ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​វៀត​ណាម​​ទាក់​ទងកាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​អូស្រ្តា​លី​ដើម្បី​ទប់​ចិន


លោក​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc ចាប់​ដៃ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull នៅ​វិមាន​សភា​របស់​ប្រទេស​អូស្ត្រាលី ក្នុង​ក្រុង Canberra ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។

ប្រទេស​អូស្រ្តាលី​ដែល​ចង់​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​អាស៊ីបាន​ចុះ​ហត្ថលេខា​លើ​ភាព​ជាដៃគូយុទ្ធ​សាស្រ្ត​ជាមួយ​វៀត​ណាម​ដែល​រួម​ទាំង​ការ​ជួយ​ឧបត្ថម្ភ​ខាង​ការពារ​ប្រទេស​ផង។​

វៀតណាម​កំពុង​ខិត​ចូល​កាន់តែ​ជិត​ឡើង​ទៅ​នឹង​ប្រទេស​អូស្រ្តាលី​នៅពេល​ដែល​ខ្លួន​ស្វះស្វែងរក​ការជួយ​ពីសំណាក់​អន្តរជាតិកាន់​តែធំឡើងដើម្បី​ទប់​នឹងការ​ពង្រីកទឹកដី​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ។

ប្រទេស​ទាំង​២​បាន​ចុះហត្ថលេខា​កាល​ពី​ថ្ងៃ​ទី១៥ ​ខែមីនា​លើ​ភាព​ជា​ដៃគូ​យុទ្ធ សាស្រ្ត​ដើម្បី​បង្កើនការ​សន្ទនា​កម្រិត​ខ្ពស់​ដែល​កំពុង​កត់​សម្គាល់​នូវការ​ធ្វើ​ឲ្យ​ប្រសើ​រឡើង​ដល់​ប្រសិទ្ធភាព​នូវ​ភាព​ជាដៃគូ​ផ្សេង​ទៀត រួមមាន​ការ​សន្យា​ឆ្លើយ​តបដល់​ការ​គំរាម​កំហែង​ខាង​សន្តិសុខ ​ហើយ​នឹង​ធ្វើ​ការ​ជាមួយ​គ្នា«លើ​គោល​នយោបាយ​ផ្លូវនាវាចរណ៍‍»។

អូស្រ្តាលី​និង​វៀត​ណាម​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​នៅពេល​ដែល​វៀត​ណាម​ស្វះ ស្វែង​រកការ​ជួយ​កាន់​តែ​ខ្លាំងឡើង​ដើម្បី​ទប់​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​មាន​អំណាច​កាន់​តែ​ធំ​ឡើង​ក្នុង​ការ​ត្រួតត្រា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ការប្រ​ជែង​គ្នា​នោះ។ អូស្រ្តាលី​ក៏​កំពុង​ស្វែង​រកផ្លូវចូល​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​នៅ​ទី​នោះ​ខ្លួន​មាន​ផល​ប្រយោជន៍​ខាង​សន្តិសុខ​និង​ពាណិជ្ជកម្ម។

លោក Frederick Burke ​ធ្វើការ​នៅ​ក្រុមហ៊ុន​ច្បាប់ Baker McKenzie ក្នុង​ទីក្រុង​ហូជីមិញ​បាន​និយាយថា៖ «ពួកគេ​មានការ​ព្រួយ​កង្វល់​អំពី​បញ្ហា​ពិសេសៗ​ដូចជា​សេរីភាព​នៃ​ការ​ធ្វើ​ការ​នាវាចរណ៍​ និង​សមុទ្រ​ចិនខាង​កើត ​ពួកគេមាន​ផល​ប្រ​យោជន៍​រួម​ជាមួយ​វៀត​ណាម​ក្នុងការ​រក្សា​ផ្លូវ​នាវា​ចរណ៍​នោះ​ឲ្យនៅ​បើក​ចំហរ‍»។​ជម្លោះ​បូរណភាព​ទឹក​ដីរវាង​ចិន​ និង​វៀត​ណាម​លើ​ផ្នែក​នានា​នៃ​សមុទ្រ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ដែល​មាន​ចម្ងាយ​៣លាន​៥សែន​គីឡូម៉ែត្រ​ការ៉េ​ចាប់​តាំង​ពី​ទីក្រុង​ហុងកុង​ដល់​ទីក្រុង Borneo។ កោះ​តៃវ៉ា​និង​ប្រទេស៣​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ទាម​ទារ​សមុទ្រ​នោះ​ដែរ។

​ពួក​អ្នក​វិភាគ​និយាយថា វៀតណាម​កំពុង​ស្វែងរក​មិត្តភាព​ជាមួយប្រទេស​ជា​ច្រើន​ដើម្បី​ការពារ​ទូក​នេសាទ ការ​រុករក​ថាមពល​នៅ​ក្នុងសមុទ្រ​ហើយ​និង​ការទាម​ទារ​អធិបតេយ្យ​ភាព​របស់​ខ្លួន។

លោក Termsak Chalermpalanupap ជា​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន ISEAS Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា៖ «វៀត​ណាម​កំ​ពុង​ស្វែង​រក​មិត្តភក្តិ ​ហើយ​និង​ការ​គាំទ្រ​គ្រប់​ទីកន្លែង។ វៀត​ណាម​ស្វែង​រក​មិត្តភក្តិ​និងការ​គាំទ្រ​ផ្សេងៗ‍»។

ប្រទេស​អូស្រ្តាលីដែល​ជា​សម្ព័ន្ធមិត្តដ៏យូរ​របស់​សហរដ្ឋ​អាមេរិក​ដែល​កំពុង​ប្រឈម​បញ្ហា​ផ្ទាល់​ជាមួយ​ចិន​បាន​ស្ថិតនៅ​ក្នុង​សម្ព័ន្ធភាព​ចតុភាគី​រួម​មាន​ប្រទេស​ ឥណ្ឌា ជប៉ុន​និងសហរដ្ឋ​អាមេរិក។

​ប្រមុខ​រដ្ឋ​មក​ពី​ក្រុម​នោះ​បាន​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង​ម៉ានីល​កាល​ពី​ខែ​វិច្ឆិកា​ដើម្បី​ពិភាក្សា​ថា​តើ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​ឲ្យ​សមុទ្រ​នោះ​នៅ​បើក​ចំហរ​សម្រាប់​ផ្លូវ​នាវាចរណ៍។​ ប្រទេស​អូស្រ្តាលី​និង​ជប៉ុន​បាន​អំពាវនាវ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ដែល​ផ្អែក​លើ​ច្បាប់ «ហើយ​និង​ការ​គោរព​ច្បាប់​អន្តរជាតិ‍»។

វៀតណាម​ និង​ឥណ្ឌា​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវភាព​ជា​ដៃគូ​ខាង​យុទ្ធសាស្រ្ត​របស់​ខ្លួន​កាល​ពី​ឆ្នាំ​ទៅ ​ហើយ​នៅ​ឆ្នាំ​២០១៤ ​ប្រទេស​ជប៉ុន​បាន​យល់​ព្រម​លក់នាវា​ស៊ើប​ការណ៍​សម្ងាត់​ចំនួន​៦​គ្រឿង​ទៅ​ឲ្យ​វៀតណាម។​ នៅ​ខែ​នេះ ​សហរដ្ឋ​អាមេរិក​បាន​បញ្ជូនក្រុម​នាវា​ផ្ទុក​យន្តហោះ​ទៅ​កាន់​ប្រទេស​វៀត​ណាម​ដែល​ជា​ដំណើរ​ទស្សនកិច្ច​បែបនេះ​លើក​ទី​មួយ។

នាវិក​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​រវាង​ចិន​និង​វៀត​ណាម​នៅ​ឯ​សមុទ្រ​នៅ​ឆ្នាំ​១៩៧៤​ និង​ឆ្នាំ​១៩៨៨​ ​នាវា​មក​ពី​ប្រទេស​ចិន​និង​វៀត​ណាម​បាន​បើក​បុកគ្នា​បន្ទាប់​ពី​ចិន​បាន​អនុញ្ញាត​ឲ្យ​ដំឡើង​កន្លែង​បូម​ប្រេង​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​ធ្វើ​ឲ្យ​រកាំ​ចិត្ត​ដល់​គូ​ប្រកួត​ប្រជែង​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូងរបស់​ខ្លួន​ជាង​មួយ​ទសវត្សរ៍​នេះ​ដោយ​ការស្ថាបនា​ប្រជុំ​កោះ​តូចៗ​សម្រាប់​ប្រើ​ប្រាស់​ខាង​យោធា​ និង​នាវាកាពារ​ដែន​សមុទ្រ​ឆ្លង​កាត់ផ្ទៃ​ទឹក​ជិត​ប្រ​ទេស​នានា។ ប្រទេស​អូស្រ្តាលី​មិន​បាន​ទាម​ទារ​ដែនទឹក​នោះ​ទេ។

លោក Stuart Orr សាស្រ្តា​ចារ្យ​នៃ​ការ​ចាត់​ចែង​ខាង​យុទ្ធសាស្រ្ត​នៃ​សាកល​វិទ្យាល័យ Deakin ​ក្នុង​ប្រទេស​អូស្រ្តាលី​បាន​និយាយថា អូស្រ្តាលី ​ប្រហែល​ជួយ​ សម្ព័ន្ធភាព​ចតុភាគី​ដើម្បី​ឃ្លាំ​មើល​សមុទ្រ​ចិន​ខាង​ត្បូង។ ភាព​ជាដៃ​គូ​ជាមួយ​វៀតណាម​ «ផ្តល់​ឲ្យ​អូស្រ្តាលី​នូវ​វត្តមាន​កាន់​តែ​ជិត​ស្និទ្ធ​ឡើង ​ហើយ​និង​ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​អំពី​តំបន់​នោះ‍»។

ក៏ប៉ុន្តែ ​ទាំង​អូស្រ្តាលី​និង​វៀតណាម​ចាត់​ទុក​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ខ្លួន ​ដែល​មាន​ន័យ​ថា ​ពួកគេ​នឹង​ទំនង​បញ្ចៀស​ការ​ប្រឈម​មុខ​ជាមួយ​ចិន​នៅឯ​សមុទ្រ។​ លោក Burke បាន​និយាយ​ទៀត​ថា «ខ្ញុំ​គិតថា ​ពួកគេ​នឹង​មិន​ប្រើ​នាវា​ដឹក​យន្តហោះ​ចម្បាំង​ដូចជា​សហរដ្ឋ​អាមេរិក​កាល​ពី​សប្តាហ៍​មុន​ទេ‍»។

លោក Trung Nguyen ព្រឹទ្ធបុរសនៃ​ទំនាក់​ទំនង​អន្តរជាតិ​នៅឯសាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សង្គម​និង​មនុស្សជាតិ​ក្នុង​ទីក្រុង​ហូជីមិញ​បាន​និយាយ​ថា​ វៀត​ណាម ​ប្រហែល​យក​ចិត្ត​ទុកដាក់​លើ​ប្រទេស​អូស្រ្តាលី​ពី​ព្រោះ​តែ​ខ្លួន​មិន​អាចដឹង​ពី​អ្វី​ដែល​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​នៅ​ក្នុងជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ ពួក​អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​ក្នុង​តំបន់​និយាយថា ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ ​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​គោល​នយោ​បាយ​ខាង​នយោបាយ​និង​សេដ្ឋ​កិច្ច​សម្រាប់​ទ្វីប​អាស៊ី។​

​លោក Nguyen ​បាន​និយាយ​ថា៖ «ដោយ​មាន​គោល​នយោបាយ​ការ​បរទេស​ជា​ច្រើន ​វៀត​ណាមអាចធ្វើ​ឲ្យ​មានតុល្យភាព​ដើម្បី​ទប់​ទល់​នឹង​ចិន​ក្នុង​ករណី​អវត្ត​មាន​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់។ «ទោះ​ជា​អូស្រ្តាលី ​មាន​អំណាច​កម្រិត​ទី២ ​ក្នុង​ករណី​ខ្លះ ​ពួកគេ​អាច​ជំនួស​ឲ្យ​សហរដ្ឋ​អាមេរិក​បាន​ដែរ បើសិន​សហរដ្ឋ​អាមេរិក​ត្រឡប់​ទៅ​កាន់​គោល​នយោបាយ​គិត​ពី​ប្រទេស​អាមេរិក​មុន​នោះ‍»។

ពួក​អ្នក​វិភាគ​និយាយ​ថា អូស្រ្តាលី​បាន​ចុះ​ហត្ថលេខា​លើ​ភាពជា​ដៃគូ​ជាមួយ​វៀត​ណាម​ដើម្បី​ព្យាយាម​រឹតបន្តឹង​ចំណង​ទាក់​ទង​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​១០​ជា​សមាជិក។ អូស្រ្តាលី​មើល​ឃើញ​ក្រុម​ប្រទេស​ទាំង​នេះ ​រួម​ទាំង​វៀត​ណាម​ជា​គន្លឹះ​ដ៏​សំខាន់​ដល់​សន្តិសុខ​តំបន់​អាស៊ី​នឹង​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​អូស្រ្តាលី។

សមាគម​អាស៊ាន​មាន​ប្រជា​ពលរដ្ឋប្រហែល​៦៣០​លាន​នាក់ ​រួមមាន​ទីផ្សារ​ប្រើ​ប្រាស់​ទំនិញកំពុង​រីក​ចម្រើន​បំផុតដូចជា​ប្រ​ទេស​ឥណ្ឌូនេស៊ី ​ហ្វីលីពីន​និង​វៀត​ណាម។ លោក Nguyen និយាយ​ទៀត​ថា ​វៀតណាម​អាច​សម្រប​សម្រួល​ចំ ណង​ទាក់​ទង​របស់​អូស្រ្តាលី​ក្នុង​តំបន់​កាន់​តែ​ធំ​ឡើង។

លោក Burke និយាយ​ថា ក្រុមហ៊ុន​អូស្រ្តាលី ​ជួនកាល​ដេញថ្លៃ​គម្រោង​រៀប​ចំ​ចាត់​ចែង​ទឹក​ក្នុង​ប្រទេស​វៀត​ណាម។ ​នៅ​ខែ​នេះ ​ក្រុម​ហ៊ុន​អាកាសចរណ៍ Vietjet ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​នឹង​ចាប់​ផ្តើម​ជើងហោះហើរ​រវាង​ទីក្រុង​ហូជីមិញ​ និង​ទីក្រុង Brisbane ​នៃ​ប្រទេស​អូស្រ្តាលី​ដើម្បី​ជួយ​ការ​ផ្លាស់​ប្តូរ​សមាហរណកម្ម​ក្នុង​តំបន់​និង​ពាណិជ្ជកម្ម។

ពាណិជ្ជកម្ម​រវាង​អូស្រ្តាលី​និង​វៀត​ណាម​ក្នុង​ឆ្នាំ​២០១៦​និង​២០១៧​បាន​ឡើង​ដល់​៩​ពាន់​លាន​ដុល្លារ​ដែល​ធ្វើ​ឲ្យ​វៀត​ណាម​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​១៥​របស់​អូស្រ្តាលី។

រដ្ឋាភិបាល​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​ប្រព័ន្ធ Website របស់​ខ្លួន​ថា កាល​ពី​ថ្ងៃ​ទី១៧​និង​ទី១៨ ​ខែ​មីនា​នេះ ប្រទេសអូស្រ្តាលី​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀប​ចំ​សន្និសីទ​កំពូល​ពិសេស​លើក​ទី​មួយ​របស់​ខ្លួន​ជាមួយ​សមាគម​អាស៊ាន​ដោយ​ផ្តោតលើបញ្ហា​សន្តិ សុខ​រួមនិងការពារ​ឱកាស​កាន់​តែច្រើន​ឡើង​សម្រាប់​ពាណិជ្ជកម្ម​យើង‍»៕

ប្រែ​សម្រួលដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG