ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍​VOA៖ អ្នកស្រាវជ្រាវ​ថា​ UN ​គួរ​ចាកចេញ​ពី​កម្ពុជា​ពេលចប់​សំណុំ​រឿង​០០២


ព្រះសង្ឃរង់ចាំនៅខាងក្រៅសាលសវនាការ មុននឹងចូលរួមស្តាំការប្រកាសសាលក្រមកាត់ទោសមេដឹកនាំខ្មែរក្រហមពីររូបគឺ នួន ជា និងខៀវ សំខន សម្រាប់សំណុំរឿង០០២/០២ នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

«‍ឥទ្ធិពល​ដែល​អង្គការ​សហប្រជាជាតិ​មាន​ គឺ​គ្រាន់តែជា​ការ​គំរាមបំភ័យ​តាម​ផ្លូវ​អារម្មណ៍​ប៉ុណ្ណោះ។ ពួកគេ​មិន​មាន​អំណាច​អ្វី​ពិតប្រាកដ​លើ​របប​លោក​ហ៊ុន សែន​ទេ។ ពួកគេ​មិន​ដែល​មាន​អំណាច​អ្វី​តាំងតែ​ពី​តុលាការ​នេះ​ចាប់ផ្តើម​ដំណើរការ​មក»។

កំណត់​និពន្ធ៖ សាលាក្តីខ្មែរ​ក្រហម​បានប្រកាស​សាលក្រម​សំណុំរឿង​លេខ​០០២ ​វគ្គ២ ​ដាក់ទោស​អតីត​មេដឹកនាំ​នៃ​របប​ខ្មែរ​ក្រហម​ចំនួន​ពីរ​នាក់​គឺ​នួន ជា​ អនុលេខាធិការ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​កាលពី​ថ្ងៃ​សុក្រ​ ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។

លោក​ម៉ែន គឹមសេង ​អ្នករាយការណ៍​ព័ត៌មាន​នៃ​វីអូអេ​ បាន​សម្ភាស​លោក​ Peter Maguire ​អ្នកស្រាវជ្រាវ​និង​និពន្ធ​សៀវភៅ ​«ប្រឈមមុខ​នឹង​មរណភាព​នៅ​កម្ពុជា‍»​ នៅ​មុន​មួយ​ថ្ងៃ​មុន​ការប្រកាស​សាលក្រម​ពី​ក្តី​រំពឹង​ និង​កេរដំណែល​នៃ​សាលាក្តី​នេះ​ក្នុង​ការស្វែង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​៖

រូបឯកសារ៖ លោក​ Peter Maguire ​អ្នកឯកទេស​ខាង​ច្បាប់​អន្តរជាតិ ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «ប្រឈមមុខ​នឹង​មរណភាព​នៅ​កម្ពុជា‍»។ (រូបទាញចេញ​ពី​បទសម្ភាសន៍​ជាវីដេអូ​របស់ VOA)
រូបឯកសារ៖ លោក​ Peter Maguire ​អ្នកឯកទេស​ខាង​ច្បាប់​អន្តរជាតិ ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «ប្រឈមមុខ​នឹង​មរណភាព​នៅ​កម្ពុជា‍»។ (រូបទាញចេញ​ពី​បទសម្ភាសន៍​ជាវីដេអូ​របស់ VOA)

VOA៖ នៅថ្ងៃទី​១៦ខែវិច្ឆិកា​នេះ សាលាក្តីខ្មែរ​ក្រហម​នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​លេខ​០០២ វគ្គ២ សម្រេច​ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ពីរនាក់គឺ​នួន ជា​និង​ខៀវ សំផន។ តើ​លោក​រំពឹង​ថា​នឹង​មាន​ការដាក់ទោស​យ៉ាងម៉េច​ខ្លះ​ពី​សាលក្រម​នេះ?

Peter Maguire៖ អតីត​មេដឹកនាំ​ទាំងនេះ​បាន​ទទួល​ទោស​ជាប់​គុក​អស់​មួយ​ជីវិត​ម្តងហើយ​ ដូច្នេះ​បើ​មើល​ឱ្យ​មែនទែន​ទៅ​ នេះ​គ្រាន់តែ​ជា​សាលក្រម​ដែល​មាន​លក្ខណៈ​ផ្លូវ​ច្បាប់​ជាជាង​ការ​ដាក់​ទោស​ទណ្ឌ​ខាង​ព្រហ្មទណ្ឌ។ ខ្ញុំ​គិត​ថា​ សាលក្រម​នឹង​មាន​លក្ខណៈ​រលូន​និង​បែប​អភិរក្ស ប៉ុន្តែ​យើង​នឹង​ដឹង​ច្បាស់​នៅ​ថ្ងៃ​ស្អែកនេះ។ ខ្ញុំ​គិត​ថា​ នេះ​គឺជា​សាលក្រម​ចុងក្រោយ​របស់​តុលាការ​នេះ​ហើយ។ ស្របពេលនេះ​ដែរ​បើ​អង្គការ​សហប្រជាជាតិ​បិទបញ្ចប់​ការងារ​នៅកម្ពុជា​កាន់តែឆាប់​ កាន់តែ​ល្អ​សម្រាប់​រក្សា​កេរតំណែល​របស់​ពួកគេ។

VOA៖ ខ្ញុំ​ទើបបាន​អាន​អត្ថបទ​មួយ​នៅក្នុង​ព្រឹត្តិបត្រ​ The Diplomat ​ដែល​លោក​បាន​សរសេរ​ពី «ចំណុច​ល្អ ចំណុច​អាក្រក់ និង​ចំណុច​អាក្រក់បំផុត» នៃ​សាលាក្តីខ្មែរ​ក្រហម។ តើ​អ្វី​ខ្លះ​ជា​ចំណុច​ ល្អ អាក្រក់ និង​អាក្រក់​បំផុតនៃ​សាលាក្តីនេះ?

Peter Maguire៖ អ្វីដែលល្អ​នោះ គឺ​ឯកសារ​ប្រវត្តិសាស្ត្រ​ដែល​តុលាការ​នេះ​បាន​បង្កើត។ ពួកគេ​មាន​ក្រុម​ចៅក្រម​ស៊ើបអង្កេត​ដ៏អស្ចារ្យ​ដែល​ដឹកនាំ​ដោយ​លោក​ Craig Etcheson លោក​ Steve Heder លោក Rich Arant លោក​ស៊ឹម សុរិយា ដែល​បាន​កសាងឡើង​ដោយផ្អែក​លើ​ការស្រាវជ្រាវ​ជាច្រើន​ទសវត្សរ៍​ដោយ​អ្នកសារព័ត៌មាន​និង​ប្រវត្តិវិទូ ដែល​មាន​ដូច​ជា​លោកស្រី​អេលីហ្សាបែត ប៊ែកឃឺ លោក​ឆាង យុ លោក​ Nate Thayer និង​មនុស្ស​ជាច្រើន​ទៀត។ ការណ៍​ដែល​បង្កើត​បាន​ឯកសារ​ទំាង​ស្រុង​ស្តីពី​របប​ខ្មែរ​ក្រហម​គឺ​ជា​ការ​ចូលរួម​ចំណែក​ដែល​មិន​អាច​កាត់​ថ្លៃបាន។ ឥឡូវនេះ​បញ្ហា​នៅត្រង់​ថា​ តើ​គេ​នឹង​រក្សា​ទុកដាក់​ឯកសារ​នេះ​ដោយ​វិធីណា។ ខ្ញុំ​នឹង​ភ្ញាក់ផ្អើល​ណាស់ ប្រសិន​បើ​លោក​ហ៊ុន សែន​ ហ៊ាន​បើកឱ្យ​គេ​មើល​ស្រាវជ្រាវ​បាន​តាម​បណ្តាញ​អ៊ីនធឺណិត។

