នៅថ្ងៃពុធនេះ រដ្ឋ Georgia នៅក្នុងសហរដ្ឋអាមេរិក នឹងផ្ដល់កិត្តិយសជូនសពរបស់លោក John Lewis ដែលជាសមាជិកសភា និងជានិមិត្តិរូបសិទ្ធិស៊ីវិលសហរដ្ឋអាមេរិក ដោយមានការរៀបចំពិធីនៅវិមានសភារដ្ឋ Georgia ក្នុងទីក្រុង Atlanta ដែលនៅទីនោះ អ្នកកាន់ទុក្ខអាចមានឱកាសដើម្បីគោរពសពលោកជាលើកចុងក្រោយ។
សពរបស់លោក Lewis នឹងតម្កល់សម្រាប់សាធារណជនចូលគោរពនៅក្នុងអាគារដែលមានដំបូលមូលក្រឡូមនៃវិមានសភារដ្ឋ Georgia នៅពេលរសៀលថ្ងៃពុធនេះ។ ដើម្បីរក្សាតាមការណែនាំបង្ការជំងឺកូវីដ១៩ អាជ្ញាធរតម្រូវឲ្យអ្នកដែលចូលរួមត្រូវពាក់ម៉ាស់។
លោក Lewis បានស្លាប់កាលពីសប្ដាហ៍មុនក្នុងអាយុ ៨០ ឆ្នាំ បន្ទាប់ពីបានទប់ទល់នឹងជំងឺមហារីកលំពែងដំណាក់កាលចុងក្រោយអស់រយៈពេលមួយឆ្នាំមក។
កាលនៅមានជីវិត លោក Lewis ធ្វើជាសមាជិកសភាតំណាងឲ្យរដ្ឋ Georgia អស់រយៈពេល ៣៣ ឆ្នាំ។
អភិបាលរដ្ឋ Georgia លោក Brian Kemp បានបញ្ជាក់នៅក្នុងបទបញ្ជាប្រតិបត្តិមួយថា៖
«បន្ថែមទៅនឹងការប្ដូរផ្ដាច់ប្រយុទ្ធប្រឆាំងនឹងការគាបសង្កត់និងភាពស្អប់គុំកួន លោក Lewis បានតំណាងឲ្យសង្កាត់ទី ៥ នៃរដ្ឋ Georgia នៅរដ្ឋសភាសហរដ្ឋអាមេរិកអស់រយៈពេល ១៧ អាណត្តិ។ នៅពេលដែលយើងកាន់ទុក្ខការស្លាប់របស់លោក យើងផ្ដល់កិត្តិយសដល់ការបូជារបស់លោកចំពោះពលរដ្ឋអាមេរិកាំង ហើយយើងគោរពចំពោះការប្រឹងប្រែងរបស់លោកនៅក្នុងការផ្លាស់ប្ដូរពិភពលោកជាវិជ្ជមានតាមវិធីជ្រាលជ្រៅធំធេងគ្មានព្រំដែនកំណត់»៕