ក្នុងពិធីប្រកាសតែងតាំង អភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស ខេង បានថ្លែងថា គោលនយោបាយ និងគោលកាណ៍របស់កម្ពុជាបានកំណត់យកការកាត់ទោសថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងរបបខ្មែរក្រហម ដូច្នេះលោកថា ក្រោយការកាត់ទោស នួន ជា និងខៀវ សំផន ចប់ ដំណើរការក្នុងសំណុំរឿងក៏ចប់ មិនមានមុខសញ្ញាណាផ្សេងត្រូវនាំយកទៅកាត់ទោសបន្តនោះទេ។
លោកបញ្ជាក់ថា៖
«សម្រាប់មុខសញ្ញាដែលនាំមកកាត់ទោសអត់មានទៀតទេ ពីព្រោះថាការកំណត់ជាគោលនយោបាយ និងគោលការណ៍របស់យើង គឺថាអ្នកដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតមុខសញ្ញាពីរហ្នឹង ឥឡូវនេះយើងបានដំណើរការសព្វគ្រប់ ហើយមិនមានអីទៀតទេ»។
អនុប្រធានបក្សកាន់អំណាច និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ផ្ញើសារប្រាប់ទៅអ្នកដែលធ្លាប់ពាក់ព័ន្ធនឹងរបបខ្មែរក្រហមថា៖
«អញ្ចឹងចំណុចនេះខ្ញុំចង់បញ្ជាក់ថា នៅទីនេះដោយសារមានបងប្អូនដែលធ្លាប់រួមសកម្មភាពជាមួយអតីតមេដឹកនាំទាំងនោះ។ រឿងនេះវាវែងឆ្ងាយណាស់ទៅហើយ មិនមែនថ្មីថ្មោងទេ។ ប៉ុន្តែយើងថា កុំមានការព្រួយបារម្ភអីថានឹងមានការបន្តតុលាការនេះដើម្បីស្រាវជ្រាវរកមុខសញ្ញានេះ មុខសញ្ញានោះទៀត អត់មានទេ»។
ការលើកឡើងរបស់ លោក ស ខេង គឺមួយថ្ងៃក្រោយពេលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី១៦ ខែវិច្ឆិកានេះ កាត់ទោស នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២/០២ ចំពោះអំពើប្រល័យពូជសាសន៍ក្នុងរបបដ៏ខ្មៅងងឹតនោះ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នួន ជា ដែលមានវ័យ៩២ឆ្នាំ និង ខៀវ សំផន ដែលមានវ័យ៨៧ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតម្តងរួចមកហើយ ពាក់ព័ន្ធនឹងសំណុំរឿង០០២/០១ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសម្លាប់អ្នកសាធារណរដ្ឋ។
រហូតមកដល់ពេលនេះ ក្រៅពីសំណុំរឿង០០១ និង០០២ ក៏នៅមានសំណុំរឿង ០០៣ និង០០៤ ដែលកំពុងស្ថិតក្នុងនីតិវិធីរបស់សាលាក្តីកូនកាត់មួយនេះផងដែរ។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម នៅរសៀលថ្ងៃច័ន្ទនេះ សុំមិនធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ទោះយ៉ាងណា លោកប្រាប់ VOA ថា សាលាក្តីខ្មែរក្រហមកំពុងបន្តដំណើរការនីតិវិធីលើសំណុំរឿង ០០៣ និង០០៤ ជាធម្មតា។
លោកបញ្ជាក់ថា៖
«សំណុំរឿង០០៣ ០០៤ នេះ គឺកំពុងតែនៅក្នុងដៃរបស់ចៅក្រមស៊ើបអង្កេត ដែលគាត់កំពុងតែធ្វើការវិភាគទៅលើភស្តុតាង ដើម្បីឈានទៅដល់ការចេញដីកាដំណោះស្រាយ។ សូមជម្រាបថា ក្នុងសំណុំរឿង០០៣ ដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេតហ្នឹង អាចនឹងប្រកាសក្នុងឆមាសទី៤ ឆ្នាំ២០១៨ហ្នឹង។ ហើយសម្រាប់សំណុំរឿង០០៤ គឺពាក់ព័ន្ធជាមួយនឹងជនសង្ស័យ ឱ អាន ជនសង្ស័យ យឹម ទិត និង អ៊ឹម ចែម គឺដំណើរការនីតិវិធីបានអនុវត្ត»។
សំណុំរឿងអ្នកស្រី អ៊ឹម ចែម ដែលជាអតីតចៅហ្វាយស្រុកព្រះនេត្រព្រះក្នុងសម័យខ្មែរក្រហម ត្រូវបានទម្លាក់ចោលការចោទប្រកាន់ ដោយសារតុលាការរកមិនឃើញថាអ្នកស្រីជាមេដឹកនាំជាន់ខ្ពស់ដែលត្រូវយកមកកាត់ទោសនោះទេ។ ចំណែកករណីលោក ឱ អាន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម កំពុងស្ថិតក្នុងភាពចម្រូងចម្រាសរវាងសហចៅក្រមខ្មែរ និងបរទេស។
លោក នេត្រ ភក្ត្រា ពន្យល់ករណីលោក ឱ អាន ថា៖
«ចៅក្រមជាតិគាត់ចេញថា លោក ឱ អាន មិនស្ថិតនៅក្នុងដែនយុត្តាធិការដែលត្រូវកាត់ទោស ក៏ប៉ុន្តែសម្រាប់សហចៅក្រមស៊ើបអង្កេតគាត់ចេញថា លោក ឱ អាន គឺស្ថិតនៅក្នុងដែនយុត្តាធិការរបស់តុលាការដែលត្រូវយកទៅជំនុំជម្រះក្តី។ អីចឹងគឺឥឡូវនេះកំពុងតែស្ថិតនៅដំណាក់កាលមួយនៅចៅក្រមស៊ើបអង្កេតនៅឡើយ ដោយរង់ចាំការបកប្រែភាសាទៅលើដីកាដំណោះស្រាយជាមុនសិន មុននឹងឈានទៅដល់ការអនុវត្តបន្តទៅទៀត»។
លោក នេត្រ ភក្រ្តា ពន្យល់ពីសំណុំរឿងរបស់លោក យឹម ទិត អតីតកម្មាភិបាលខ្មែរក្រហមមួយរូបទៀត ដែលកំពុងស្ថិតក្នុងសំណុំរឿង០០៤ថា៖
«ដោយឡែកករណីលោក យឹម ទិត គឺសំណុំរឿងនេះកំពុងតែនៅក្នុងដៃចៅក្រមស៊ើបអង្កេត ហើយគេគ្រោងនឹងចេញដីកាដំណោះស្រាយនៅក្នុងត្រីមាសទី២ ឆ្នាំ២០១៩ខាងមុខ»។
លោក នេត្រ ភក្ត្រា បានបន្ថែមថា បើតាមសេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហមសម្រេចថា មិនផ្តួចផ្តើមឲ្យមានការចោទប្រកាន់ជនណាផ្សេងទៀតក្រៅតែពីជនដែលកំពុងស្ថិតក្នុងសំណុំរឿង០០៣ និង០០៤នោះទេ។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតមេបញ្ជាការខ្មែរក្រហមមួយរូប ធ្លាប់បានប្រកាសរំលាយសាលាក្តីខ្មែរក្រហមចោល ប្រសិនបើតុលាការកូនកាត់មួយនេះ បន្តនាំខ្លួនជនសង្ស័យបន្ថែម ក្នុងសំណុំរឿង០០៣ និង០០៤ ដែលមានជនសង្ស័យដំបូង៥នាក់ មកកាត់ទោសបន្ត។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគផ្នែកសង្គម និងនយោបាយ ប្រាប់ VOA ថា ការថ្លែងរបស់លោក ស ខេង ធ្វើឡើងដើម្បីឲ្យស៊ីសង្វាក់ទៅនឹងគោលជំហររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលប្រកាសមិនឲ្យបន្តការកាត់ទោសមេដឹកនាំខ្មែរក្រហមផ្សេងទៀត។ លោកបន្ថែមថា ការថ្លែងរបស់មន្រ្តីជាន់ខ្ពស់ថ្នាក់កំពូលបែបនេះ អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការបន្តនីតិវិធីរបស់តុលាការ។
លោកមានប្រសាសន៍ថា៖
«ករណីអ្នក០០៣ ០០៤ កំពុងតែមានមុខនៅតុលាការនៅឡើយ មិនទាន់បានសម្រេចថាបញ្ចប់អីផងទេ អញ្ចឹងសេចក្តីថ្លែងការណ៍នេះគឺចូលការជ្រៀតជ្រែក គឺមានការរំលោភទៅលើ ទី១ ការបែងចែកអំណាច ទី២ គឺតុលាការឯករាជ្យ»។
សាលាក្តីខ្មែរក្រហមត្រូវបានបង្កើតឡើងក្រោមជំនួយរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៦ ក្នុងគោលបំណងស្វែងរកការពិត និងយុត្តិធម៌ ចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកើតមានឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដឹកនាំដោយបក្សកុម្មុយនីស្តកម្ពុជា ឬដែលគេស្គាល់ថា ជាក្រុមខោអាវខ្មៅខ្មែរក្រហម។
លោក Simon Walker តំណាងការិយាល័យឧត្តមស្នងការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា ឧត្តមស្នងការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅតែគាំទ្រដំណើរការកាត់ក្តីរបស់សាលាក្តីខ្មែរក្រហម តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ និងចំណេះដឹងផ្សេងៗ។
លោកបន្ថែមថា៖ «ចៅក្រមនឹងធ្វើការសម្រេចចិត្តលើការបន្តករណីដែលមិនទាន់បានបញ្ចប់ ដោយភាពឯករាជ្យ និងមិនលំអៀង និងផ្អែកលើហេតុការណ៍ពិត និងដោយមិនមានឥទ្ធិពល ឬសម្ពាធណាមួយ»។
ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៧ សាលាក្តីខ្មែរក្រហម បានចំណាយថវិកាអស់២៩៧លានដុល្លារអាមេរិក ដែលជាថវិកាបានមកពីរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយអន្តរជាតិផ្សេងៗ រួមមានប្រទេសជប៉ុន សហភាពអឺរ៉ុប (EU) សហរដ្ឋអាមេរិកជាដើម។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា សហភាពអឺរ៉ុបបាន ស្វាគមន៍សាលក្រមរបស់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃសុក្រកន្លងទៅ ថាជាជំហានសំខាន់មួយក្នុងបរិបទទទួលខុសត្រូវសម្រាប់បទឧក្រិដ្ឋ ដែលត្រូវបានប្រព្រឹត្តឡើងអំឡុងពេលគ្រប់គ្រងដោយខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់១៩៧៩។
លោកសរសេរបញ្ជាក់ថា៖
«សហភាពអឺរ៉ុបនឹងបន្តគាំទ្រសាលាក្តីខ្មែរក្រហម។ សហភាពអឺរ៉ុប និងសមាជិករបស់ខ្លួនបានផ្តល់ហិរញ្ញប្បទានជិត៣០ភាគរយ នៃហិរញ្ញប្បទានសរុបសម្រាប់សាលាក្តីខ្មែរក្រហម។ សេចក្តីសម្រេចទៅលើដីកាចោទប្រកាន់គឺសម្រាប់សាលាក្តីខ្មែរក្រហម ដូចនេះខ្ញុំសូមមិនបញ្ចេញយោបល់បន្ថែម»។
ចំណែកស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតជប៉ុនប្រចាំកម្ពុជា មិនទាន់ឆ្លើយតបនឹងសំណួររបស់ VOA នៅឡើយ រហូតដល់ល្ងាចថ្ងៃច័ន្ទនេះ។
ក្នុងអំឡុងពេលដំណើរការចាប់តាំងពីឆ្នាំ២០០៦មក ក្រៅពី នួន ជា និង ខៀវ សំផន សាលាក្តីខ្មែរក្រហមបានឃុំខ្លួនអតីតមេដឹកនាំខ្មែរក្រហមផ្សេងទៀត គឺ កាំង ហ្គេចអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស២១ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង០០១ ចំណែក អៀង សារី និង អៀង ធីរិទ្ធ បានស្លាប់ក្នុងពេលដំណើរការកាត់ទោសក្នុងឆ្នាំ២០១៣និង២០១៥៕