ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីរបុរស​ទាមទារ​សិទ្ធិ​ស៊ីវិល​អាមេរិក លោក John Lewis ទទួល​មរណភាព


រូបឯកសារ៖ លោក John Robert Lewis ដែល​ជា​ជ័យលាភី​ទាមទារ​សិទ្ធិស៊ីវិល​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ទទួល​មរណភាព​ក្នុង​វ័យ ៨០ ឆ្នាំ ដោយសារ​រោគគាពាធ។
រូបឯកសារ៖ លោក John Robert Lewis ដែល​ជា​ជ័យលាភី​ទាមទារ​សិទ្ធិស៊ីវិល​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ទទួល​មរណភាព​ក្នុង​វ័យ ៨០ ឆ្នាំ ដោយសារ​រោគគាពាធ។

លោក John Robert Lewis ដែល​ជា​ជ័យលាភី​ទាមទារ​សិទ្ធិស៊ីវិល​សម្រាប់​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក និង​ជា​សមាជិក​សភា​សហរដ្ឋអាមេរិក​ដ៏​យូរ​អង្វែង​ម្នាក់ បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៨០ ឆ្នាំ។ លោក​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សុក្រ ដោយសារ​ជំងឺ​មហារីក​លំពែង ក្រោយ​ពី​លោក​មាន​ជំងឺ​នេះ​ដំណាក់កាល​ធ្ងន់ធ្ងរ​អស់​រយៈពេល​មួយ​ឆ្នាំ។

លោក John Lewis ចាប់ផ្ដើម​ល្បីល្បាញ តាមរយៈ​តួនាទី​ជា​មេដឹកនាំ​ចលនា​ទាមទារ​សិទ្ធិ​ស៊ីវិល​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​យុគសម័យ​ទំនើប​កាល​ពី​ទសវត្សរ៍ ១៩៥០ និង​១៩៦០។ នៅ​អាយុ ២៣ ឆ្នាំ លោក​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​មេដឹកនាំ​ទាមទារ​សិទ្ធិ​សម្រាប់​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​លោក Martin Luther King Jr.។

កាល​ពី​នៅ​មាន​ជីវិត លោក Lewis គឺ​ជា​អ្នក​នៅ​រស់​រានមាន​ជីវិត​ចុងក្រោយ​បង្អស់​ ដែល​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ខែ​សីហា ឆ្នាំ ១៩៦៣ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​លោកKing បាន​ថ្លែង​សុន្ទរកថា​ដ៏​ល្បីល្បាញ​របស់​លោក​ដែល​មាន​ចំណងជើង​ថា «ខ្ញុំ​មាន​ក្ដី​សុបិន្ត​មួយ»។ ក្នុង​អំឡុងពេល​ជួបជុំ​គ្នា​ជា​ប្រវត្តិសាស្ត្រ​នេះ លោក Lewis បាន​រំឭក​ដល់​ពលរដ្ឋអាមេរិកាំង​អំពី​អំណាច​នៃ​ចលនា​សិទ្ធិ​ស៊ីវិល។

លោក Lewis បាន​ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស​ប្រមាណ ២ សែន ៥ ម៉ឺន​នាក់​ថា៖ «តាមរយៈ​កម្លាំង​នៃ​ការ​ទាមទារ​របស់​យើង ការ​ប្ដេជ្ញា​របស់​យើង និង​ចំនួន​អ្នក​ចូលរួម​ក្នុង​ចលនា​របស់​យើង យើង​គួរតែ​បំបែក​បណ្ដា​រដ្ឋ​ប៉ែក​ខាង​ត្បូង​ឲ្យ​ក្លាយជា​បំណែក​រាប់​ពាន់ ហើយ​ដាក់​បញ្ចូល​គ្នា​ឡើង​វិញ​ក្នុង​នាម​ព្រះ​ជា​ម្ចាស់ និង​លទ្ធិប្រជាធិបតេយ្យ។ យើង​ត្រូវតែ​និយាយ​ថា៖ «ភ្ញាក់ឡើង​ពលរដ្ឋអាមេរិកាំង! ភ្ញាក់ឡើង! យើង​មិន​អាច​ឈប់​បាន​ទេ ហើយ​ក៏​មិន​អាច​អត់ធ្មត់​បាន​ដែរ»។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​បង្ហោះ​សារ​មួយ​លើ Twitter កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «ខ្ញុំ​សោកស្ដាយ​ណាស់ ដែល​បាន​ឮ​អំពី​ដំណឹង​មរណភាព​របស់​វីរបុរស​ទាមទារ​សិទ្ធិស៊ីវិល លោក John Lewis។ Melania និង​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក Lewis»។

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Barack Obama បាន​ថ្លែង​ថា៖ «ជីវិត​របស់​លោក John គឺ​ពិសេស​ណាស់។ ប៉ុន្តែ​លោក​មិន​ដែល​ជឿ​ថា អ្វី​ដែល​លោក​បាន​ធ្វើ​គឺ​ច្រើន​ជាង​អ្វី​ដែល​ពលរដ្ឋ​អាមេរិកាំង​អាច​ធ្វើ​បាន​នោះ​ទេ។ លោក​ជឿ​ថា យើង​គ្រប់គ្នា មាន​កម្លាំង​លើក​ទឹក​ចិត្ត​ដ៏​ខ្លាំងក្លា ដើម្បី​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ មាន​ឆន្ទៈ​ដើម្បី​ស្រលាញ់​មនុស្ស​គ្រប់គ្នា និង​មាន​សិទ្ធិ​ទទួល​បាន​ភាពថ្លៃថ្នូរ និង​ការ​គោរព តាម​ដែល​ព្រះ​ជា​ម្ចាស់​ផ្ដល់​ឲ្យ។ ហើយ​ដោយសារ​តែ​លោក​មើល​ឃើញ​ពី​លក្ខណៈ​ពិសេស​របស់​យើង​គ្រប់គ្នា ទោះ​ជា​លោក​ស្លាប់​ហើយ​ក៏​ដោយ ក៏​លោក​នឹង​នៅ​តែ​បន្ដ​ធ្វើ​ជា​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​ក្នុង​ដំណើរ​ដ៏​វែងឆ្ងាយ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សហរដ្ឋ​អាមេរិក​មួយ​ដែល​កាន់​តែ​ល្អ​ឥតខ្ចោះ​បន្ថែម​ទៀត»៕

XS
SM
MD
LG