ចំណុច​អាក្រក់​នោះ គឺ​ដំណើរការ​យឺតយ៉ាវ​នៃ​ការ​កាត់ក្តី​ដែល​ចាប់​ផ្តើម​ពី​ការ​កាត់​ក្តី​កាំង ហ្កេកអ៊ាវ ហៅឌុច ដែល​ជា​សំណុំរឿង​មួយ​សាមញ្ញបំផុត​ ដោយសារ​តែ​គាត់​បាន​សារភាព​ទោសកំហុស។ មាន​ឯកសារ​និង​ភស្តុតាង​ដែល​ភ្ជាប់​គាត់​ទៅ នឹង​ឧក្រិដ្ឋកម្ម។ ការ​កាត់ក្តី​នោះ​មិន​ត្រូវ​ចំណាយ​ពេល​យូរ​នោះ​ទេ។

ចំណុច​អាក្រក់​បំផុត​ដែល​ខ្ញុំ​មើលឃើញ​ គឺ​ចរិត​ក្រអឺត​ក្រទម​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ធ្វើ​ចរិត​ដូច​ជា​ពួកគេ​មិន​ធ្លាប់​មាន​ប្រវត្តិ​មិនល្អ​នៅ​ប្រទេស​កម្ពុជាអីចឹង បើ​ទោះបីជា​ខ្លួន​ធ្លាប់​ទុក​ឱ្យ​ក្រុម​ខ្មែរ​ក្រហម​កាន់កាប់​អាសនៈ​នៅ​ឯអង្គការ​សហប្រជាជាតិ​តាំងពីឆ្នាំ​១៩៧៩​ រហូតជិត​ដល់​ពេល​អ៊ុនតាក់​ ចូល​គ្រប់គ្រង​ប្រទេសកម្ពុជា។ នេះ​ជា​ចរិត​ក្រអឺតក្រទម​មួយ។ ហេតុផល​ដែល​បណ្តាល​ឱ្យ​មាន​តុលាការ​នេះ គឺ​ដោយសារ​លោក​ហ៊ុន សែន​ បាន​វាយ​បំបាក់​ឆ្អឹងខ្នង​ក្រុម​ខ្មែរក្រហម ​ដោយ​ប្រើប្រាស់​កម្លាំង​យោធា​ និង​ការទូត​ហើយ​លើស​ពីនោះ គឺ​បាន​ចាប់​ខ្លួន​ពួក​ជន​កំពុង​ជាប់​ចោទ​ទាំងនេះ។ ដូច្នេះ​បើ​ទោះបីជា​លោកហ៊ុន សែន ​មិន​បាន​ធ្វើ​ការងារល្អ ហើយ​ខ្ញុំ​ក៏​ជាអ្នក​រិះគន់​លោក​ហ៊ុន សែន ​ជាច្រើន​ឆ្នាំ​ក៏ដោយ ក៏​គាត់​គឺជា​អ្នក​ដែល​បាន​បង្ក​លក្ខណៈ​មួយ​ដែល​អនុញ្ញាត​ឱ្យ​តុលាការ​នេះ​កើត​ឡើង​បាន​ហើយ​អង្គការ​សហប្រជាជាតិ​ហាក់ដូច​ជា​មិន​គិតដល់​ចំណុច​នេះទេ។ ខ្ញុំ​គិត​ថា​ ពួកគេ​ចាប់​ផ្តើមការងារដោយអាក្រក់​បំផុត​ ​ហើយមិន​មាន​ការទុកចិត្ត​គ្នា​រវាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​និង​ភាគី​កម្ពុជា​តាំងតែពីថ្ងៃទី១ ហើយ​ពួកគេ​មិន​ដែល​រក​ចំណុច​រួម​ឡើយ។ ពួកគេ​តែងតែ​រុញច្រាន​គ្នា​ទៅ​វិញ​ទៅមក​ដែល​នាំ​ឱ្យ​ដំណើរការ​តុលាការយឺតយ៉ាវ​ជាទីបំផុត។

រូបឯកសារ៖ ក្មេងស្រីម្នាក់សម្លឹងមើលរូបជនរងគ្រោះដែលត្រូវបានដាក់តាំងនៅសារមន្ទីរស-២១ នៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ ក្មេងស្រីម្នាក់សម្លឹងមើលរូបជនរងគ្រោះដែលត្រូវបានដាក់តាំងនៅសារមន្ទីរស-២១ នៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។

