ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍អង្គការ WHO៖ វីរុស​នៃ​ជំងឺ​កូវីដ១៩ ទំនង​ឆ្លងពី​សត្វ​ប្រជៀវ​ទៅ​មនុស្ស​តាម​រយៈ​សត្វ​ផ្សេងទៀត


រូបឯកសារ៖ លោក Peter Ben Embarek អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ដោយ​វីរុស​នៃ​អង្គការ​សុខភាព​ពិភព​លោក​ បង្ហាញឯកសារមួយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងអង្គការ WHO និងរដ្ឋាភិបាលចិន នៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន នៅថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ លោក Peter Ben Embarek អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ដោយ​វីរុស​នៃ​អង្គការ​សុខភាព​ពិភព​លោក​ បង្ហាញឯកសារមួយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងអង្គការ WHO និងរដ្ឋាភិបាលចិន នៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន នៅថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

បេសកកម្ម​របស់​ក្រុម​អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន បាន​សន្និដ្ឋាន​ថា វីរុសដែល​បណ្តាល​ឲ្យ​កើត​ជំងឺកូវីដ១៩ ទំនងជា​បាន​ឆ្លង​ពី​សត្វ​ប្រជៀវ​ទៅ​មនុស្ស​តាម​រយៈ​សត្វ​ផ្សេង​ទៀត។

ការ​សន្មត​ដូចនេះ ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​លក្ខណៈ«ទំនង​ទៅ​ទំនង​ខ្លាំង» ខណៈដែល​ការ​លើកឡើង​ដែល​ថា វីរុស​នេះ​មាន​ប្រភព​ចេញ​មកពី​មន្ទីរ​ពិសោធន៍​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​លក្ខណៈ «មិន​ទំនង​ខ្លាំង»។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ​អង្គការ WHO ដែល​ស៊ើប​អង្កេត​រក​ប្រភព​វីរុស​នេះ មុន​ពេល​ផ្សព្វផ្សាយ​ជា​ផ្លូវការ។

កន្លង​មក របាយការណ៍​នេះ​ត្រូវ​បាន​ពន្យារពេល​ចេញ​ផ្សាយ តាំង​ពី​ក្រុម​អ្នក​ជំនាញ​អង្គការ WHO បាន​ចាកចេញ​ពី​ប្រទេស​ចិន​កាលពី​ជាង​មួយ​ខែ​មុន​មក។

ការ​ពន្យារពេល​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា ​បណ្ដាល​មកពី​បញ្ហា​សម្របសម្រួល​និង​បញ្ហា​បកប្រែ។

លោក Peter Ben Embarek អ្នក​ជំនាញ​អង្គការ WHO ដែល​ដឹកនាំ​បេសកកម្ម​ស៊ើប​អង្កេត​រក​ប្រភព​វីរុស​នេះ​នៅ​ក្នុង​ទីក្រុង Wuhan បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា របាយការណ៍​នេះ​កំពុង​រៀបចំ​បញ្ចប់ និង​កំពុង​ផ្ទៀងផ្ទាត់​និង​បកប្រែ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​រំពឹង​ថា នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដំណើរការ​ទាំង​មូល​នឹង​បញ្ចប់ ហើយ​យើង​នឹង​អាច​ផ្សព្វផ្សាយ​របាយការណ៍​នេះ​ជា​សាធារណៈ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG