ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​នឹង​ជ្រើសរើស​បេក្ខជន​ថ្មី​ជំនួស​លោក John Lewis ដែល​ទើបទទួលមរណភាព


ពលរដ្ឋនៅទីក្រុង Atlanta បានដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោក John Lewis នៅក្បែរគេហដ្ឋានរបស់លោក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
ពលរដ្ឋនៅទីក្រុង Atlanta បានដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោក John Lewis នៅក្បែរគេហដ្ឋានរបស់លោក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

ថ្នាក់​ដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋ Georgia សហរដ្ឋ​អាមេរិក នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ជ្រើសរើស​បេក្ខជន​ម្នាក់​ជំនួស​លោក John Lewis ដែល​ទើប​បានទទួលមរណភាព ​កាល​ពី​ថ្ងៃ​សុក្រ សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

អ្នក​នាំ​ពាក្យ​ម្នាក់​បាន​និយាយ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​ជា​កាល​បរិច្ឆេទ​ផុត​កំណត់ បេក្ខជន​ចំនួន ១៣១ នាក់ បាន​ដាក់​ពាក្យ​ដើម្បី​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ពិចារណា​ជ្រើសរើស។

គណៈកម្មាធិការ​តែងតាំង​នឹង​ជ្រើសរើស​បេក្ខជន​ចម្រាញ់​ចុងក្រោយ​ប្រហែល​ពី ៣ ទៅ ៥ នាក់ ហើយ​បន្ទាប់​មក គណៈកម្មាធិការ​មួយ​ដែល​មាន​ឥស្សរជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន ៤៤ រូប​ជា​សមាជិក នឹង​បោះ​ឆ្នោត​សម្រេច​ជ្រើសរើស​បេក្ខជន​ចុងក្រោយ។

បេក្ខជន​ដែល​នឹង​ត្រូវ​បាន​ជ្រើសរើស​នឹង​ទៅ​ប្រកួត​ជាមួយ​នឹង​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​អ្នកស្រី Angela Stanton-King នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

លោក Lewis បាន​បំពេញ​ការងារ​ជា​សមាជិក​សភា​បាន ១៧ អាណត្តិ។ លោក​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​អាយុ ៨០ ឆ្នាំ បន្ទាប់ពី​ទប់ទល់​ជាមួយ​នឹង​ជំងឺ​មហារីក​លំពែង​ដំណាក់កាល​ធ្ងន់ធ្ងរ​អស់​រយៈពេល​មួយ​ឆ្នាំ​មក។

អភិបាល​រដ្ឋ Georgia មាន​អំណាច​នៅ​ក្នុង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ពិសេស​មួយ​ ដើម្បី​បំពេញ​រយៈពេល​ប៉ុន្មាន​ខែ​ដែល​នៅ​សេសសល់​នៃ​អាណត្តិ​បច្ចុប្បន្ន​របស់​លោក Lewis៕

XS
SM
MD
LG