ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភព​លោក​ថា​ ពុំ​មាន​ភស្តុតាង​ណា​មួយ​នៃ​ការ​​ផ្ទុះ​រាល​ដាល​​ជំងឺ​កូវីដ​១៩ ​​ក្នុង​ទីក្រុង Wuhan នៅ​មុន​ខែ​ធ្នូ​ ឆ្នាំ​២០១៩​ នោះ​ទេ


លោក Peter Ben Embarek អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ដោយ​វីរុស​នៃ​អង្គការ​សុខភាព​ពិភព​លោក​ បង្ហាញឯកសារមួយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងអង្គការ WHO និងរដ្ឋាភិបាលចិន នៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន នៅថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
លោក Peter Ben Embarek អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ដោយ​វីរុស​នៃ​អង្គការ​សុខភាព​ពិភព​លោក​ បង្ហាញឯកសារមួយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងអង្គការ WHO និងរដ្ឋាភិបាលចិន នៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន នៅថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធាន​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ដែល​កំពុង​ស៊ើប​អង្កេត​អំពី​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ​១៩ ​ក្នុង​ប្រទេស​ចិនបាន​គូស​បញ្ជាក់​ថា ពួកគេ​ពុំ​បាន​រក​ឃើញ​នូវ​ភស្តុតាង​ណា​មួយ​នៃ​ការ​ផ្ទុះ​រាល​ដាល​ក្នុង​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូវីដ​១៩ មុន​ការ​រក​ឃើញ​ជំងឺ​នេះ​ក្នុង​ទី​ក្រុង Wuhan កាលពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​ នោះទេ។

លោក Peter Ben Embarek អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ដោយ​វីរុស​នៃ​អង្គការ​សុខភាព​ពិភព​លោក​ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ​ក្នុងទី​ក្រុង Wuhan ថា​ ការ​រក​ឃើញ​របស់​ក្រុម​ការងារ​របស់​លោក​បង្ហាញ​ថា​ ជំងឺ​កូវីដ​១៩​ ប្រហែល​ជា​មាន​ប្រភព​ដើម​មក​ពី​សត្វ​ប្រចៀវ ​ប៉ុន្តែ​សត្វ​ប្រចៀវ​នោះ​ទំនង​ជា​មិន​មែននៅ​ក្នុង​ទី​ក្រុង Wuhan នោះ​ទេ។

ក្រុម​ការងារ​ស៊ើប​អង្កេត​នេះ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ផ្សារ​លក់​គ្រឿង​សមុទ្រ Huanan ក្នុង​ទី​ក្រុង Wuhan ដែល​ត្រូវ​បាន​គេ​ជឿ​ពី​ដំបូង​ថា ជា​កន្លែង​ដែល​កើត​មាន​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩​ នេះ​ដំបូង​គេ។ ពួកគេ​ក៏​បា​ន​ទៅ​ពិនិត្យ​វិទ្យាស្ថាន​វីរុសសាស្ត្រ​និង​មន្ទីរ​ពិសោធន៍​មួយ​ចំនួន​ ដែល​ស្ថិត​ក្នុង​អគារ​របស់​រដ្ឋ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ជំងឺក្នុង​ទីក្រុង Wuhan ផង​ដែរ។

លោក​ Embarek​ បាន​គូស​បញ្ជាក់​ក្នុងសន្និសីទសារ​ព័ត៌មាន​មួយ​ថា គោល​គំនិត​ដែលលើក​ឡើង​ថា​វីរុស​កូរ៉ូណា​បាន​លេច​ធ្លាយចេញ​ពី​មន្ទីរ​ពិសោធន៍​មួយ​នោះ​ គឺ​មិន​អាច​ទៅ​រួច​ទេ​ ហើយ​ក្រុម​អ្នក​ជំនាញស៊ើប​អង្កេត​របស់​លោក​ នឹង​មិន​ស៊ើប​អង្កេត​រឿង​នេះបន្ថែម​ទៀត​នោះ​ទេ។

លោក​ Embarek ​លើក​ឡើង​ទៀត​ថា​ គោលគំនិត​ដែល​ទំនង​បំផុត​នោះ​គឺ​វីរុស​កូរ៉ូណា​នេះ​អាចឆ្លង​មក​កាន់​មនុស្ស​បាន ​តាម​រយៈ​ប្រភេទ​សត្វ​ជា​អន្តរការី។ លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា វា​អាច​ទៅ​រួច​ផង​ដែរ​ដែល​ថា ​ជំងឺ​កូវីដ​១៩ ​អាច​ឆ្លង​តាម​រយៈ​ផលិត​ផល​ដែល​ត្រូវ​បាន​គេ​ដាក់​បង្កក​នោះ។

ទន្ទឹម​នឹង​នេះ ​វេជ្ជបណ្ឌិត Liang Wannian អ្នក​ជំនាញនៃ​គណៈកម្មាធិការ​សុខាភិបាល​ចិន​ បាន​ប្រាប់​ក្រុម​អ្នក​ព័ត៌មាននៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ​វីរុស​កូរ៉ូណា​អាច​មាន​ការ​ចម្លង​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​ នៅ​មុន​ពេល​វា​ត្រូវ​បាន​គេ​រក​ឃើញ​ជា​ផ្លូវ​ការក្នុង​ទី​ក្រុង​ Wuhan​ នោះ៕

XS
SM
MD
LG