ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​ថ្លឹងថ្លែង​សំណើ​ច្បាប់​អន្តោប្រវេសន៍​ប្រជែង​គ្នា​មួយ​ចំនួន


លោក​សមាជិក​ព្រឺទ្ធសភា​អាមេរិក​ James Lankford ស្តាប់​លោក​សភា Angus King ថ្លែង​អំពី​បញ្ហា​អន្តោប្រវេសន៍ និង កម្មវិធី DACA កាលពីថ្ងៃទី​០៧ កុម្ភៈ ២០១៨ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​សមាជិក​ព្រឺទ្ធសភា​អាមេរិក​ James Lankford ស្តាប់​លោក​សភា Angus King ថ្លែង​អំពី​បញ្ហា​អន្តោប្រវេសន៍ និង កម្មវិធី DACA កាលពីថ្ងៃទី​០៧ កុម្ភៈ ២០១៨ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​អាច​បោះ​ឆ្នោត​លើ​សំណើ​ច្បាប់​កំណែ​ទម្រង់​អន្តោប្រវេសន៍​មួយ​ចំនួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្រប​ពេល​ដែល​សមាជិក​សភា​កំពុង​ថ្លឹងថ្លែង​សំណើ​ច្បាប់​ប្រជែង​គ្នា​មួយ​ចំនួន​ដែល​ផ្ដោត​លើ​បញ្ហា​នានា​ដូចជា​ការ​ការពារ​ជន​អន្តោប្រវេសន៍​វ័យ​ក្មេង​គ្មាន​ក្រដាស​ស្នាម ការ​ពង្រឹង​សន្តិសុខ​ព្រំដែន និង​ការ​ផ្លាស់ប្ដូរ​ច្បាប់​អន្តោប្រវេសន៍​តាម​រយៈ​គ្រួសារ។

កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុម​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ទាំង​ពីរ​ចំនួន ១៦ រូប បាន​ប្រកាស​អំពី​ការ​ព្រមព្រៀង​គ្នា​លើ​ច្បាប់​មួយ​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​តាំង​ពី​នៅ​កុមារ​អាច​ទទួល​បាន​សញ្ជាតិ​អាមេរិកាំង​បាន។

សំណើ​ច្បាប់​នេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ដល់​ថវិកា​ចំនួន ២៥ ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ពង្រឹង​សន្តិសុខ​ព្រំដែន​នៅ​ក្នុង​រយៈពេល ១០ ទៅ​មុខ។ ស្រប​ពេល​នោះ​ដែរ​ក៏​ផ្ដោត​លើ​កិច្ច​ប្រឹងប្រែង​ពង្រឹង​ផ្នែក​អន្តោប្រវេសន៍​ចំពោះ​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្តិ​បទ​ល្មើស​ធ្ងន់ធ្ងរ ឬ​ក៏​ប្រព្រឹត្តិ​បទ​ល្មើស​ម្ដង​ជា​ពីរ​ដង អ្នក​ដែល​តំណាង​ឲ្យ​ការ​គំរាមកំហែង​ចំពោះ​សន្តិសុខ​ជាតិ និង​អ្នក​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​នៅ​ក្រោយ​ខែ​មិថុនា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​គាំទ្រ​ការ​កែ​ទម្រង់​បន្ថែម​ទៀត ដែល​អាច​បន្ថែម​ការ​ដាក់​កំហិត​ចំពោះ​អន្តោប្រវេសន៍​តាម​រយៈ​គ្រួសារ និង​ផ្ដល់​អាទិភាព​ដល់​អ្នក​ណា​ដែល​មាន​ជំនាញ​ជឿនលឿន​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក ជំនួស​ឲ្យ​ប្រព័ន្ធ​ចាប់​ឆ្នោត​យក​ទិដ្ឋាការ​មក​រស់នៅ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​សេតវិមាន​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Trump បាន​ជំរុញ​ឲ្យ​សមាជិក​សភា​នានា​អនុម័ត​លើ «កំណែ​ទម្រង់​អន្តោប្រវេសន៍​រួម​មួយ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង»៕

XS
SM
MD
LG