ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​មនុស្ស និង​មេដឹកនាំ​នយោបាយ​នានា​ចូលរួម​កាន់ទុក្ខ​សព​លោក John Lewis


រូបឯកសារ៖ លោក John Lewis (រាប់​ពី​ឆ្វេង​ទី​ពីរ) ចូលរួម​ជាមួយនឹង​សមាជិក​រដ្ឋសភា​អាមេរិក​ដទៃទៀត​​ច្រៀង​បទ "We Shall Overcome" នៅ​វិមាន​រដ្ឋសភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី ២៣ ខែមិថុនា ឆ្នាំ​២០១៦។

សកម្មជន​សិទ្ធិមនុស្ស អ្នក​នយោបាយ​មក​ពី​គណបក្ស​ទាំង​ពីរ និង​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​ការ​រំជួល​ចិត្ត​ចំពោះ​កេរ្តិ៍​តំណែល​របស់​លោក John Lewis បាន​ចូលរួម​កាន់ទុក្ខ​សព​លោក បន្ទាប់ពី​លោក​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ដោយសារ​ជំងឺ​មហារីក​លំពែង។ លោក John Lewis នៅ​ពេល​មាន​ជីវិត គឺ​ជា​សមាជិក​រដ្ឋសភា និង​ជា​អ្នក​គាំទ្រ​ចលនា​សិទ្ធិ​ស៊ីវិល។

អ្នក​ដែល​ចូលរួម​កាន់ទុក្ខ​លោក​បាន​រំឭក​អំពី​ភាព​រឹងមាំ ភាព​ក្លាហាន និង​ភាព​សប្បុរស​របស់​លោក ដែល​ជា​បុរស​ម្នាក់​ដែល​តស៊ូ​ពេញ​មួយ​ជីវិត​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​តាំង​ពី​លោក​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​នៅ​លើ​ស្ពាន Edmund Pettus ក្នុង​ទីក្រុង Selma រដ្ឋ Alabama កាល​ពី​ឆ្នាំ ១៩៦៥ រហូត​ដល់​ពេល​ដែល​លោក​ធ្វើ​ជា​សមាជិក​រដ្ឋសភា​មុន​ពេល​ដែល​លោក​ស្លាប់។

លោក​ប្រធានាធិបតី Donald Trump បាន​បង្ហោះ​សារ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «ខ្ញុំ​សោកស្ដាយ​ណាស់ ដែល​បាន​ឮ​អំពី​ដំណឹង​មរណភាព​របស់​វីរបុរស​ទាមទារ​សិទ្ធិស៊ីវិល លោក John Lewis។ Melania និង​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក Lewis»។

លោក​អតីត​ប្រធានាធិបតី George W. Bush និយាយ​ថា៖ «ក្នុង​នាម​ជា​បុរស​ស្បែក​ខ្មៅ​វ័យ​ក្មេង​មួយ​រូប​ដែល​ដើរ​តវ៉ា​ដើម្បី​សិទ្ធិ​ស្មើ​គ្នា​នៅ​ក្នុង​ទីក្រុង Selma រដ្ឋ Alabama លោក John Lewis បាន​ឆ្លើយតប​ជាមួយ​នឹង​អំពើ​ហិង្សា​ឃោរឃៅ​ដោយ​ក្ដី​សង្ឃឹម​ដ៏​ក្លាហាន។ ហើយ​ពេញ​មួយ​អាជីព​របស់​លោក​ក្នុង​នាម​ជា​មេដឹកនាំ​សិទ្ធិ​ស៊ីវិល និង​ជា​មន្ត្រី​រដ្ឋការ​ម្នាក់ លោក​បាន​ធ្វើ​ការ​ដើម្បី​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយជា​សហព័ន្ធ​ដ៏​ប្រសើរ​បំផុត​ជាង​មុន​មួយ»។

លោក​អតីត​ប្រធានាធិបតី Barack Obama បាន​រំឭក​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី​មួយ​របស់​លោក​ថា៖ «ខ្ញុំ​បាន​ឱប​លោក Lewis នៅ​លើ​វេទិកា មុន​ពេល​ខ្ញុំ​ស្បថ​ចូល​កាន់​តំណែង ហើយ​ខ្ញុំ​បាន​ប្រាប់​លោក​ថា ខ្ញុំ​អាច​មក​ឈរ​ជើង​ទី​នេះ​បាន គឺ​ដោយសារ​ការ​លះបង់​ដែល​លោក​បាន​ធ្វើ»។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ California អ្នកស្រី Kamala Harris បាន​កត់​សម្គាល់​ថា លោក Lewis មិន​ត្រឹមតែ​បាន​តតាំង​ឲ្យ​មាន​ការ​បញ្ចប់​ការ​រើសអើង​ជាតិ​សាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​តតាំង​ដើម្បី​សិទ្ធិ​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ដូចជា​នៅ​ពេល​ដែល​លោក​ប្រឆាំង​នឹង​បម្រាម​របស់​រដ្ឋាភិបាល​សហព័ន្ធ​ស្ដី​ពី​ការ​រៀបការ​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ជា​ដើម និង​តតាំង​ដើម្បី​សិទ្ធិ​របស់​ជន​អន្តោប្រវេសន៍ ដូចជា​ការ​បញ្ចប់​នូវ​គោល​នយោបាយ​បំបែក​សមាជិក​គ្រួសារ​ជា​ដើម»។

គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ប្រកាស​បន្ទាន់​ណា​មួយ​អំពី​គម្រោង​ពិធី​បុណ្យ​សព​របស់​លោក Lewis នៅ​ឡើយ​ទេ ដែល​ពិធី​នេះ​អាច​រង​ការ​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។ អភិបាល​រដ្ឋ Georgia លោក Brian Kemp បាន​និយាយ​ថា ទង់ជាតិ​នៅ​អគារ​រដ្ឋ​នានា​នឹង​ត្រូវ​បង្ហូត​ត្រឹម​ពាក់​កណ្ដាល​ដង​រហូត​ដល់​ពេល​ថ្ងៃ​លិច នៅ​ថ្ងៃ​បញ្ចុះ​សព​របស់​លោក Lewis៕

XS
SM
MD
LG