VOA៖ ឥឡូវនេះគឺ​អង្គការ​សហប្រជាជាតិ​ស្ថិត​នៅក្នុង​ប្រភេទ​អាក្រក់បំផុត​ ហើយ​លោក​បាន​សរសេរ​ថា​ដល់ពេល​ដែល​អង្គការ​សហប្រជាជាតិ​បញ្ឈប់​ការគិត​ឃើញ​បែប​វេទមន្ត​របស់ខ្លួន​អំពី​អនាគត​នៃ​ការកាត់​ក្តីនេះ​ទៅ​ ហើយ​សូម​សម្រេច​ការ​កាត់ទោស​ចុងក្រោយ​ ប្រកាស​ពី​ថ្ងៃ​ចាកចេញ​ពីប្រទេស​កម្ពុជា។ ដូចេ្នះ​តើ​នឹង​មាន​អ្វីកើតឡើង​ចំពោះ​សំណុំរឿង​លេខ​០០៣និង​០០៤?

Peter Maguire៖ បើតាម​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ គឺ​វា​មិនអាច​កើតឡើង​បាន​ទេ។ ឥទ្ធិពល​ដែល​អង្គការ​សហប្រជាជាតិ​មាន​ គឺ​គ្រាន់តែជា​ការ​គំរាមបំភ័យ​តាម​ផ្លូវ​អារម្មណ៍​ប៉ុណ្ណោះ។ ពួកគេ​មិន​មាន​អំណាច​អ្វី​ពិតប្រាកដ​លើ​របប​លោក​ហ៊ុន សែន​ទេ។ ពួកគេ​មិន​ដែល​មាន​អំណាច​អ្វី​តាំងតែ​ពី​តុលាការ​នេះ​ចាប់ផ្តើម​ដំណើរការ​មក។ ដូច្នេះ​គាត់​បាន​បញ្ជាក់​ច្បាស់​ ហើយ​ថា​ គាត់​នឹង​មិន​អនុវត្ត​តាម​ដីការ​ចាប់ខ្លួនទេ​ហើយ​ភាគី​កម្ពុជា​របស់​គាត់​ក៏មិន​ទាំង​សហការ​ក្នុងការ​ស៊ើបអង្កេត​ផងដែរ។ ដូច្នេះ​បើ​អង្គការ​សហប្រជាជាតិ​នៅ​កាន់តែ​យូរ​ គឺ​របប​លោក​ហ៊ុន សែន​ នឹង​ធ្វើ​ឱ្យ​ពួកគេ​ដូច​ជា​មនុស្ស​ឆ្កួត​ហើយ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ពួកគេ​កាន់តែ​ខ្លាំង។ ពួកគេ​មាន​សិទ្ធិ​ប្រកាស​សាលក្រម​ហើយ​ប្រកាស​ថា​ បែបបទ​ការងារ​នៃ​តុលាការ​នេះ​មិន​ដំណើរការ​ទេ ​ហើយ​ជាលទ្ធផល​នៃ​ការ​ពិបាក​សម្របសម្រួល​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ​គឺ​ពួកយើង​ត្រូវចាក​ចេញ​ហើយ។ ប៉ុន្តែ​អង្គការ​សហប្រជាជាតិ​ប្រៀបបី​ដូច​ជា​គូស្វាមី​ភរិយា​ដែល​វាយ​តប់​គ្នា ហើយ​អង្គការ​សហប្រជាជាតិ​នៅ​បន្ត​ត្រឡប់​មក​វិញ​រក​អ្នកដែល​វាយ​ធ្វើបាប​ខ្លួន។ បើ​ក្រឡេក​មើល​ត្រឡប់​ក្រោយ​ទៅ​ សម័យ​រៀបចំ​ការ​បោះឆ្នោត​ដោយអង្គការ​សហ​ប្រជាជាតិ​ គឺ​លោក​ហ៊ុន សែន​ លួច​លទ្ធផល​ឆ្នោត​នោះ។ សហគមន៍​អន្តរជាតិ​អនុញ្ញាត​ឱ្យ​មាន​រឿងនេះ​កើត​ឡើង។ លោកហ៊ុន សែន​ ដណ្តើម​អំណាច​ដោយ​រដ្ឋ​ប្រហារ ហើយ​អង្គការ​សហ​ប្រជាជាតិ​មាន​ឥទ្ធិពល​តិចតួចណាស់​មិនអាច​ធ្វើ​អ្វីបាន។

VOA៖ ប៉ុន្តែ​លោក​ថា​អង្គការ​សហប្រជាជាតិ​មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​ស្រាប់​ហើយ​ អីចឹង​តើ​លោកគិត​ថា​ ពួកគេ​នឹង​ការពារ​កេរ្តិ៍​ឈ្មោះ​អាក្រក់នោះ​ហើយ​ចាកចេញ​មែនទេ?

Peter Maguire៖ អត់ទេ។ ខ្ញុំ​គិត​ថា​ ធ្វើ​ដូចនេះ​គឺ​នឹង​ជួយ​ការពារ​កេរ្តិ៍​ឈ្មោះ​របស់​ពួកគេ​វិញ​ទេ។ បើសិន​ជា​អង្គការ​សហប្រជាជាតិ​បន្តនៅ​ធ្វើការ ​ហើយ​ចេញតែ​ឯកសារ​តែ​មិន​បានការ គឺ​ពួកគេ​ហាក់​ដូចជាឆ្កួតទៅ​វិញ​ទេ។ នេះ​បើ​តាម​យោបល់​ខ្ញុំ។ ដីកា​ផ្សេងៗ​របស់​ពួកគេ​នឹង​មិន​អាច​ចាប់​ចុង​ចោទមក​តុលាការ​បាន​ទេ គឺ​មានតែឆន្ទៈ​នយោបាយ​របស់​លោក​ហ៊ុន សែន ទេ ដែល​អាច​ចាប់​ពួកគេ​មក​តុលាការ​បាន។ ហើយ​លោក​ហ៊ុន សែន ​បាន​បញ្ជាក់​ច្បាស់ហើយ​ថា ​គាត់​គ្មាន​ឆន្ទៈ​នយោបាយធ្វើ​ដូច្នេះទេ។ ខ្ញុំ​មើល​ឃើញ​ថា​ គ្មានអ្វី​ដែល​នៅ​បន្ត​ប្រកែក​ប្រណាំង​ទៀត​ទេ នៅ​ពេលដែល​អ្នកគ្មាន​យន្តការ​អំណាច​ពិតប្រាកដ ​ក្រៅតែពី​ការ​គំរាម​បំភ័យ​តាម​ផ្លូវ​អារម្មណ៍។ ការ​គាបសង្កត់​ពី​បស្ចឹម​ប្រទេស​ និង​អង្គការ​សិទ្ធិ​មនុស្ស​គ្មាន​អំណាច​អ្វី​លើ​លោក​ហ៊ុន សែន ​ទេ​ នៅ​ពេលដែល​មាន​ចិន​គាំទ្រ​ហើយ​នោះ។

VOA៖ តើ​អ្វី​គួរ​ជា​កេរតំណែល​នៃ​សាលាក្តីនេះ ពីព្រោះ​លោក​បាន​អះអាង​នៅក្នុង​អត្ថបទ​របស់​លោក​ថា​ តុលាការ​នេះ​មិន​អាច​ជា​វិធានការ​វាស់ស្ទង់​ក្នុងការ​«ការព្យាបាល បិទភ្ជិត​ស្នាមដំបៅ​អតីតកាល ស្វែង​រក​ការពិត និង​ការ​ផ្សះផ្សា»​ដូច​អ្នក​ខ្លះ​អះអាង​ទេ‍?

Peter Maguire៖ រឿង​ទាំងអស់​នេះ​ទំនងជា​អាច​កើតមាន​ឡើង​បាន​ ក្រោយពី​មាន​ការ​កាត់ទោស។ ​ប៉ុន្តែ​គំនិត​ដែល​លើកឡើង​ មុនពេល​ការ​កាត់ក្តី​កើត​មាន​ឡើង ហើយ​ថា​យើង​នឹង​បញ្ចប់​រឿងរ៉ាវ​ដែល​មិន​អាច​វាស់វែង​បាន​ទាំង​នេះ​ ដែល​មាន​ដូច​ជា​ការផ្សះផ្សា​ និង​ស្វែងរក​ការពិត​ជាដើម។ ទំាងនេះ​សុទ្ធតែ​ជា​ពាក្យដែល​មាន​លក្ខណៈ​ចិត្តសាស្រ្ត។ ទាំងនេះ​មិនមែន​ជា​ពាក្យ​ច្បាប់ទេ។​ រឿង​ទាំង​នេះ​អាច​កើតឡើង​ជាលទ្ធផល​នៃ​ការ​កាត់ក្តី​ ប៉ុន្តែ​វា​ពិបាក​នឹង​ទស្សន៍​ទាយ​ជាមុន​ណាស់។ ជនជាតិ​នីមួយៗ​នឹង​វាយតម្លៃ​លទ្ធផល​ ក្រោយពី​ការ​កាត់ទោស​ខុសៗគ្នា។ ជំនឿ​របស់​ខ្ញុំ​គឺ​ថា តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​អាច​កាត់​ទោស​អ្នក​ដែល​មាន​ទោសពៃរ៍​ ហើយ​អនុញ្ញាតឱ្យ​អ្នក​គ្មានទោស​កំហុស​រួចខ្លួន។ ហើយ​បើ​អាច​ធ្វើ​ដូចនេះ​បាន វា​គឺជា​ជោគជ័យ​មួយ​ហើយ។ អ្នក​អាច​រៀបចំ​ជា​គណៈកម្មការ​ស្វែងរក​ការពិត​មួយ​ ដើម្បីផ្សះផ្សា ប្រសិនបើ​ស្ថានភាព​ក្នុងប្រទេស​ស្មុគស្មាញ​មិន​អាច​រៀបចំ​ដំណើរការ​តុលាការ​បាន។

នៅចុងបញ្ចប់​នៃ​អត្ថបទ​របស់ខ្ញុំ​ គឺខ្ញុំ​វាយតម្លៃ​ថា ​តុលាការ​នេះ​ជា​ជោគជ័យ​មួយ​ដោយសារ​វា​បាន​កែប្រែ​ប្រវត្តិសាស្រ្ត​មួយ​ ដែល​ខ្ញុំ​ចងចាំ​បាន​ថា​ កាលពី​ខ្ញុំ​ទៅប្រទេស​កម្ពុជា​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៩៤ គឺ​នៅ​ពេល​នោះ​ជនរងគ្រោះ​ពី​របបខ្មែរ​ក្រហម​ចោទ​ថា​ គឺ​ពួក​វៀតណាម​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការកាប់​សម្លាប់​នេះ ឬក៏​ក្រុមខ្មែរ​ដែល​មាន​ខួរក្បាល​វៀតណាម​ ជា​អ្នក​ទទួល​ខុសត្រូវ។ ពេលនោះ​គឺ​មាន​ការ​ច្រឡំបល់​ខ្លាំង​ណាស់​ ពីព្រោះ​វាមាន​ការឃោសនា​ប្រកួត​ប្រជែងគ្នា ក្រោយពី​ការ​ដួលរលំ​នៃ​របប​ខ្មែរក្រហម។ មាន​ការចោទ​ប្រកាន់ថា​អ្នក​ណា​ធ្វើ​អ្វី ហើយ​អ្នកណា​ខ្លះទៀត​ធ្វើ​អ្វី។ ប៉ុន្តែ​ឥឡូវនេះ​គឺ​ច្បាស់លាស់​ហើយ។ តុលាការ​របស់​អង្គការ​សហប្រជាជាតិ​នេះ​សម​ទទួល​បាន​ការសរសើរ​ច្រើន​លើចំណុច​នេះ។ សម្រាប់​ខ្ញុំ ​វីរៈបុរស​ពិត​ប្រាកដគឺ​ចៅក្រម​ស៊ើបអង្កេត៕

XS
SM
MD
LG