កិច្ចពិភាក្សារវាងអ្នកចរចារដ្ឋាភិបាលអ៊ុយក្រែននិងសមភាគីទាមទារបំបែករដ្ឋដែលលម្អៀងទៅរកប្រទេសរុស្ស៊ីបានបរាជ័យដោយមិនបានបំបែកភាពទាល់ច្រកណាមួយដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេល៨ខែនៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែនទេ។
មេដឹកនាំទាមទារបំបែករដ្ឋបានត្រូវដកស្រង់សម្តីមកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធផលជាក់ស្តែងតែមួយគត់នៃការចរចាក្នុងប្រទេសបេឡារុស (Belarus) នៅសប្តាហ៍នេះជាកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌនៃការដោះលែងអ្នកទោសប្រហែល៤រយនាក់។
កិច្ចខំប្រឹងប្រែងដើម្បីសន្តិភាពក៏បានពាក់ព័ន្ធនឹងមន្ត្រីរុស្ស៊ីនិងអ្នកសម្រុះសម្រួលមកពីអង្គការដើម្បីសន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប។
គោលដៅនោះគឺពង្រឹងបទឈប់បាញ់គ្នាកាលពីខែកញ្ញាដែលបានកាត់បន្ថយការប្រយុទ្ធគ្នា។
ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋកាលពីថ្ងៃព្រហស្បតិ៍ លោក Sergeir Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបាននិយាយថា បំណងរបស់ប្រទេសអ៊ុយក្រែនដើម្បីក្លាយជាសមាជិករបស់អង្គការអូតង់បណ្តាលឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខអឺរ៉ុប។
លោក Lavrov បាននិយាយបន្តទៀតថា ប្រទេសលោកខាងលិចខ្លះចង់ប្រើប្រាស់ការស្វះស្វែងរបស់រដ្ឋាភិបាលអ៊ុយក្រែនចូលក្នុងអង្គការអូតង់ដើម្បីរក្សាវិបត្តិក្នុងប្រទេសអ៊ុយក្រែន ហើយនិងធ្វើឲ្យមានការប្រឈមរវាងអ៊ុយក្រែននិងរុស្ស៊ី។
អង្គការអូតង់បានបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់អឺរ៉ុបខាងកើតនៅឆ្នាំនេះបណ្តាលមកពីការគាំទ្ររបស់រុស្ស៊ីដល់ពួកបះបោរនៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។
រដ្ឋាភិបាលទីក្រុងម៉ូស្គូបានបន្តបដិសេធពីការគាំទ្រការបះបោរនេះ៕