ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​អាមេរិក​ទាត់​ចោល​ផ្នែក​ខ្លះ​នៃ​ច្បាប់​អន្តោប្រវេសន៍


លោក Neil Gorsuch ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​នៅ​តុលាការ​កំពូល ដោយ​មាន​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ឈរ​មើល​ពីក្រោយ។
លោក Neil Gorsuch ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​នៅ​តុលាការ​កំពូល ដោយ​មាន​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ឈរ​មើល​ពីក្រោយ។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ​បាន​សម្រេច​ថា​បញ្ញត្តិ​មួយ​នៃ​ច្បាប់​អន្តោប្រវេសន៍​ដែល​តម្រូវ​ឱ្យ​ចាប់​បញ្ជូន​ជន​អន្តោប្រវេសនួ​ ដែល​ត្រូវបាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​ដ៏​ហិង្សា ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ជា​ដាច់​ខាត​នោះ​ គឺ​មាន​លក្ខណៈ​ស្រពិច​ស្រពិល​ពេក​រហូត​ដល់​មិន​អាច​យក​ទៅ​អនុវត្ត​បាន​ទេ។

​ជា​បរាជ័យ​មួយ​ចំពោះប្រធានាធិបតី​ លោក ដូណាល់​ ត្រាំ ​ចៅក្រម​ដែល​លោក​ប្រធានាធិបតី​បាន​តែង​តាំង​ឱ្យ​កាន់​តំណែង​ក្នុង​តុលាការ​កំពូល​នោះ​គឺ​លោក​ចៅក្រម​ Neil Gorsuch ​បាន​យល់ស្រប​ជាមួយ​ចៅ​ក្រម​ដែល​មាន​ទំនោរ​សេរី​និយម​ផ្សេង​ទៀត​ ដោយ​សំឡេង​៥​ទល់​នឹង​៤ ក្នុង​ការ​សម្រេច​សេចក្ដី​លើ​សំណុំ​រឿង​ទាក់​ទង​នឹង​ជន​អន្តោប្រវេសន៍​ឈ្មោះ Dimaya (Session v. Dimaya) កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ ​ពាក់ព័ន្ធ​នឹង​លោក ​James Dimaya​ ដែល​មាន​ដើមកំណើតនៅ​ប្រទេស​ហ្វីលីពីន ហើយ​ដែល​បាន​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ស្របច្បាប់​ក្នុង​នាម​ជា​ក្មេង​អាយុ​១៣​ឆ្នាំ​កាល​ពី​ឆ្នាំ​១៩៩២។ បន្ទាប់​ពី​លោក​ មិន​បាន​តវ៉ា​ប្រឆាំង​នឹង​បទ​ចោទ​ប្រកាន់​ចំនួន​ពីរ​ ពី​បទ​លប​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​គេ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា រដ្ឋាភិបាល​ក៏​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ចាប់​បញ្ជូន​ខ្លួន​លោក​ទៅ​ប្រទេស​កំណើត​វិញ។

រដ្ឋាភិបាល​បាន​លើក​ទឡ្ហីករណ៍​ថា ​លោក James Dimaya ​អាច​ត្រូវ​ចាប់​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក ដោយ​សារ​ទោស​របស់​គាត់​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​ដ៏​ហិង្សា ដែល​អាច​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ចាប់​បញ្ជូន​ខ្លួន​ចេញ​បាន​តាម​ច្បាប់​អន្តោប្រវេសន៍។

​ប៉ុន្តែ ​ចៅក្រម ​Elana Kagan ​បាន​សរសេរ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ដោយ​មាន​សំឡេង​ភាគច្រើន​ថា បញ្ញត្តិ​នេះ​មិន​បញ្ជាក់​ច្បាស់​អំពី​អ្វី​ទៅ​ជា​ឧក្រិដ្ឋកម្ម​ដ៏​ហិង្សា ដែល​វា​អាច​ធ្វើ​ឱ្យជន​អន្តោប្រវេសន៍​ម្នាក់​អាច​ត្រូវ​ចាប់​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​បាន មិន​ថា​ជន​នោះ​បាន​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​យូរ​ប៉ុណ្ណា​នោះ​ទេ។ លោកស្រី​ចៅក្រម​រូប​នេះ​សរសេរ​ថា ការ​ធ្វើ​បែបនេះ​រំលោភ​លើ​ការពារ​ផ្នែក​ច្បាប់​ដែល​ធានាដោយ​រដ្ឋធម្មនុញ្ញ៕

XS
SM
MD
LG