អន្លង់វែងជាតំបន់អតីតខ្មែរក្រហមចុងក្រោយ ដែលកាលពីជាង២០ឆ្នាំមុននៅមានការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមដែលនៅសេសសល់និងកងកម្លាំងរដ្ឋាភិបាលកម្ពុជា។ រហូតដល់ឆ្នាំ១៩៩៨ ទើបមានសមាហរណកម្មបញ្ចប់សង្រ្គាមទាំងស្រុង។ កម្លាំងខ្មែរក្រហមដែលនៅសេសសល់បន្តរស់នៅក្នុងតំបន់នេះ។ រហូតមកដល់ពេលនេះ អ្នកចំណូលថ្មីក៏បានមករស់នៅតំបន់អន្លង់វែង លាយឡំជាមួយអតីតខ្មែរក្រហមផងដែរ។
នៅថ្ងៃសៅរ៍ ទី៥ ខែមករានេះ មជ្ឈមណ្ឌលសន្តិភាពដែលស្ថិតនៅក្រោមមជ្ឈមណ្ឌលឯកសារកម្ពុជា នឹងរៀបចំឲ្យមានពិព័រណ៍មួយស្តីអំពី«ថ្មើរជើងប្រវត្តិសាស្ត្រ»។ ពិព័រណ៍នេះនឹងបង្ហាញអំពីប្រវត្តិមេដឹកនាំខ្មែរក្រហមមួយចំនួន ដូចជាតាម៉ុក ហៅឈិត ជឿន ឬ អ៊ុង ជឿន អតីតលេខាភូមិភាគនិរតី មេដឹកនាំប៉ុល ពត ក្រុមគ្រួសារនិងបក្ខពួក។ ពិព័រណ៍ទាំងនេះត្រូវបានដំឡើងនៅលើទីតាំងសំខាន់ៗមួយចំនួន រួមមានសាលាស្រុកអន្លង់វែង សារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង ឬសារមន្ទីរអតីតផ្ទះតាម៉ុក មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ផ្ទះប៉ុល ពត និងខៀវ សំផន និងសាលាខេត្តឧត្តរមានជ័យ។
លោក លី សុខឃាង ជានាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលជាគម្រោងមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam)បានថ្លែងប្រាប់ VOA ថា គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្រ្តនៃស្រុកអន្លង់វែង ដែលជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម។
លោកមានប្រសាសន៍ថា៖
«ការដែលរត់ កាលដែលដើររួមគ្នានៅក្នុងសហគមន៍អន្លង់វែង មានន័យថា ជាការចាប់ផ្តើមជាថ្មីរបស់ប្រជាជននៅសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូលដើម្បីឲ្យយើងស្វែងយល់ និងលើកកម្ពស់ថែរក្សាសន្តិភាព និងការរីកលូតលាស់របស់សង្គមយើងនាពេលអនាគត»។
លោកបន្តថា បច្ចុប្បន្ននេះ អន្លង់វែងជាកន្លែងរស់នៅដែលមានអតីតខ្មែរក្រហមប្រមាណ៧០ទៅ៨០ភាគរយ និងអ្នកចំណូលថ្មីលាយឡំគ្នា។ លោកមានប្រសាសន៍ថា៖
«អ្នកចំណូលថ្មី និងអ្នកមូលដ្ឋានអីអស់ហ្នឹង ភាគច្រើន អ្នកទាំងអស់ហ្នឹងស្គាល់គ្នា។ ក៏ប៉ុន្តែហាក់ដូចជាការប្រាស្រ័យទាក់ទងគ្នាហ្នឹង វាធម្មតា។ មិនជាមានបញ្ហាអីធំដុំទេ»។
