ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) ដែលស៊ើបអង្កេតរកប្រភពនៃវីរុសបង្កជាជំងឺកូវីដ១៩ បានទៅមើលផ្សារលក់សាច់សត្វមួយកន្លែងនៅក្នុងទីក្រុង Wuhan ប្រទេសចិន កាលពីថ្ងៃអាទិត្យ។
ករណីផ្ទុះឆ្លងជំងឺកូវីដ១៩ មួយចំនួនមានជាប់ពាក់ព័ន្ធនឹងផ្សារលក់គ្រឿងសមុទ្រ Huanan នៅពេលដែលវីរុសជំងឺកូវីដ១៩ ត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុង Wuhan កាលពីចុងឆ្នាំ ២០១៩។ ចាប់តាំងពីពេលនោះមក វីរុសនេះបានឆ្លងដល់មនុស្សជាង ១០២ លាននាក់នៅទូទាំងពិភពលោក និងបានសម្លាប់មនុស្សជាង ២ លាន ២ សែននាក់។
ក្រុមអ្នកវិទ្យាសាស្ត្របានទៅពិនិត្យមើលមន្ទីរពេទ្យយ៉ាងហោចណាស់ក៏មួយកន្លែងដែរនៅក្នុងទីក្រុង Wuhan ដែលបានព្យាបាលអ្នកជំងឺកូវីដ១៩ ដំបូងគេមួយចំនួន។
អ្នកវិទ្យាសាស្ត្រចង់ដឹងអំពីប្រភពនៃវីរុសនេះថាតើវាមានប្រភពចេញពីសត្វអ្វី និងថាតើវាឆ្លងទៅមនុស្សតាមវិធីណា។ នេះជាបញ្ហាដែលអាចត្រូវចំណាយពេលរាប់សិបឆ្នាំដើម្បីស្វែងរក។
អង្គការ WHO បានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រទាំងនោះក៏មានគម្រោងផងដែរក្នុងការទៅមើលវិទ្យាស្ថានវីរុសសាស្ត្រ Wuhan និងមន្ទីរពិសោធន៍នានារបស់រដ្ឋដូចជាមជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុង Wuhan ជាដើម៕