ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កត់ត្រា​អំពើ​ប្រល័យ​ពូជសាសន៍ ឈ្នះ​ពាន​រង្វាន់​ណូបែល​សម្រាប់​អាស៊ី


លោក ឆាំង យុ គឺជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និង​ជា​ស្ថាបនិក​នៃ​វិទ្យាសា្ថន​ស្លឹករឹត។ លោកក៏ជា​អ្នក​រស់រាន​មានជីវិត​ម្នាក់​ពី​របប​វាល​ពិឃាត​របស់​ខ្មែរក្រហម​ផងដែរ។ លោកបាន​​ទទួលពាន​រង្វាន់ ​Ramon Magsaysay ក្នុង​ទីក្រុង​ម៉ានីល​ ប្រទេសហ្វីលីពីន​ សម្រាប់ស្នាដៃ​រក្សា​ការ​ចងចាំ​ប្រវត្តិសាស្ត្រ​ ដើម្បីការ​សះស្បើយ​ផ្លូវ​ចិត្ត​ និង​យុត្តិធម៌។ (រូបថតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា)

ពាន​រង្វាន់ Magsasay នេះ​ទទួល​ស្គាល់​ការងារ​របស់​លោក ឆាង យុ ក្នុង​ការ​ថែ​រក្សា​ការ​ចងចាំ​នៃ​ការ​សម្លាប់​រង្គាល​ក្នុង​របប​ខ្មែរ​ក្រហម និង​បេសកកម្ម​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​យុត្តិធម៌​សម្រាប់​ប្រជាជន​កម្ពុជា។

លោក ឆាង យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ទទួល​រង្វាន់ Ramon Magsasay Award ប្រចាំ​ឆ្នាំ​២០១៨ កាលពីដើមខែកញ្ញានេះនៅក្នុងប្រទេស ហ្វីលីពីន។ រង្វាន់​ដ៏​ល្បីល្បាញ​នេះ ត្រូវ​បាន​ប្រៀបធៀប ជា​រង្វាន់​ណូបែល​ប្រចាំ​ទ្វីប​អាស៊ី។

ពាន​រង្វាន់ Magsasay នេះ​ទទួល​ស្គាល់​ការងារ​របស់​លោក ឆាង យុ ក្នុង​ការ​ថែ​រក្សា​ការ​ចងចាំ​នៃ​ការ​សម្លាប់​រង្គាល​ក្នុង​របប​ខ្មែរ​ក្រហម និង​បេសកកម្ម​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​យុត្តិធម៌​សម្រាប់​ប្រជាជន​កម្ពុជា។

នៅ​ក្នុង​លិខិត​ទទួល​រង្វាន់​របស់​លោក ឆាង យុ លោក​បាន​និយាយ​ថា «វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ចងចាំ​កំហុស​ដែល​បាន​កើត​ឡើង​ពី​អតីត​កាល។ ដំណើរ​ការ​យុត្តិធម៌ ចាប់​ផ្តើម​និង​បញ្ចប់​ដោយ​ភារកិច្ច​នៃ​ការ​ចងចាំ»។

លោក ឆាង យុ បាន​បង្កើត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៥ ដើម្បី​លើក​កម្ពស់​ការ​ចង​ចាំ និង​យុត្តិធម៌​សម្រាប់​ការ​ផ្សះផ្សា​ជាតិ។ លោក​ក៏​បាន​ផ្តួចផ្តើម​បង្កើត​វិទ្យាស្ថាន​ស្លឹករឹត ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​អំពី​អំពើ​ឃោរឃៅ​ក្នុង​របប​ខ្មែរ​ក្រហម។

សេចក្តី​ថ្លែង​ការ​របស់​មូនិធិ Ramon Magsaysay Award Foundation បាន​សរសេរ​ថា៖ «ក្រៅ​ពី​ការ​បំផ្លាញ ការ​បាត់​បង់ ឬ​ក៏​អវត្តមាន​នៃ​កំណត់​ត្រា​ប្រវត្តិសាស្រ្ត មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មាន​លទ្ធិភាព​ក្នុង​ការ​ប្រមូល និង​រក្សា​ទុក​ឯកសារ​ជាង​១​លាន​ឯកសារ ដោយ​ពាក់​កណ្តាល​នៃ​ឯកសារ​ទាំង​នោះ​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម»។

ក្នុង​នាម​ជា​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម លោក ​ឆាង យុ ត្រូវ​បាន​ធ្វើ​ទារុណកម្ម និង​ឃុំ​ខ្លួន​កាល​ពី​សម័យ​នោះ ហើយ​លោក​បាន​បាត់​បង់​សាច់​ញាតិ​ជា​ច្រើន​នាក់​រួម​ទាំង​ឪពុក និង​បងប្អូន​បង្កើត​របស់​លោក​ចំនួន​៥​នាក់​ផង​ដែរ។

លោក​បាន​ប្រាប់​សារព័ត៌មាន Rappler ដែល​ជា​ប្រព័ន្ធ​ព័ត៌មាន​សង្គម​អនឡាញ នៅ​ប្រទេស​ហ្វីលីពីន​ថា៖

«សម្រាប់​ខ្ញុំ វា​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ។ នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​រស់​រាន​មាន​ជីវិត។ ខ្ញុំ​ត្រូវ​តែ​ធ្វើ​កិច្ចការ​នេះ​យ៉ាង​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ហើយ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​វា​ដោយ​ស្មោះត្រង់​ពី​ព្រោះ​វា​មិន​ត្រឹម​តែ​សម្រាប់​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​គ្រួសារ​របស់​ខ្ញុំ​ផង​ដែរ»។

លោក​បាន​សរសេរ​នៅ​ក្នុង​លិខិត​ទទួល​រង្វាន់​ថា៖

«ពាន​រង្វាន់​នេះ​គឺ​ជា​ការ​ដាស់​តឿន​មួយ តាង​នាម​ឲ្យ​ម្តាយ​របស់​ខ្ញុំ និង​ម្តាយ​ជា​ច្រើន​រូប​ទៀត​នៅ​កម្ពុជា​ ដែល​បាន​រស់រាន​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត»។

ម្ចាស់​ពាន​រង្វាន់​៥​នាក់​ផ្សេង​ទៀត មក​ពី​ប្រទេស​ផ្សេងៗ​ក្នុង​ទ្វីប​អាស៊ី រួម​មាន​ទាំង លោកស្រី Maria De Lourdes Martins Cruz មក​ពី​ប្រទេស​ទីម័រ​ខាង​កើត លោក Howard Dee មក​ពី​ប្រទេស​ហ្វីលីពីន លោកBharat Vatwani និង​លោក Sonam Wangchuk មក​ពី​ប្រទេស​ឥណ្ឌា និង លោក​ស្រី Vo Thi Hoang Yen មក​ពី​ប្រទេស​វៀតណាម។

លោក​ស្រី Carmencita Abella ប្រធាន​មូនិធិ Ramon Magsaysay Award Foundation បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖

«ម្ចាស់​ពាន​រង្វាន់ Magsaysay ប្រចាំ​ឆ្នាំ​២០១៨ គឺ​ជា​វីរបុរស និង​វីរនារី​នៃ​ក្តី​សង្ឍឹម ដែលធ្វើ​ឲ្យ​សង្គម​របស់​ពួកគេ​មាន​ដំណើរ​ការ​ទៅ​មុខ តាម​រយៈ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​សហគមន៍។ វិធី​សាស្រ្ត​របស់​ពួកគេ ផ្អែក​លើ​ការ​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស និង​ជំនឿ​លើ​អំណាច​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG