លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ (Moscow ) ចង់ឲ្យផ្នែកនានានៃភាគខាងកើតប្រទេសអ៊ុយក្រែនដែលត្រួតត្រាដោយពួកឧទ្ទាមទាមទារបំបែករដ្ឋនៅតែជាផ្នែកមួយនៃប្រទេសអ៊ុយក្រែន។
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Interfax លោករដ្ឋមន្រ្តីការពារប្រទេស Lavrov បាននិយាយយ៉ាងទទូចថា រុស្ស៊ីតែម្នាក់ឯងកំពុងព្យាយាមដោះស្រាយជម្លោះរវាងរដ្ឋាភិបាលទីក្រុងគាវ (Kiev) និងពួកទាមទារបំបែករដ្ឋលម្អៀងទៅរកប្រទេសរុស្ស៊ីក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន ដោយលោកនិយាយថាតំបន់នោះ នៅតែជាផ្នែកមួយនៃប្រទេសអ៊ុយក្រែន។
នៅក្នុងកិច្ចសម្ភាសន៍ដដែលនោះ លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានស្នើថា តាមច្បាប់អន្តរជាតិ ប្រទេសរបស់លោកមានសិទ្ធិដាក់ពង្រាយកងកម្លាំងនុយក្លែអ៊ែនៅក្នុងតំបន់ Crimea ឧបទ្វីបសមុទ្រខ្មៅដែលខ្លួនបានដណ្តើមយកពីប្រទេសអ៊ុយក្រែននៅដើមឆ្នាំនេះ។
ពួកទាមទារបំបែករដ្ឋ បានប្រកាសតំបន់នេះជាសាធារណរដ្ឋប្រជាមានិត ហើយបានធ្វើការបោះឆ្នោតក្នុងតំបន់ Donetsk និង Luhansk នៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។
លោក Lavrov បាននិយាយថា តំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន គួរតែត្រូវគេអនុញ្ញាតឲ្យបំពេញតម្រូវការខាងហិរញ្ញវត្ថុរបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលទីក្រុងគាវលើបញ្ហាពន្ធដារ៕