ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរិះ​គន់​ម្តង​ម្កាល​របស់​វៀតណាម​ចំពោះ​ចិន​ បង្ហាញ​ពី​ការ​រឹត​ចំណង​ទាក់ទង​នយោបាយ​និង​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​ជាងមុន​


រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន Wang Yi (ឆ្វេង) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​វៀតណាម Pham Binh Minh ចាប់​ដៃ​គ្នានៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ខែ​មេសា ២០១៨។
រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន Wang Yi (ឆ្វេង) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​វៀតណាម Pham Binh Minh ចាប់​ដៃ​គ្នានៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ខែ​មេសា ២០១៨។

ប្រទេស​វៀតណាម​បាន​ប្រកាស​ខ្លាំងៗ​ប្រឆាំង​នឹង​ប្រទេសចិន​ពីរ​ដង​ កាល​ពី​សប្តាហ៍​មុន​ជុំវិញ​ជម្លោះ​អធិបតេយ្យភាព​ដែន​សមុទ្រ​ជា​យូរ​មក​ បន្ទាប់​ពី​រក្សាភាព​ស្ងៀមស្ងាត់​អស់​រាប់​ខែ​កន្លង​នេះ។ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​រំពឹង​ថា​នឹង​ឃើញ​ពី​ដំណាក់​កាល​ខឹង​សម្បា​ដូច​ពេល​នេះ​ ឆ្លាស់​គ្នា​ជាមួយ​ការ​ស្ងៀម​ស្ងាត់​ដែល​ធ្លាប់​មាន​ពី​មុន​មក។

ក្រសួង​ការបរទេស​វៀតណាម​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃទី២៤​ខែ​មេសា​ ចិន​បាន​រំលោភ​ចូល​ដែន​អធិបតេយ្យភាព​វៀតណាម​តាម​រយៈ​ការ​តំឡើង​សម្ភារៈ​យោធា​នៅ​លើ​ប្រជុំ​ កោះ​សមុទ្រ​ Paracel​ ដែល​មាន​ជម្លោះ។ សម្ភារៈ​យោធា​ទាំង​នោះ​អាច​ប៉ះពាល់​ដល់​ការ​ហោះ​ហើរ​យន្តហោះ​ និង​សកម្មភាព​យោធា​វៀតណាម។ នេះ​បើ​យោង​តាម​លោក Carl Thayer ​សាស្រ្តចារ្យ​ឯកទេស​ផ្នែក​អាស៊ី​អាគ្នេយ៍​នៅ​សាកល​វិទ្យាល័យ New South Wales នៅ​ប្រទេស​អូស្រា្តលី។

ក្រុមហ៊ុន ​PetroVietnam​ ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ឲ្យ​ដឹង​ថា​ស្ថានភាព​តានតឹង​ដូចគ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ នឹង​ប៉ះពាល់​ដល់​ការ​រ៉ុករក​ប្រេង​នៅ​ក្រោម​បាត​សមុទ្រ។ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ សម្ពាធ​ពី​ប្រទេស​ចិន​បាន​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​រ៉ុករក​រ៉ែ​ចំនួន​ពីរ​ចាប់តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០១៧មក។ ក្រុមហ៊ុន​ខួង​ប្រេង​វៀតណាម​ឥឡូវ​នេះ​កំពុង​បោះទុន​វិនិយោគ​ជា​ទឹកប្រាក់​ចំនួន​៤ពាន់​៦​រយ​លាន​ដុល្លារ​ សម្រាប់​គម្រោង​រុករក​ឧស័្មន​ធម្មជាតិ​ជាមួយ​នឹង​ក្រុមហ៊ុន ExxonMobil។

ប៉ុន្តែ​ជាង​៧ខែ​កន្លង​មក​នេះ​ប្រទេស​វៀតណាម​បាន​និយាយ​ប្រឆាំង​ចិន​តិចតួច​ប៉ុណ្ណោះ​ សូម្បី​តែ​នៅ​អំឡុង​ពេល​ធ្វើ​សមយុទ្ធនាវា​ចម្បាំង​ទ្រង់​ទ្រាយ​ធំ​របស់​ចិនកាល​ពី​ខែមិនា​ និង​នៅ​ពេល​ដែល​ចិន​រិះគន់​វៀតណាម​ពី​ការ​អនុញ្ញាត​ឲ្យ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ទស្សនៈកិច្ច​នៅក្នុង​ប្រទេស​វៀតណាម​ក៏​ដោយ។ អ្នក​វិភាគ​និយាយ​ថា​វៀតណាម​បាន​ឲ្យ​តម្លៃ​កាន់​តែ​ខ្លាំង​ចំពោះ​ចំណង​ទាក់ទង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ចិន​ និង​ស្វែង​រក​បណ្តាញ​នយោបាយ​ដើម្បី​ដោះស្រាយ​ជម្លោះ​នានា។

លោក ​Thayer​ មាន​ប្រសាសន៍​បន្ថែម​ថា៖ «សម្រាប់​ការងារ​ផ្ទៃក្នុង​ ពួក​មេដឹកនាំ​ត្រូវ​តែ ថ្លឹងថ្លែង​ឲ្យ​បាន​ហ្មត់ចត់​ពី​អ្វី​ដែល​ជា​ ប្រតិកម្ម​របស់​ចិន​ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​កាលៈទេសៈ​ពិសេស។ ប្រសិន​បើ​ពួកគេ​កំពុង​ស្វែង​រក​អ្វី​មួយ​ ពួកគេ​ប្រហែល​ជា​មិន​ចង់​បង្ក​ឲ្យ​មាន​ភាពរង្គោះរង្គើរ​ជាមួយ​ចិន​ និង​មាន​ការ​ប្រយ័ត្នប្រយែង​ជាង​មុន។ ដូច្នេះ​នេះ​គឺ​ជា​យុទ្ធសាស្រ្ត​មួយ​ដែល​ត្រូវ​ថ្លឹង​ថ្លែង​មើល​ថា​ជា​ការ​ធ្វើ​ជ្រុល​ហួសពេក​ ឬ​ធ្វើ​តិច​ពេក​និង​ត្រូវ​ពិនិត្យ​មើល​ពី​សម្ពាធ​ពី​ខាង​ក្នុង»។

ដំណាក់​កាល​ស្ងៀម​ស្ងាត់

វៀតណាម​និង​ចិន​ប្រជែង​ដណ្តើម​កាន់កាប់​ដែនសមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តាយ​ឆ្នេរ​វៀតណាម​ប្រវែង​៣.៤៤៤​គីឡូ​ម៉ែត្រ។ ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី ​កោះ​តៃវ៉ាន់ ​និង​ហ្វីលីពីន​ក៏​ទាមទារ​គ្រប់គ្រង​ផ្ទៃ​សមុទ្រ​ទាំងមូល​ ឬ​ផ្នែក​ខ្លះ​នៃ​ផ្ទៃសមុទ្រ​ប្រវែង​៣លាន​៥​សែន​គីឡូម៉ែត្រការ៉េ​ រួមទាំង​ធនធាន​ត្រី​សំខាន់ៗ​ និង​ប្រេង​ឥន្ធនៈ​បម្រុង​ផងដែរ។ ប្រទេស​ចិន​ទាមទារ​កាន់កាប់​ដែនសមុទ្រ​៩០​ភាគរយ​ ប៉ុន្តែ​ប្រទេស​ផ្សេង​ទៀត​កម្រ​បញ្ចេញ​មតិ​ណាស់។

ជាទូទៅ​ក្រុមអ្នកវិភាគ​តែងតែ​មើល​លើ​វៀតណាម​នៅពេល​មាន​ការ​ប្រឆាំង​នឹង​ការ​ពង្រីក​កងទ័ព​ចិន​នៅ​លើ​ប្រជុំ​កោះ​ប៉ារ៉ាស៊ែល និង​ប្រជុំ​កោះ Spratly។ ប៉ុន្តែ​រហូត​មក​ដល់​សបា្តហ៍​មុន​ វៀតណាម​មិន​ធ្វើ​ការ​រិះគន់​ខ្លាំងៗ​លើ​ប្រទេស​ចិន​ ចាប់​តាំង​ពី​ការ​ថ្កោល​ទោស​ការ​ធ្វើ​សមយុទ្ធ​យោធា​ចិន​កាល​ពី​ខែសីហា​ឆ្នាំ២០១៧​មក។ ការណ៍​នេះ​ដោយ​សារ​វៀតណាម​ចង់​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ និង​នយោបាយ​ខ្លាំង​ជាង​មុន​ជាមួយ​ចិន។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន។​

លោក ​Eduardo Araral ​សាស្រ្តាចារ្យ​ជំនួយ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​និយាយ​ថា៖ «មាន​យន្តការ​តុល្យភាព​ខ្លះ​ ដូច្នេះ​វា​មាន​ទាំង​ទំនាក់ទំនង​ក្តៅ​ផង​និង​ត្រជាក់​ផង។ ប៉ុន្តែ​ខ្ញុំ​មិន​រំពឹង​ថា​រដ្ឋាភិបាល​វៀតណាម​នឹង​ធ្វើ​ការ​រិះគន់​ចិន​នោះ​ទេ​ ដោយសារ​តែ​វាគឺ​ជា​ស្ថានភាព​ផុយស្រួយ​មួយ»។

វៀតណាម​ចាត់​ទុក​ចិន​គឺ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​ និង​វត្ថុធាតុ​ដើម​សម្រាប់​ផលិតកម្ម​របស់​ខ្លួន។ កាល​ពី​ឆ្នាំ​មុន​ប្រធានាធិបតី​វៀតណាម​ លោក ​Tran Dai Quang​ បាន​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​ ដើម្បី​ជំរុញ​ឲ្យ​ទីផ្សារ​ចិន​បើក​ទូលាយ​ចំពោះ​ទំនិញ​វៀតណាម​បន្ថែម​ទៀត​ ដោយ​បន្ថែម​ទឹក​ប្រាក់​ដល់​ទៅ​៧២​ពាន់​លាន​ដុល្លារ​ សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​ ដែល​វៀតណាម​ហៅ​ថា​ជា​ពាណិជ្ជកម្ម​ទ្វេភាគី​ធំ​ជាងគេ​បំផុត​របស់​ខ្លួន។

ការ​ផ្តោត​លើ​ចំណង​ការទូត

លោក​ Thayer​ បាន​ថ្លែង​បន្ត​ថា​ វៀតណាម​ប្រហែល​ជា​បំភ្លេច​ចោល​ជម្លោះ​មួយ​ចំនួន ដើម្បី​បង្ហាញ​ពី​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និត​ជា​ផ្លូវការ​ជាមួយ​ចិន។ ជា​ឧទាហរណ៍​ កងទ័ព​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ការ​ល្បាត​រួម​គ្នា​ចំនួន​២៣​ដង​នៅ​តាម​ឈូង​សមុទ្រ​Tonkin​ រួម​គ្នា​ ដែល​បាន​បញ្ចប់​កាល​ពី​ខែធ្នូ។ ពួក​គេ​ក៏​បាន​ធ្វើ​ការ​រុករករ៉ែ​រួមគ្នា​ និង​គោរព​តាម​កិច្ចព្រមព្រៀង​នេសាទ​នៅក្នុង​ឈូង​សមុទ្រ​ Tonkin​ ផងដែរ។

លោក ​Eduardo Araral ​បាន​ថ្លែង​ដូច្នេះ​ថា​ គណបក្ស​កុម្មុយនិស្ត​ទាំង​ពីរ​ ជា​រឿយៗ​តែង​តែ​ជួប​ប្រជុំ​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​រក្សា​ជម្លោះ​មិន​ឲ្យ​ធ្ងន់ធ្ងរ​ឡើង​ ដែល​នេះ​គឺ​ជា​កត្តា​មួយ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​វៀតណាម​តែង​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​គ្រប់​ពេល​ទាំង​អស់។

សមាជិក​គណបក្ស​នយោបាយ​វៀតណាម​លោក ​Nguyen Van Binh​ បាន​ជួប​ជាមួយ​អនុ​ប្រធានាធិបតី​ចិន​លោក ​Wang Qishan ​កាល​ពី​ពាក់​កណ្តាល​ខែ​មេសា​ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​បង្កើន​«កិច្ចប្រជុំ​កំរិត​ខ្ពស់»​ និង​អំពី​ការ​បង្កើន​«ការ​អនុវត្ដ​កិច្ច​សហ​ប្រតិបត្តិការ»​ផង​ដែរ។

ចិន​ព្យាយាម​បង្កើត​សន្តិភាព​តាម​រយៈ​ចំណង​ទាក់ទង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​នឹង​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ជា​ប្រទេស​ទាមទារ​ដែន​អធិបតេយ្យ​សមុទ្រ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក​ នៅ​ពេល​ដែល​តុលាការ​អាជ្ញា​កណ្តាល​ពិភពលោក បាន​ចេញ​សេចក្តី​សម្រេច​មួយ​ប្រឆាំង​នឹង​មូលដ្ឋាន​ច្បាប់​នៃ​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ចិន។

