កាលពីថ្ងៃច័ន្ទ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែននិងពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្ស៊ីបានបន្តកើតមាននៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែន នៅពេលដែលក្រុមយោធាអ៊ុយក្រែនបានអះអាងថា ពួកទាហានរុស្ស៊ីរាប់រយនាក់បានឆ្លងកាត់ព្រំដែនទៅជួយពួកឧទ្ទាម។
អគ្គសេនាធិការដ្ឋាននៃកងយោធពលអ៊ុយក្រែនបានអះអាងថា ពួកគេបានត្រួតត្រាលើចំណតយន្តហោះនៃទីក្រុង Donetsk ក្រោយពីបានវាយបណ្តេញកងកម្លាំងឧទ្ទាមឲ្យចេញពីទីនោះ ហើយបានដកថយទៅកាន់សង្កាត់ដែលមានអ្នកស្រុករស់នៅក្នុងក្រុង Donetsk។
កាលពីយប់ថ្ងៃអាទិត្យ គេបានដកស្រង់ពាក្យសម្តីលោក Denis Pushilin មេដឹកនាំពួកឧទ្ទាមដែលបាននិយាយថា កងកម្លាំងឧទ្ទាមនៅក្នុងចំណតយន្តហោះនោះបានវាយរុញច្រានប្រឆាំងនឹងការវាយប្រហារដោយក្រុមទាហានរដ្ឋាភិបាលហើយថា ពួកគេនៅតែត្រួតត្រាទីនោះនៅទ្បើយ។
នៅពេលជាមួយគ្នានេះ លោក Andriy Lysenko អ្នកនាំពាក្យក្រុមយោធាអ៊ុយក្រែនបាននិយាយថា ពួកទាហានរុស្ស៊ីប្រមាណ៧០០នាក់ បានឆ្លងកាត់ព្រំដែនកាលពីថ្ងៃច័ន្ទដើម្បីទៅគាំទ្រកងកម្លាំងឧទ្ទាម៕