ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បាញ់​ផ្តក់​នៅ​អ៊ុយក្រែន​ខាងកើត​សម្លាប់​ទាហាន​រដ្ឋាភិបាល


ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​យាម​ល្បាត​ផ្លូវ​នៅ​ក្បែរ​ព្រលានយន្តហោះ​ Donetsk ដែល​មាន​រថយន្ត​យោធា​របស់​អ៊ុយក្រែន​នៅ​ខាង​ក្រោយ​ នៅ​អ៊ុយក្រែន​ខាងកើត​ កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥។
ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​យាម​ល្បាត​ផ្លូវ​នៅ​ក្បែរ​ព្រលានយន្តហោះ​ Donetsk ដែល​មាន​រថយន្ត​យោធា​របស់​អ៊ុយក្រែន​នៅ​ខាង​ក្រោយ​ នៅ​អ៊ុយក្រែន​ខាងកើត​ កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥។

ក្រុម​យោធា​នៃ​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​ថា​ទាហាន​ពួក​គេ​បួន​នាក់​បាន​ត្រូវ​សម្លាប់​ហើយ​៨​នាក់​ទៀត​បាន​ត្រូវ​របួស​ជា​លទ្ធផល​នៃការ​បាញ់​ផ្តក់​ដោយ​ក្រុម​ទាមទារ​បំបែករដ្ឋ​ដែល​គាំទ្រ​ដោយ​រុស្សី​ក្នុង​រយៈពេល​២៤​ម៉ាង​កន្លងទៅ​នេះ។​

លោក Andrei Lysenko អ្នកនាំ​ពាក្យ​យោធា​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ក្រុម​ឧទ្ទាម​បានបាញ់​រ៉ុក្កែត​និង​គ្រាប់​កាំភ្លើង​ត្បាល់​ដាក់​លើ​កង​កម្លាំង​រដ្ឋាភិបាល​

ជាង​៣០ដង​នៅ​ក្នុង​រយៈពេល​នោះ។​ លោក​បាន​ភ្ជាប់​ការ​បង្កើន​ការ​បាញ់​ផ្តក់​ទាំង​នេះ​ទៅនឹង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែននៃ «អ្វី​ដែល​ហៅ​ថា​ក្បួន​កុងវ័រ​មនុស្សធម៌​មួយ​ទៀត» ពី​ប្រទេស​រុស្សី​ នេះ​បើ​តាម​ពាក្យសម្តី​ផ្ទាល់​របស់​លោក។​

អាជ្ញាធរ​អ៊ុយក្រែនបាន​ចោទប្រកាន់​ប្រទេស​រុស្សី​ថា​បាន​ប្រើប្រាស់​ក្បួន​កុងវ័រ​ដើម្បី​ផ្តល់អាវុធ​ឱ្យ​ក្រុម​ទាមទារ​បំបែក​រដ្ឋ​នៅ​ក្រោម​ការ​ក្លែង​បន្លំ​ថា​ជា​ជំនួយ​មនុស្សធម៌​ដែល​ជា​ការ​ចោទប្រកាន់​មួយ​ដែល​អាជ្ញាធរ​រុស្សី​បាន​បដិសេធ​ហើយ​នោះ។​

កាល​ពី​ថ្ងៃ​សុក្រ​ រដ្ឋបាល​ក្រុង​ Donetsk បាន​រាយការណ៍​នៅ​ក្នុង​គេហទំព័រ​ពួក​គេ​ថា​ការ​បាញ់​ផ្តក់​បាន​បណ្តាល​ឱ្យ​ម​នុស្ស​ម្នាក់​ត្រូវ​របួស​និង​នាំ​ឱ្យមាន​ការដាច់​ភ្លើង​អគ្គីសនី​ក្នុង​សង្កាត់​មួយ​ចំនួន​ផងដែរ។​

អាជ្ញាធរ​ក្រុង​នេះ​បាន​និយាយ​កាល​ពី​ពេល​មុននេះ​ក្នុង​ថ្ងៃសុក្រ​ដែរ​ថា​ជន​ស៊ីវិល​ពីរ​នាក់​បាន​ត្រូវ​សម្លាប់​ហើយ​មាន​មនុស្ស​៧​នាក់​ទៀត​បាន​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នៅ​ពេល​ដែលសង្កាត់បួន​បាន​រង​ការ​បាញ់ផ្តក់​យ៉ាង​ខ្លាំង​។​ អាជ្ញាធរ​នេះ​ក៏​បាន​និយាយ​ដែរ​ថា​អាគារ​ផ្ទះល្វែង​មួយ​ចំនួន​ក៏​បាន​ខូចខាត​ដែរ​នៅ​ក្នុង​ការ​វាយ​ប្រហារទាំង​នេះ។​

កំណើន​នៃ​ការប្រយុទ្ធ​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ទ្បើង​នៅ​មុន​ជំនួប​មួយអំពី​វិបត្តិ​ក្នុង​ប្រទេស​អ៊ុយក្រែន​រវាង​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​អាល្លឺម៉ង់​ បារាំង អ៊ុយក្រែន​និង​ប្រទេស​រុស្សីដែល​បានត្រូវកំណត់​ប្រជុំ​កាល​ពី​ពេល​មុន​នៅ​ក្នុង​រដ្ឋធានី​អាស្តាណា (Astana) នៃ​ប្រទេស​កាហ្សាក់ស្ថាន (Kazakhstan) នៅ​ថ្ងៃ​ទី១៥ខែ​មករា៕

XS
SM
MD
LG