លោក​ Euan Graham​ នាយក​ផ្នែក​សន្តិសុខ​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ Lowy ​សម្រាប់​គោល​នយោបាយ​អន្តរជាតិ​បាន​និយាយ​ថា​ ការ​រិះគន់​ប្រឆាំង​នឹង​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ចិន​ក៏​នឹង​បង្ហាញ​ពី​ការ​រំលោភ​បំពាន​របស់​វៀតណាម​លើ​អនុសញ្ញា​ស្តី​ពី​ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ​ ឬ​ហៅ​កាត់​ថា ​UNCLOS​ ផងដែរ។ ប្រទេស​ទាំងពីរ​ទាមទារ​កាន់​កាប់​ផ្ទៃ​សមុទ្រ​ និង​កោះ​តូចៗ​ ហួស​ពី​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តាច់​មុខ​ដែល​លាត​សន្ធឹង​ប្រវែង​៣៧០​គីឡូម៉ែត្រ

លោក ​Graham​ បាន​ថ្លែង​បន្ត​ថា៖ «វៀតណាម​គឺ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ទំនង​ជា​នឹង​ធ្វើ​ការ​វាយបក​មក​វិញ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វៀតណាម​ក៏​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ផ្សះផ្សារ​ការ​ទាមទារ​របស់​ខ្លួននៅក្នុង​អនុសញ្ញា ​UNCLOS​ នេះ​ដែរ»។

ការដាក់​សម្ពាធ​ដើម្បី​ឲ្យ​មាន​ការ​បញ្ចេញមតិ

ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ១៩៧៤ ​និង​ឆ្នាំ​១៩៨៨ ​ជុំវិញ​ការ​ទាមទារ​ដណ្ដើម​ដែន​សមុទ្រ។ កាល​ពី​ឆ្នាំ២០១៤ ​ភាគី​ទាំង​ពីរ​បាន​បុក​ទូកគ្នា​ទៅ​វិញ​ទៅ​មក​ បន្ទាប់​ពី​ប្រទេសចិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រេង​មួយ​ដាក់ទី​តាំង​នៅក្នុង​តំបន់​មាន​ជម្លោះ។ ពលរដ្ឋ​វៀតណាម​សាមញ្ញ​ក៏​មាន​ក្តីបារម្ភ​ពី​ប្រទេសចិន​ដោយ​សារ​ជម្លោះព្រំដែន​កាល​ពី​ទសវត្សរ៍១៩៧០​ ដែល​ពេល​នោះបាន​ធ្វើ​កុបកម្ម​ហិង្សា​ប្រឆាំង​នឹង​ប្រទេស​ចិន។

កុបកម្ម​ហិង្សា​នៅ​ពេល​នោះ​បាន​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ពាណិជ្ជកម្ម​របស់ចិន​ដែល​មាន​បន្ត​ក្នុង​ប្រទេសវៀតណាម​ ដែល​ពលរដ្ឋ​វៀតណាម​ខ្លះ​បាន​និយាយ​ថា​ពួកគេ​នៅ​តែ​មិន​ពេញចិត្ត​ និង​ជៀសវាង​ទិញ​ទំនិញ​ចិន។ ពួក​សកម្មជន​វៀតណាម​នៅ​តែ​ធ្វើ​បាតុកម្ម​ជា​រៀង​រាល់​ឆ្នាំ​ប្រឆាំង​នឹង​ការ​កាន់​កាប់​របស់​ចិន​នៅ​ប្រជុំកោះ​ Paracel។

លោក ​Eduardo Araral​ បាន​ថ្លែងថា​ប្រទេស​វៀតណាម​បាន​ឈប់​ធ្វើ​កុបកម្ម​កាល​ពី​ឆ្នាំ​២០១៤ បន្ទាប់​ពី​មនុស្ស​២១​នាក់​បាន​ស្លាប់។ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​«នឹង​មិន​បញ្ឈប់​ពលរដ្ឋ​របស់​ខ្លួន​ពី​ការប្រមូល​តវ៉ា​នៅ​តាម​ផ្លូវ​នោះ​ទេ​នៅ​ពេល​ណា​មាន​បញ្ហា​ជាមួយ​ចិន» ​ដូចជា​បញ្ហា​មិន​ព្រម​ព្រៀង​គ្នា​ក្នុង​ការរុក​រ៉ក​ប្រេង​ជាដើម៕

ប្រែសម្រួល​ដោយ ស៊ូ ពេជ្រចិន្តា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG