ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ៊ុយក្រែនខិត​ជិត​ចូល​អង្គការ​អូតង់​ ខណៈដែល​សហភាព​សេដ្ឋកិច្ច​​អឺរ៉ុប​អាស៊ី​កៀក​នឹង​លេច​ឡើង​

  • Daniel Schearf

ថ្លែង​បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​សេដ្ឋ​កិច្ច​អឺរ៉ុបអាស៊ី​ លោក​វ្លាដឺមៀ ពូទីន​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ​ប្លុក​ពាណិជ្ជកម្ម​នោះ​នឹង​បើក​ផ្លូវ​ដ៏​ប្រសើរ​មួយ​សម្រាប់​សមាជិក​ខ្លួន។​

ប្លុក​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​ឈ្មោះ​«សហភាព​សេដ្ឋកិច្ច​អឺរ៉ុបអាស៊ី»​(Eurasian Economic Union or EEU) ​ដែល​បាន​ជួយ​បង្ក​ឲ្យ​មាន​វិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​នោះ​ បាន​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​មូស្គូ ​(Moscow)​ មុន​ពេល​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១​ខែ​មករា។​ លោក​ដាញ៉ែល ស្យែហ្វ​ (Daniel Schearf)​ នៃវីអូអេ បាន​ធ្វើសេចក្តី​រាយការណ៍​ពី​សម្ព័ន្ធ​សេដ្ឋកិច្ច​រដ្ឋាភិបាល​ក្រុង​មូស្គូ​មក​ថា សម្ព័ន្ធ​សេដ្ឋកិច្ច​នេះ​កំពុង​រង​ការ​ប៉ះពាល់​ ខណៈ​ដែល​សេដ្ឋកិច្ច​រុស្ស៊ី​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ ដោយ​សារ​តម្លៃ​ប្រេង​ចុះ​ទាប​ និង​ការ​ដាក់​ទណ្ឌកម្ម​ពី​បស្ចឹម​ប្រទេស​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​រុស្ស៊ី​នៅ​ប្រទេសអ៊ុយក្រែន។​

សហភាព​សេដ្ឋកិច្ច​អឺរ៉ុបអាស៊ី​កំពុង​ប្រឈម​ជាមួយ​នឹង​ការ​ចាប់​ផ្តើម​យ៉ាង​លំបាក​មួយ​ ​ស្រប​ពេល​ដែល​ប្លុក​ពាណិជ្ជកម្ម​នេះ​បាន​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​ទី២៣​ខែធ្នូ​ នៅ​ក្រុង​មូស្គូ​ ខណៈ​ពេល​ដែលមាន​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ​និង​អវត្តមាន​របស់​ប្រទេស​អ៊ុយក្រែន។​

ទណ្ឌកម្ម​ពី​បស្ចឹម​ប្រទេស​លើ​បញ្ហា​អ៊ុយក្រែន​ និង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​កំពុង​តែ​រុញ​ច្រាន​សេដ្ឋកិច្ច​រុស្ស៊ី​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​ ហើយ​វិបត្តិ​នេះ​បាន​ប៉ះពាល់​ដល់​ប្រទេស​ជិតខាង​រុស្ស៊ី​នៅ​ក្នុង​ប្លុក​ពាណិជ្ជកម្ម​នោះ​ផង​ដែរ។​

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ​ថ្លែង​បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​សេដ្ឋ​កិច្ច​អឺរ៉ុបអាស៊ី​ លោក​វ្លាដឺមៀ ពូទីន​ (Vladmir Putin) ​ប្រធានាធិបតី​រុស្ស៊ី​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ​ប្លុក​ពាណិជ្ជកម្ម​នោះ​នឹង​បើក​ផ្លូវ​ដ៏​ប្រសើរ​មួយ​សម្រាប់​សមាជិក​ខ្លួន។​

លោក​ ពូទីន​បាន​មាន​ប្រសាសន៍​ថា ​ទីផ្សារ​រួម​មួយ​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​មូលដ្ឋាន​ផ្អែក​ទៅ​លើ​ច្បាប់​ទូទៅរបស់​អង្គការ​ពាណិជ្ជ​ពិភព​លោក​ Word Trade Organization ​ដោយមាន​អ្នក​ប្រើប្រាស់​ជាង​១៧០​លាន​នាក់ ​និង​មាន​ផលិតផល​ក្នុង​ស្រុក​សរុបជាង​៤,៥​លាន​លាន​ដុល្លារ។​ លោក​បាន​បន្ត​ថា​ របាំង​ពន្ធគយ​ និង​រដ្ឋបាល​មួយ​ចំនួន​ត្រូវ​បាន​លុប​បំបាត់ ហើយ​ឱកាស​ជំនួញ​សម្រាប់​ការ​សម្រេច​គម្រោង​វិនិយោគ​រួម​ត្រូវ​បាន​បង្កើន​ឡើង​យ៉ាង​ខ្លាំង។​

មេដឹកនាំ​ប្រទេស​បេឡារុស​ រុស្ស៊ី ​និង​កាហ្សាក់ស្ថាន​នឹង​ធ្វើ​ការ​សម្ពោធ​សហភាព​ពាណិជ្ជកម្ម​នេះ​នៅ​ក្នុង​ខែ​មករា​ ខណៈ​ដែល​ប្រទេស​អាម៉ានី​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ចូលរួម​ ហើយ​ប្រទេស​កៀហ្ស៊ីស្ថាន​គ្រោង​នឹង​ចូលរួម​នៅឆ្នាំ​ក្រោយ។​

អតីត​ប្រធានាធិបតី​អ៊ុយក្រែន​លោក​វ៉ិចទ័រ​ យ៉ានូកូវ៉ិច​ (Viktor Yanukovich) ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​កាល​ពី​ដើម​ឆ្នាំ​នេះ​នៅ​ក្នុង​ការ​បះ​បោរ​ប្រកប​ដោយ​ប្រជាប្រិយភាព​មួយ​ បន្ទាប់​ពី​លោក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ជាមួយ​សហគមន៍​អឺរ៉ុប ហើយ​ងាក​មក​រក​ផែន​សេដ្ឋកិច្ច​របស់​រុស្ស៊ី​វិញ។​

រុស្ស៊ី​បាន​ឆ្លើយ​តប​នឹង​បដិវត្តន៍​នៅ​ប្រទេស​អ៊ុយក្រែន​ដោយធ្វើការឃោសនា​ដ៏ច្រើន​ហូរហែ​ ការ​ទន្ទ្រាន​យក​តំបន់​គ្រីម៉ា​ (Crimea)​ជាឧបសម្ព័ន្ធ​ និង​ការ​គាំទ្រ​ការ​បះបោរ​ប្រដាប់​អាវុធ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ តាមរយៈ​ការ​វាយប្រហារ​គ្នា​មួយ​ដែល​បាន​សម្លាប់​មនុស្ស​៥០០០​នាក់។​

ក្រុម​មេដឹកនាំ​ក្រុង​កៀវ ​(Kiev) ​ដែល​មាន​ទំនោរ​គាំទ្រ​បស្ចឹម​ប្រទេស បាន​ចុះ​កិច្ចព្រមព្រៀង​សម្ព័ន្ធភាព​ជាមួយ​សហ​ភាព​អឺរ៉ុប។​

អ៊ុយក្រែន​កាន់​តែ​ដក​ខ្លួន​ឲ្យ​កាន់​តែ​ឆ្ងាយ​ពី​រុស្ស៊ី ​នៅ​ពេលសភា​អ៊ុយក្រែនដែល​ជាប់ឆ្នោត​ថ្មីៗ​ បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ទី២៣​ខែធ្នូ​ ដោយ​លុប​ចោល​នូវ​ភាពមិន​ចង​សម្ព័ន្ធ​ ដែល​រារាំង​មិន​ឲ្យ​ប្រទេស​អ៊ុយក្រែន​ចួលរួម​ជាមួយ​អង្គការ​អូតង់ ​(Nato) ដែល​ជា​សម្ព័ន្ធភាព​យោធា​លោក​ខាង​លិច។​

រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​អ៊ុយក្រែន​លោក ប៉ាវឡូ​ ឃ្លីមគីន​ (Pavlo Klimkin)​បាន​ថ្លែង​ទៅ​កាន់​សភា​នៅ​ក្រុង​កៀវ។​

លោក​បាន​មាន​ប្រសាសន៍​ថា ​ក្រោម​លក្ខខណ្ឌ​នៃ​ភាព​គឃ្លើន​នា​ពេល​បច្ចុប្បន្ន​ប្រឆាំង​នឹង​អ៊ុយក្រែន​ ច្បាប់​នេះ​បាន​បើក​ចំហ​ឲ្យ​ប្រទេស​អ៊ុយក្រែន​នូវ​យន្តការ​ថ្មី​ និង​ទម្រង់​នៃ​ការ​សម្រេច​គោលដៅ​ថ្មី​នៃ​គោល​នយោបាយ​ផ្ទៃ​ក្នុងរបស់​អ៊ុយក្រែនប្រកប​ដោយ​ប្រសិទ្ធ​ភាព។​ ក្រៅ​ពី​នេះ​ លោក​បាន​បន្ត​ថា​ តក្កវិជ្ជា​ និង​ទស្សន​វិជ្ជា​នៃ​ច្បាប់​នេះ​ និង​ការ​បង្កើត​របស់​វា​កើត​ឡើង​ស្រប​ពេល​ជាមួយ​នឹង​ពាក្យ​សម្តី​របស់​សម្ព័ន្ធមិត្ត​និង​ដៃគូ​នៅ​ក្នុង​សម្ព័ន្ធ​ភាព​អង្គការ​អូតង់។​

មន្រ្តី​រុស្ស៊ី​បាន​ប្រកាស​ប្រឆាំង​ការ​លុប​ចោល​ភាព​មិន​ចង​សម្ព័ន្ធ​ ដោយ​លើក​ឡើង​ថា​ វាជា​អ្វី​មួយ​ដែល​គំរាម​កំហែង​ទៅ​លើ​ដំណើរការ​សន្តិភាព​នៅ​ប្រទេស​អ៊ុយក្រែន។ តំណាង​រុស្ស៊ី​ អ៊ុយក្រែន​ និង​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​បានជួប​ពិភាក្សា​នៅ​ក្រុង​មីងស្ក ​(Minsk)​សម្រាប់​កិច្ច​ពិភាក្សា​សន្តិភាព។​

ក្រុម​អ្នក​វិភាគ​នយោបាយ​បាន​និយាយ​ថា​ ការ​គាំទ្រ​ក្រុម​ឧទ្ទាម​របស់​រុស្ស៊ីមាន​គោលដៅ​រក្សា​អស្ថិរភាព​នៅ​អ៊ុយក្រែន​ដើម្បី​មិន​ឲ្យ​ប្រទេស​នោះ​ចូលរួម​ជាមួយ​នឹង​អង្គការ​អូតង់​ ដែល​មិន​ផ្តល់​សមាជិកភាព​ឲ្យ​ប្រទេស​ដែល​មាន​ជម្លោះ។​

មុន​ពេល​ធ្វើ​កិច្ច​ប្រជុំ​នៅ​ក្រុងមូស្គូ​ ប្រធានាធិបតី​ បេឡារុស ​និង កាហ្សាក់ស្ថាន​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​កៀវ​ សម្រាប់​អ្វី​ដែល​អ្នក​វិភាគ​នយោបាយ​និយាយ​ថា​ ជា​កិច្ច​ប្រឹងប្រែង​មួយ​ក្នុង​ការ​រក្សា​លំនឹង​ទំនាក់ទំនង​រវាង​អ៊ុយក្រែន​ និងរុស្ស៊ី​ដែល​កាន់​តែ​មាន​ភាព​គឃ្លើន​ឡើងនោះ។​

អ្នក​វិភាគ​គឺ​លោក​ប៉ាឡាស ហ្សារ៉ាប៊ីក​ (Balazs Jarabik) ​ដែល​ជា​បណ្ឌិត​ចុះ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​ Carnegie Endowment for Peace​ បាន​និយាយ​ថា​ ប្រទេស​ជិត​ខាង​នឹង​រុស្ស៊ី​បាន​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​សន្តិសុខ​និង​សេដ្ឋកិច្ច។​

លោកហ្សារ៉ាប៊ីក​បាន​ថ្លែង​ថា៖ «ដូច្នេះ ​ប្រសិន​បើ​រុស្ស៊ី​ចុះ​នរក ហើយ​អ៊ុយក្រែន​ចុះ​នរក​ បន្ទាប់​មក​បេឡារុស​នឹង​ជា​ប្រទេស​ទី​បី​ដែល​នឹង​ចុះ​នរក​យ៉ាង​ច្បាស់​ ដែល​នេះ​យើង​និយាយ​ពី​ផ្នែក​សេដ្ឋកិច្ច។​ ដូច្នេះ​ នេះ​មិន​មែន​ជា​អ្វី​មួយ​ដែល​លោក​អាឡិចសាន់ឌឺ​ លូកាសេនកូ​ (Alexander Lukashenko) អាច​ត្រឹម​តែ​ឈរ​មើល​បាន​ទេ។ ហើយ​នេះ​ជា​ហេតុផល​មួយ​ដែល​លោក​ឈរ​នៅ​កណ្តាល​ និង​ព្យាយាម​សម្រប​សម្រួល​ប្រទេស​ទាំង​ពីរ។​ ប៉ុន្តែ​នេះ​ជា​សញ្ញា​យ៉ាង​សំខាន់​មួយ​ ដែល​ប្រទេស​ទាំង​នោះ​មិន​ងាយ​ចុះ​ចូល​នឹង​មនោគម​ណា​មួយ។​ ខ្ញុំ​សំដៅ​ទៅ​បេឡារុស​ និង​ កាហ្សាក់ស្ថាន​មិន​បាន​ចុះ​ចូល​នឹង​ការ​ឃោសនា​លិទ្ធិ​របស់​រុស្ស៊ី​ និង​មិន​ចុះ​ចូល​ជាមួយ​នឹង​អ្វី​ដែល​រុស្ស៊ី​កំពុង​តែ​ធ្វើ​ទេ។ ហើយ​សម្លឹង​មើល​ឲ្យ​កាន់​តែ​ច្បាស់​ទៅ​ ប្រទេស​ទាំង​នោះ​អាច​ប្រឈមនឹង​ការ​លុកលុយ​ ឬ​ភាព​គឃ្លើន​របស់​រុស្ស៊ី។​

រដ្ឋាភិបាល​ក្រុង​មូស្គូ​ក៏​ចង់​បាន​នូវ​ការ​គ្រប់គ្រង​ប្រសើរ​ជាង​មុន​តាម​រយៈ​សម្ព័ន្ធ​រឹង​មាំ​ជាង​មុន។ បន្ថែម​ពី​លើ​សម្ព័ន្ធភាព​សេដ្ឋកិច្ច​ សមាជិក​សភា​រុស្ស៊ី​ចង់​បាន​ចំណង​នយោបាយ​និង​យោធា​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​មីងស្ក​ និងអាស្តាណា​(Astana) ​បាន​ទទូច​ថា ​សម្ព័ន្ធភាព​នេះ​មានត្រឹម​តែផ្នែក​សេដ្ឋ​កិច្ច​បានហើយ។​

រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ខាង​លើ​ក៏​បាន​បដិសេធ​មិនចូលរួម​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​លើ​ការ​ដាក់​បង្ខាំង​នូវ​ការ​នាំ​ចូល​អាហារ​ពី​អឺរ៉ុប​ និង​អាមេរិក​ខាងជើងក្នុង​ការ​តបតប​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​បស្ចឹម​ប្រទេស​ប្រឆាំង​នឹង​រុស្ស៊ី។​ រដ្ឋាភិបាល​ក្រឹមឡាំង​(Kremlin)​បាន​ឆ្លើយ​តប​ជាមួយ​នឹង​ការ​ដាក់​កំហិត​លើ​ការ​នាំ​ចូលផលិតផល​មួយ​ចំនួន​ពី​បេឡារុស​ ដែល​ត្រូវ​បាន​ជឿ​ថា​ជា​ការ​នាំទំនិញ​បន្ត​ចូល​ពី​អឺរ៉ុប។​

តម្លៃ​រូបិយបណ្ណ​រូប៊ល​ (rouble)​របស់​បេឡារុស​បាន​ធ្លាក់​ថ្លៃ​៣០​ភាគរយ​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​មីងស្ក​បាន​អនុម័ត​ពន្ធ​៣០​ភាគរយ​លើ​ការ​ទិញ​រូបិយ​បណ្ណ​បរទេស។​ នៅចុង​ខែ​ធ្នូ​ រដ្ឋាភិបាល​ក្រុង​មីងស្ក​បាន​បញ្ឈប់​ការ​ប្តូរ​រូបិយ​បណ្ណ​បរទេស​នៅ​គ្រប់​ទី​កន្លែង។​

​វិធានការ​នោះ​ត្រូវ​បាន​ចាត់​ឡើង​នៅ​ក្នុង​ការ​ព្យាយាម​ការពារ​ការ​ធ្លាក់​ចុះថ្លៃ​រូបិយបណ្ណ​របស់​បេឡារុសបន្ថែម​ស្រប​ជាមួយ​ប្រាក់​រូប៊ល​របស់​រុស្ស៊ី​ ដែល​បាន​ធ្លាក់​ថ្លៃ​ពាក់​កណ្តាល​ធៀប​នឹង​ប្រាក់​ដុល្លារ។ លោក​លូកាសេនកូ​ក៏​បាន​ប្រកាស​ពី​បំណង​របស់​លោក​ក្នុង​ការ​ប្រើ​ប្រាក់​ដុល្លារ​នៅ​ក្នុង​ជំនួញ​ជាមួយ​រុស្ស៊ី​ ដែល​នេះ​បាន​ប៉ះពាល់​ក្តី​សង្ឃឹម​របស់​រដ្ឋាភិបាល​ក្រឹមឡាំង​ ដែល​ថា​នៅ​ថ្ងៃ​ណា​មួយ​នឹង​អាច​រួបរួម​ប្លុក​ពាណិជ្ជកម្ម​ ក្រោមការ​ប្រើរូបិយបណ្ណ​ រូប៊ល​រុស្ស៊ី៕

ប្រែសម្រួលដោយ៖ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG