ពិធីបុណ្យសពលោក John Lewis ដែលជាសមាជិករដ្ឋសភា និងជានិមិត្តរូបសិទ្ធិស៊ីវិល ត្រូវបានធ្វើឡើងពីរកន្លែងនៅក្នុងរដ្ឋ Alabama កាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលជាថ្ងៃដំបូងនៃការគោរពដឹងគុណដល់សពរបស់លោករយៈពេល ៦ ថ្ងៃ។
នៅឯពិធីបុណ្យសពរបស់លោកកាលពីថ្ងៃសៅរ៍ម្សិលមិញនៅសាកលវិទ្យាល័យ Troy ក្នុងរដ្ឋ Alabama បងប្អូន ៥ នាក់ និងចៅប្រុសម្នាក់របស់លោក បានថ្លែងអំពីលោកថា ជាបុរសម្នាក់ដែលផ្ដល់ការស្រលាញ់ និងមានភាពអង់អាចក្លាហានសម្រាប់គ្រួសារ។
បងប្អូនរបស់លោក Lewis បានរំឭកអ្នកចូលរួមក្នុងពិធីបុណ្យសពរបស់លោកអំពីដំបូន្មានដ៏ល្បីល្បាញរបស់លោកនៅក្នុងការបង្កើត «បញ្ហាល្អ» ដែលនោះគឺការធ្វើទង្វើនានាសម្រាប់គោលបំណងល្អ។
នៅឯពិធីបុណ្យសពរបស់លោកនៅសាកលវិទ្យាល័យ Troy សពរបស់លោកត្រូវបានតម្កល់ជាសាធារណៈ ដើម្បីឲ្យភ្ញៀវចូលគោរព។
នៅថ្ងៃអាទិត្យនេះ សពរបស់លោកនឹងត្រូវបញ្ជូនកាត់តាមស្ពាន Edmund Pettus ក្នុងទីក្រុង Selma រដ្ឋ Alabama ដែលជាកន្លែងដែលលោក និងក្រុមអ្នកទាមទារសិទ្ធិបោះឆ្នោតផ្សេងទៀតត្រូវបានអាជ្ញាធរវាយដំកាលពីឆ្នាំ ១៩៦៥ នៅថ្ងៃដែលគេស្គាល់ថាជា «ថ្ងៃអាទិត្យបង្ហូរឈាម»។
សពរបស់លោកនឹងត្រូវគេបញ្ជូនទៅកាន់ទីក្រុង Montgomery ដែលជារដ្ឋធានីរបស់រដ្ឋ Alabama។ អភិបាលរដ្ឋ Alabama អ្នកស្រី Kay Ivey បានបញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្ដាលដងកាលពីថ្ងៃសៅរ៍ និងនៅថ្ងៃអាទិត្យនេះ ដើម្បីផ្ដល់ការគោរពដល់សពលោក Lewis។
នៅក្នុងពិធីបុណ្យសពរបស់លោករយៈពេល ៦ ថ្ងៃនេះ សពរបស់លោកនឹងត្រូវតម្កល់ជាសាធារណៈនៅក្នុងអាគារសភារបស់រដ្ឋ Alabama ក្នុងទីក្រុង Montgomery អាគារសភារបស់រដ្ឋ Georgia ក្នុងទីក្រុង Atlanta និងអាគារសភាសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