ទោះជាយ៉ាងណា ការនិយាយលម្អិតអំពីអតីតកាលនៃសម័យខ្មែរក្រហម និងការប្រព្រឹត្តរបស់អតីតខ្មែរក្រហមនៅតែជាចម្ងល់នៅឡើយថា តើពួកគេហ៊ាននិយាយការណ៍ពិតបានកម្រិតណា។ លោកលី សុខឃាង មានប្រសាសន៍ថា៖
«ខ្ញុំមិនហ៊ានជាសន្និដ្ឋានឲ្យបាន១០០ភាគរយដែរ។ ក៏ប៉ុន្តែខ្ញុំគិតថា ជាឪពុកម្តាយ ជាក្រុមគ្រួសារ ប្រហែលជាគាត់នឹងចែករំលែកតែអ្វីដែលវាមានលក្ខណៈដូចថា មិនស៊ីជម្រៅខ្លាំងពេកទេ គ្រាន់តែនិយាយអំពីរបបទូទៅ។ ប៉ុន្តែមិនដល់លក្ខណៈថា ធ្លាប់ធ្វើនេះ ធ្វើនោះដែលវាជាកំហុសឆ្គងដល់កូនចៅ»។
កាលពីចុងខែធ្នូឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបានរៀបចំព្រឹត្តិការណ៍អបអរសាទរសន្តិភាពខួបទី២០ដែលជាការដាក់ចេញនូវ «នយោបាយឈ្នះឈ្នះ» របស់លោកនាយករដ្ឋមន្រ្ តីហ៊ុន សែនក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជាគឺការបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់អន្លង់វែង។
ម្ភៃឆ្នាំក្រោយមក អន្លង់វែងបានក្លាយជាទីតាំងប្រវត្តិសាស្រ្ត ក្នុងនោះមានទីតាំងសពប៉ុល ពតព័ទ្ធជុំវិញដោយសំណង់អគារថ្មីៗ រួមមានលំនៅដ្ឋាន សណ្ឋាគារ និងកាស៊ីណូជាដើម។ អតីតខ្មែរក្រហមភាគច្រើនរស់នៅជនបទប្រកបរបរកសិកម្ម។
នៅក្នុងស្រុកអន្លង់វែងមានអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ដែលរងការចោទប្រកាន់របស់តុលាការខ្មែរក្រហមគឺអ្នកស្រីអ៊ឹម ចែម។ អតីតខ្មែរក្រហមមួយចំនួននៅតែមានភាពភ័យខ្លាច ដោយសារពួកគេឃើញមានតុលាការខ្មែរក្រហមកំពុងកាត់ទោសអតីតថ្នាក់ដឹកនាំខ្មែរក្រហមកំពូលៗមួយចំនួន។
រស់នៅក្នុងស្រុកអន្លង់វែង លោក ប៉ាញ សំអុន អាយុ៧០ឆ្នាំ បានថ្លែងថា លោកធ្លាប់ជាអតីតទាហានខ្មែរក្រហម និងជាអ្នកគ្រប់គ្រងនៅតំបន់មួយ ដែលលោកថា មានការធ្វើទារុណកម្ម និងការធ្វើបាបប្រជាពលរដ្ឋផងដែរ។ លោកមានប្រសាសន៍ថា លោកបានចុះចូលជាមួយរដ្ឋាភិបាល មិនតាមតាម៉ុកនោះទេ ដោយលោកយល់ថា កម្លាំងរបស់តាម៉ុកមិនអាចនៅបានយូរអង្វែងនោះទេ។
លោកមានប្រសាសន៍ថា៖
«ដូចខ្ញុំបានសម្រេចចិត្តខ្លួនឯងយូរមកហើយ ព្រោះខ្ញុំមើលទៅចលនាហ្នឹងមិនធានានិរន្តរភាពទេ។ តស៊ូអីបានទៀតទេ! វាអស់កម្លាំងទៅហើយ។ ទៅតាមគាត់ ម៉េចកើតទៀត!»
លោក សំអុន ដែលមានកូន៧នាក់ មានប្រសាសន៍ថា លោកបានអប់រំ និងដំណាលរឿងខ្មែរក្រហមទៅកូនៗរបស់លោកអំពីដើមហេតុនៃសង្រ្គាម ចលនាតស៊ូប្រឆាំងនឹងអាមេរិក និងការរស់នៅលំបាកក្នុងសម័យខ្មែរក្រហមផងដែរ។
លោកបានថ្លែងថា៖
«ប្រាប់តើថា របបហ្នឹង ការរស់នៅវាលំបាក ការហូបចុក ការរស់នៅគេប្រើមនុស្សដូចសត្វ ដូចធាតុ ចាប់ចង កាប់ សម្លាប់។ ខ្ញុំអប់រំណែនាំជាប់ ហើយណែនាំវាពីព្រេងសំណាង ដែលវាកើតមកសម័យនេះ បានសុខសន្តិភាព រស់នៅជួបជុំគ្រួសារអ៊ីចឹងទៅ។ តាមពិតវាដឹង។ យើងមិនប្រាប់ក៏វាដឹងដែរ ព្រោះនៅនេះគេហៅខ្មែរក្រហម វាដឹងថា ម៉ែឪវាខ្មែរក្រហម»។
ទោះជាយ៉ាងណា លោកសំអុនមានប្រសាសន៍ថា លោកមិនមានបំណងចូលធ្វើជាទាហានខ្មែរក្រហមអ្វីនោះទេ តែលោកចូលធ្វើទ័ពតាមការអំពាវនាវរបស់អតីតព្រះបរមរតនកោដ្ឋ សម្តេចសីហនុគឺដើម្បីផ្តួលរំលំរបបលន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
ការចូលធ្វើទ័ពរបស់លោកសំអុនរហូតធ្លាក់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម គឺដូចនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែលធ្លាប់ជាទាហានខ្មែរក្រហមម្នាក់ផងដែរ។ តែលោកហ៊ុន សែនលើកឡើងថា លោកមិនបានដឹងថា លោកជាទាហានខ្មែរក្រហមទេ។
នៅក្នុងកិច្ចសម្ភាសន៍ជាវីដេអូមួយកាលពីខែកញ្ញាឆ្នាំ២០១៥ជាមួយផលិតករភាពយន្តអាមេរិកម្នាក់ឈ្មោះ Robert H. Lieberman លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានមានប្រសាសន៍ថា លោកចូលធ្វើកងទ័ពតាមការអំពាវនាវរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖
«ហើយខ្ញុំមិនទទួលយល់ព្រមថា ពេលនោះខ្ញុំចូលជាមួយពួកខ្មែរក្រហមទេ ព្រោះកាលពីសម័យមុន អ្នកដែលខ្ញុំស្អប់ជាងគេគឺខ្មែរក្រហមហ្នឹងតែម្តង។ តែអ្វីដែលខ្ញុំចូលតាមគឺការអំពាវនាវរបស់សម្តេចសីហនុ។ សម្តេចសីហនុមិនមែនជាខ្មែរក្រហមទេ បូកជាមួយនឹងការឈ្លានពានរបស់អាមេរិក បូកនឹងការឈ្លានពានរបស់វៀតណាមខាងត្បូង តម្រូវឲ្យខ្ញុំចូលរួមក្នុងចលនាតស៊ូ ហើយបោះបង់ចោលការសិក្សា»។
លោក លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង មានប្រសាសន៍ថា ការផ្សះផ្សានៃរបបខ្មែរក្រហមត្រូវការពេលវេលា ហើយការផ្សព្វផ្សាយអំពីរបបនេះក៏ត្រូវតែធ្វើឡើងជាបន្តបន្ទាប់សម្រាប់ក្មេងជំនាន់ក្រោយផងដែរ។ បើតាមលោកលី សុខឃាង អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍«ថ្មើរជើងប្រវត្តិសាស្រ្តនេះ» រួមមានអាជ្ញាធរកម្ពុជា កងកម្លាំងប្រដាប់អាវុធ មន្រ្តីទូត និស្សិតបរទេស ពលរដ្ឋរស់ក្នុងស្រុកអន្លង់វែង និងយុវជនប្រមាណ៧០០ទៅ៨០០នាក់ ដែលពួកគាត់មួយចំនួនជាកូនរបស់អតីតខ្មែរក្រហមផងដែរ៕