ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ចេញ​ដីកា​ដំណោះស្រាយ​ផ្ទុយ​គ្នា​​​លើ​ការ​កាត់​ទោស​លោក​​​មាស មុត​


រូប​ឯកសារ៖ លោក មាស មុត អតីត​មេ​បញ្ជាការ​យោធា​ជើងទឹក​សម័យ​ខ្មែរក្រហម នៅ​គេហដ្ឋាន​របស់​លោក​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)
រូប​ឯកសារ៖ លោក មាស មុត អតីត​មេ​បញ្ជាការ​យោធា​ជើងទឹក​សម័យ​ខ្មែរក្រហម នៅ​គេហដ្ឋាន​របស់​លោក​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​បញ្ជាក់​ថា ​​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​យល់​ឃើញ​ថា​ ​លោក​មាស មុត​​មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​​អ.វ.ត.ក.​​ក្នុង​នាម​មេដឹក​នាំ​ជាន់​ខ្ពស់​ ​ឬ​ជា​ជន​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នោះ​ទេ។

សហចៅក្រម​ស៊ើប​អង្កេត​ជាតិ​ ​និង​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហមបាន​ចេញ​ដីកា​ដំណោះ​ស្រាយ​ពីរ​ផ្ទុយ​គ្នាចំពោះ​សំណុំ​រឿង​០០៣ពាក់ព័ន្ធ​នឹង​ករណី​លោក ​មាស មុត​ ​សមាជិក​គណៈ​មជ្ឈឹម​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ថា ​ត្រូវ​នាំ​យក​ទៅ​កាត់​ទោស​ ​ឬ​អត់។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(អ.វ.ត.ក.)។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​ចេញ​នៅ​ថ្ងៃពុធ​ ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាបញ្ជាក់​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​យល់​ឃើញ​ថា​ ​លោក​មាស មុតមិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់អ.វ.ត.ក.ក្នុង​នាម​មេដឹក​នាំ​ជាន់​ខ្ពស់​ ​ឬ​ជា​ជន​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នោះ​ទេ​ ​ហើយ​ថា​ ​ការ​ចូល​រួម​របស់​លោក ​មាស មុត ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យក៏​មិន​សកម្មមិន​កៀក​កិត​ទៅ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ដែរ។​

ដីកា​ដំណោះ​ស្រាយ​របស់​សហ​ចៅក្រម​ជាតិ​ចេញ​នៅ​ថ្ងៃទី​២៨ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

«អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាមិន​មាន​យុត្តាធិការ​លើបុគ្គល​ មាស មុត​ ឡើយ។​ លើក​លែង​ការ​ចោទ​ប្រកាន់​លោកមាស មុត»។​

ចំណែក​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិយល់​ឃើញ​ថា​ លោកមាស មុត​ត្រូវ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​អ.វ.ត.ក.​ក្នុង​នាម​ជា​ជន​ម្នាក់​ក្នុង​ចំណោម​ជន​ទាំងឡាយ​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ ​ហើយ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ជំនុំជម្រះ​ពី​បទ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​វៀតណាម​ ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ​និង​អំពើ​មនុស្ស​ឃាត​គិតទុក​ជាមុន​ ​ដោយ​យោង​តាម​ច្បាប់​កម្ពុជា។​

លោក ​មាស មុត​ ​អតីត​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម ​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​សមាជិក​គណៈ​មជ្ឈឹម​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​លេខាធិការ​រង​នៃ​លេខា​កងពល​១៦៤​ ​(រាប់​បញ្ចូល​ទាំង​កងទ័ព​ជើង​ទឹក)​ ​លេខា​ស្វយ័ត​កំពង់​សោម។​ ​សព្វ​ថ្ងៃ​នេះ​ ​លោក​មាស មុត​កំពុង​រស់​នៅ​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង។​

រូប​ឯកសារ៖ មហាជន​ចូល​រួម​ទស្សនា ​និង​ស្ដាប់​សវនាការ​ស្ដាប់​ចម្លើយ​មួយ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ឯ​សាលា​ក្ដី​ខ្មែរ​ក្រហម។ (រូបថត​ផ្តល់​ឲ្យ​ដោយ ញ៉ែត សុខហេង/ECCC)
រូប​ឯកសារ៖ មហាជន​ចូល​រួម​ទស្សនា ​និង​ស្ដាប់​សវនាការ​ស្ដាប់​ចម្លើយ​មួយ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ឯ​សាលា​ក្ដី​ខ្មែរ​ក្រហម។ (រូបថត​ផ្តល់​ឲ្យ​ដោយ ញ៉ែត សុខហេង/ECCC)

កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ២០១៥​ ​ លោក​មាស មុតត្រូវ​បាន​សហ​ចៅក្រម​ស៊ើប​អង្កេត​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យពី​បទ​ឧក្រិដ្ឋ​ដែល​បាន​ចោទ​ប្រកាន់​មួយ​ចំនួនពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​ក្នុង​នោះ​រួម​មាន​ ​ការ​ធ្វើ​មនុស្ស​ឃាត​ ​ការ​សម្លាប់​រង្គាល​ ​ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ​ ​ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង​ ​ការ​ធ្វើ​ទារុណកម្ម​ ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ​និង​អំពើ​អមនុស្សធម៌​ដទៃ​ទៀត។

លោក នេត្រ ភក្រ្តា​ ​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ ​ប្រាប់​ ​VOA​ ​ថា​ ​ក្នុង​ករណី​ដែល​ដីកា​ដំណោះ​ស្រាយ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​ ​និង​អន្តរ​ជាតិមាន​លក្ខណៈ​ផ្ទុយ​គ្នា​បែប​នេះ​ ​ភាគី​ ដែល​ជា​ព្រះ​រាជអាជ្ញា​ ​និង​លោកមាស មុតផ្ទាល់​ ​នឹង​ពិចារណា​ថា​ ប្តឹង​ទៅ​អង្គ​បុរេ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​ ​ឬ​អត់។ ​ក្រោយ​ការ​សម្រេច​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​នោះ​ ​គ្រប់​ភាគី​ត្រូវ​អនុវត្ត​តាម​ការ​សម្រេច​ដោយមិន​មាន​ការ​តវ៉ា។​

លោក​បញ្ជាក់​ថា៖​

«ចំពោះ​ការ​សម្រេច​ហ្នឹង​គឺសម្រេច​ថា ​តើលោកមាស មុតនឹង​ស្ថិត​ក្នុង​ដែន​យុត្តាធិការ​ ​ឬ​មួយ​ក៏​អត់?​ ​បើ​សិន​ជា​ស្ថិត​ក្នុង​ដែន​យុត្តាធិការ​ត្រូវ​បញ្ជូនសំណុំ​រឿង​ទៅ​ជំនុំ​ជម្រះ​ ​ប៉ុន្តែ​បើសិន​ជា​សម្រេច​ថា​ មិន​ស្ថិត​ក្រោម​ដែន​យុត្តាធិការ​ទេ​គឺ​ត្រូវ​ទម្លាក់​បទ​ចោទ​ប្រកាន់។​ ​ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​យើង​មិន​ទាន់​ដល់​ដំណាក់​កាល​ហ្នឹង​ទេ​ ​គឺ​ត្រូវ​រង់​ចាំ​ការ​ប្តឹង​ឧទ្ធរណ៍​ពី​ភាគី​សិន»។​

VOA​ ​មិន​អាច​ទំនាក់ទំនងលោក​ ​មាស មុត​ ​ និង​មេធាវី​ជាតិ​របស់​លោក​គឺ​លោក អាង ឧត្តម​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជា​មួយ​ ​VOA​ ​កាល​ពី​ដើម​ឆ្នាំ​២០១៧​ ​នៅផ្ទះ​របស់​លោក ​ក្នុង​ស្រុក​សំឡូត​ ​ លោកមាស មុត​ ​អតីត​មេ​បញ្ជាការ​កងទ័ព​ជើងទឹក​ និង​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣​ ​បាន​អះអាង​ថា​ ​សំណុំ​រឿង​លោក​គឺ​ស្រេច​តែ​លើ​តុលាការ​ធ្វើ​តាម​នីតិវិធី។ ​លោក​បន្ថែម​ថា លោក​បាន​រៀបចំ​ក្តារ​មឈូស​ និង​គ្រឿង​សក្ការៈ​តាម​ទំនៀម​ទម្លាប់​ខ្មែរ ​សម្រាប់​ការ​ចែក​ឋាន​ (មរណភាព) ​របស់​លោកនៅ​ថ្ងៃ​អនាគត។​

លោក​បញ្ជាក់​ថា៖​

«ឥឡូវ​រឿង​ដែល​ខ្វល់​ធំ​ជាង​គេ​គឺ​ព្រះ​វិហារ ​(ពុទ្ធសាសនា)​វា​អត់​ទាន់​ហើយ។​ ​បើ​ថា ​ព្រះ​វិហារ​ហើយ​ ងាប់​ធូរ​ហើយ»។

សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ជំនួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ ​កាលពី​ឆ្នាំ​២០០៦​ក្នុង​គោល​បំណង​ស្វែងរក​ការណ៍​ពិត​ ​និង​យុត្តិធម៌​ ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំងមនុស្ស​ជាតិ​ ​ដែល​កើត​មាន​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ ​ដឹកនាំ​ដោយ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ ​ឬ​ដែលគេ​ស្គាល់​ថា​ ​ជា​ក្រុម​ខោអាវ​ខ្មៅ​ខ្មែរ​ក្រហម។

សាលាក្តី​កូន​កាត់​មួយ​នេះ​មាន​សំណុំ​រឿង​ចំនួន​៤​គឺ​សំណុំ​រឿង​០០១​ ​សំណុំ​រឿង ០០២​ ​សំណុំ​រឿង​០០៣​ ​និងសំណុំ​រឿង០០៤​ ​ដែល​កំពុង​ស្ថិត​ក្នុង​នីតិវិធី។​

កាលពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​នេះ​ ​សាលាក្តី​ខ្មែរក្រហម​បាន​កាត់ទោស​លោក​នួន​ ​ជា​ ​អតីត​អនុ​លេខា​បក្ស​កុម្មុយ​នីស្ត​កម្ពុជា​ ​និងលោក​ខៀវ​ ​សំ​ផន​ ​អតីត​ប្រមុខរដ្ឋ​នៃរបប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​ឬ​ខ្មែរ​ក្រហម​ ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ​ក្នុង​សំណុំ​រឿង​០០២/០២​ ​ចំពោះ​អំពើ​ប្រល័យ​ពូជ​សាសន៍​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​នោះ។​ ​អ្នក​ទាំងពីរ​ក៏​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ម្តង​រួច​មក​ហើយ​ កាល​ពី​ខែវិច្ឆិកាឆ្នាំ​២០១៦ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​០០២/០១​ ​ពី​បទឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្សជាតិ​ ​និង​សម្លាប់​អ្នក​សាធារណ​រដ្ឋ។​

ក្រៅ​ពី​លោកនួន ជា​ ​និង​លោកខៀវ សំផន ​តុលាការ​នេះ​បាន​ឃុំ​ខ្លួន​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​ផ្សេង​ទៀតគឺលោក​កាំង​ ​ហ្គេចអ៊ាវ​ ​ហៅ​ឌុច​ ​អតីត​ប្រធាន​មន្ទីរ​ស-២១​ ​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​សំណុំ​រឿង​០០១ចំណែក​លោកអៀង​ ​សារី​ ​និង​អ្នកស្រី​អៀង​ ​ធីរិទ្ធបាន​ស្លាប់​ក្នុង​ពេល​ដំណើរការ​កាត់ទោស​ក្នុង​ឆ្នាំ​២០១៥។​

ចំណែក​សំណុំ​រឿង​០០៤​ ​ពាក់ព័ន្ធ​នឹង​អ្នកស្រី​ ​អ៊ឹម ចែម​ ​ដែល​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះនេត្រ​ព្រះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ តុលាការ​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ​ដោយសារ​តុលាការ​រក​មិន​ឃើញ​ថា ​អ្នកស្រី​ជា​មេ​ដឹក​នាំ​ជាន់ខ្ពស់​ដែល​ត្រូវ​យក​មក​កាត់ទោស​នោះ​ទេ។​ ​ចំណែក​ករណី​លោកឱ អាន​ ​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ក៏​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស​រវាង​សហ​ចៅក្រម​ខ្មែរ​ ​និង​បរទេសផង​ដែរ។​

គួរ​បញ្ជាក់​ថា​ ​ក្រោយ​ការ​កាត់ទោស​លោក​នួន​ ​ជា​ ​និង​លោកខៀវ សំ​ផនមួយថ្ងៃ​ ​គឺ​នៅ​ថ្ងៃទី​១៧ខែ​វិច្ឆិកា​នេះ​ ​លោក​ ​ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ថា​ ​សាលាក្តី​ខ្មែរក្រហមមិន​មាន​ជន​សង្ស័យ​បន្ថែម​ទៀតដើម្បី​កាត់ទោស​នោះ​ទេ។

ចំណែក​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​ជា​អតីត​មេ​បញ្ជាការ​ខ្មែរ​ក្រហម​មួយ​រូប​ ​ក៏​ធ្លាប់​បាន​ប្រកាស​រំលាយ​សាលាក្តី​ខ្មែរក្រហម​ចោល​ ​បើ​តុលាការ​នេះ​បន្ត​នាំ​ខ្លួន​ជន​សង្ស័យ​បន្ថែម​ ​ក្នុង​សំណុំ​រឿង​០០៣​ ​និង​០០៤។​ ​ក្រោយ​ការ​ប្រកាស​នោះ​ ​គេ​ឃើញ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ជន​សង្ស័យ​មួយ​ចំនួន​ ​ដែល​ត្រូវបាន​គ្រោង​យក​មក​ជំនុំជម្រះ​ជា​បន្ត​បន្ទាប់៕

XS
SM
MD
LG