ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍និង​គយ​របស់​សហរដ្ឋ​អាមេរិក​ចាប់​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន ២១២ នាក់


រូបភាពឯកសារ៖ ក្រុម​មន្រ្តី​ផ្នែក​អន្តោប្រវេសន៍​និង​គយ​ស្វែង​រកជន​ឧក្រិដ្ឋ​​នៅ​ក្នុង​ទីក្រុង​ Santa Ana រដ្ឋកាលីហ្វ័រញ៉ាកាលពី​ថ្ងៃទី​១១ ខែ ឧសភា ២០១៧។
រូបភាពឯកសារ៖ ក្រុម​មន្រ្តី​ផ្នែក​អន្តោប្រវេសន៍​និង​គយ​ស្វែង​រកជន​ឧក្រិដ្ឋ​​នៅ​ក្នុង​ទីក្រុង​ Santa Ana រដ្ឋកាលីហ្វ័រញ៉ាកាលពី​ថ្ងៃទី​១១ ខែ ឧសភា ២០១៧។

រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក ដែល​ហៅ​កាត់​ថា ICE បាន​ចាប់​ខ្លួន​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​ចំនួន ២១២ នាក់​នៅ​តំបន់​ភាគ​ខាង​ត្បូង​រដ្ឋ California កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ។

ទីភ្នាក់ងារ ICE នេះ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ថា ខ្លួន​បាន​ចាប់​ខ្លួន​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​ទាំង​នេះ​នៅ​តាម​កន្លែង​អាជីវកម្ម​ចំនួន ១២២ កន្លែង នៅ​ក្នុង​អំឡុង​ពេល​ចុះ​ឆែកឆេរ​រយៈពេល ៥ ថ្ងៃ​របស់​ខ្លួន។

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ អនុ​ប្រធាន​ទីភ្នាក់ងារ ICE លោក Thomas Homan បាន​និយាយ​ថា៖ «ដោយសារតែ​ដែន​សមត្ថកិច្ច​មួយ​ចំនួន​ដែល​មាន​គោល​នយោបាយ​ដាក់​កំហិត​ចំពោះ​ការ​ពាក់ព័ន្ធ​របស់​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​សហព័ន្ធ ដូចជា​ទីក្រុង Los Angeles ជា​ដើម បាន​ជា​ទីភ្នាក់ងារ ICE មិន​អាច​ចាប់​ខ្លួន​ជន​បរទេស​ដែល​ជា​ឧក្រិដ្ឋជន​នៅ​ក្នុង​កន្លែង​ឃុំឃាំង​ដែល​មាន​សន្តិសុខ​ត្រឹមត្រូវ​បាន។ ដូច្នេះ មន្ត្រី​មាន​សមត្ថកិច្ច​មាន​តែ​បង្ខំ​ចិត្ត​ធ្វើ​ការ​ចាប់​ខ្លួន​ជា​ទូទៅ​នៅ​តាម​សហគមន៍​ប្រជាពលរដ្ឋ​វិញ»។

លោក Thomas Homan បាន​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ចំនួន ៨៨ ភាគរយ គឺ​ជា​ឧក្រិដ្ឋជន​ដែល​មាន​ទោស។

សេចក្ដី​ប្រកាស​របស់​ទីភ្នាក់ងារ ICE នេះ​បាន​បញ្ជាក់​ទៀត​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង ៨៨ ភាគរយ​នោះ គឺ​ជា​ឧក្រិដ្ឋជន​ដែល​មាន​ទោស ឬ​ក៏​អ្នក​ដែល​មិន​គោរព​តាម​បញ្ជា​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក ឬ​ក៏​អ្នក​ដែល​ធ្លាប់​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​ប៉ុន្តែ​បាន​លួច​ចូល​ដោយ​ខុស​ច្បាប់​មក​ក្នុង​សហរដ្ឋ​អាមេរិក​ម្ដង​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG