របស់​ឡាវ ត្រូវ​បាន​លើក​ពេលទៅ​ធ្វើ​នៅ​ចុង​ខែ​មិថុនានេះ​វិញ ដោយ​សារ​ការ​ព្រួយ​បារម្ភ​របស់​បណ្តា​ប្រទេស​ជាប់​ទន្លេ​មេគង្គ​ដទៃទៀត។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​ចម្រុះ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ដែល​បាន​ធ្វើ​ឡើង​តាម​សន្និសីទ​វីដេអូ​ក្នុង​ទីក្រុង​វៀង​ចន្ទន៍​ ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ព្រស្បតិ៍។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ចេញ​ផ្សាយ​ថ្ងៃ​ទី​៥​ ខែ​មិថុនា ​ឆ្នាំ២០២០​ បាន​បញ្ជាក់​ដោយ​ដក​ស្រង់​សម្តី​លោក សមគៀត ប្រាចាំវង្ស (Somkiat Prajamwong) ប្រធានគណៈកម្មាធិការ​ចម្រុះ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ដែល​និយាយ​ថា៖​

«ដោយសារ​ការ​ព្រួយបារម្ភ​និងយោបល់​នានា​ដែល​លើកឡើង​ដោយ​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​នឹង​ទន្លេ​មេគង្គ​ផ្សេងទៀត​ ហើយ​ដោយ​មាន​ការ​យល់ព្រម​ពី​ប្រទេស​ឡាវផងដែរ យើង​បាន​សម្រេច​លើក​កាល​បរិច្ឆេទ​បិទ​បញ្ចប់​ដំណើរ​ការ​ពិគ្រោះយោបល់​ជាមុន​លើ​គម្រោង​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​ ទៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​វិញ»។​

គណៈកម្មាធិការ​ចម្រុះ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​នេះ​ បាន​គ្រោង​សម្រេច​ថា ​តើ​ត្រូវ​បិទ​បញ្ចប់​ឬ​ត្រូវ​ពន្យារ​ពេល​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​មួយ​នេះ ​នៅ​ថ្ងៃ​ទី​៤ ​ខែ​មិថុនា។​

កាល​ពី​ថ្ងៃ​ទី​២​ មិថុនា ក្រុម​អង្គការ​សង្គម​ស៊ីវិលដែល​ធ្វើ​ការ​ផ្នែក​អភិបាល​កិច្ច​ទឹក​នៅ​កម្ពុជា​បាន​ស្នើ​ឲ្យ​ពន្យារ​ពេល​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​កសាង​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​របស់​ឡាវនេះ ​ដោយ​លើក​ហេតុផល​ថា​ ​ការ​សិក្សា​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន​នៃ​គម្រោង​នេះ មិន​ទាន់​ត្រូវ​បាន​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ។​

ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ ដែល​គ្រោង​ផលិត​ថាម​ពល​បាន​ ១៤៦០ ​មេហ្គាវ៉ាត់ គឺ​ជា​គម្រោង​ទី​៥ ​ក្នុង​ចំណោម​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​យ៉ាង​តិច ​៩ ​របស់​ឡាវ នៅ​លើ​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ។​

ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​តាម​ធម្មតា ​មាន​រយៈ​ពេល​យ៉ាង​តិច​ ៦ ​ខែ ​ប៉ុន្តែ​អាច​ពន្យារ​ពេល​បន្ថែម​ទៀត​បាន​ អាស្រ័យ​លើ​ការ​ព្រមព្រៀង​គ្នា​រវាងបណ្តា​ប្រទេស​ជា​សមាជិក​ទាំង​ ៤ ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ដែល​រួម​មាន​កម្ពុជា ថៃ ​ឡាវ​ និង​វៀតណាម។​

ប្រទេស​ឡាវបាន​ចាប់​ផ្តើម​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​ទំនប់​ហ្លួងប្រាបាង្គ​នេះ​ កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៩៕​

XS
SM
MD
LG