លោក Pham Chi Cuong មិនដែលនឹកគិតថា ខ្លួននឹងត្រូវបញ្ជូនទៅវៀតណាមវិញទេ រហូតដល់ពេលគាត់ឃើញយន្តហោះដែលកំពុងរង់ចាំដឹកលោកពីសហរដ្ឋអាមេរិកទៅវៀតណាមដែលលោកបានរត់ភៀសខ្លួនកាលពីឆ្នាំ១៩៩០។
លោក Cuong និងមនុស្សយ៉ាងហោចណាស់បីនាក់ផ្សេងទៀត ដែលបានរស់នៅស.រ.អា.អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ ត្រូវបានបញ្ជូនទៅប្រទេសវៀតណាមវិញនៅខែធ្នូឆ្នាំ ២០១៧ ដែលជាផ្នែកមួយនៃការជំរុញរបស់រដ្ឋបាលលោកTrump ក្នុងការបណ្តេញជនអន្តោប្រវេសន៍ដែលត្រូវបានផ្តន្ទាទោសពីឧក្រិដ្ឋកម្មនៅក្នុងសហរដ្ឋអាមេរិក។
ការបណ្តេញចេញធ្វើឡើង ទោះបីជាមានកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ ២០០៨ ដែលចែងថា ជនអន្ដោប្រវេសន៍វៀតណាមដែលបានមកដល់សហរដ្ឋអាមេរិកមុនឆ្នាំ១៩៩៥ ដែលពួកគេភាគច្រើនបានគាំទ្រអតីតរដ្ឋាភិបាលវៀតណាមខាងត្បូងនោះ នឹងមិនត្រូវបញ្ជូនត្រឡប់ទៅវៀតណាមវិញនោះទេ។
លោកCuong និងបុរសដទៃទៀតបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅសប្តាហ៍នេះក្នុងទីក្រុងហូជីមិញថា ជីវិតនៅវៀតណាមគឺពិបាក ក្នុងការស្វែងរកការងារធ្វើ។ លោកCuong បានចាកចេញចោលប្រពន្ធនិងកូននៅទីក្រុង Orlando រដ្ឋ Florida ។
បុរសម្នាក់ទៀតមានត្រកូលង្វៀន បានឲ្យដឹងថា មន្ត្រីនគរបាលមូលដ្ឋានសួរថា លោកវិលត្រឡប់មកវៀតណាមវិញធ្វើការឱ្យ CIAឬយ៉ាងណា?
លោកនិយាយថា លោកត្រូវបានគេបញ្ជូនទៅឈូងសមុទ្រ Cam Ranh ជាកន្លែងដែលលោកបានភៀសខ្លួន បន្ទាប់ពីចប់សង្គ្រាមដោយសារគ្រួសារលោកនៅខាងរដ្ឋាភិបាលវៀតណាមខាងត្បូងដែលចាញ់សង្គ្រាម៕