នៅថ្ងៃចន្ទនេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បាននិយាយថា គ្មានការគំរាមកំហែងចំពោះបណ្ដាប្រទេសនៅតំបន់ Baltic ណា ជាងការអន្ទងឈ្លានពានរបស់រុស្ស៊ីនោះទេ។ លោក Mike Pence បានថ្លែងដូច្នេះ ស្របពេលដែលលោកបានសន្យាថានឹងជួយគាំទ្រដល់ប្រទេសអេស្តូនី ឡេតូនី និងលីទុយអានី ដែលជាសម្ព័ន្ធមិត្តរបស់អង្គការអូតង់។
លោក Mike Pence បាននិយាយថា៖ «នាពេលឥឡូវនេះ រដ្ឋាភិបាលរុស្ស៊ីបន្តស្វះស្វែងគូសព្រំដែនអន្តរជាតិឡើងវិញដោយប្រើកម្លាំង ស្វះស្វែងបំផ្លិចបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអធិបតេយ្យមួយចំនួន និងធ្វើឲ្យបណ្ដាប្រទេសសេរីនានានៅក្នុងទ្វីបអឺរ៉ុបមានការបែកបាក់គ្នា។ នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump សហរដ្ឋអាមេរិកជំទាស់នូវការប៉ុនប៉ងណាមួយក្នុងការប្រើកម្លាំង ការគំរាមកំហែង ឬក៏ឥទ្ធិពលគ្រោះថ្នាក់នៅក្នុងបណ្ដាប្រទេសនៅតំបន់ Baltic ឬក៏ប្រឆាំងនឹងសម្ព័ន្ធមិត្តណាមួយរបស់អង្គការអូតង់របស់យើង»។
លោក Pence បានថ្លែងដូច្នេះនៅក្នុងរដ្ឋធានី Tallinn ប្រទេសអេស្តូនី បន្ទាប់ពីជួបប្រជុំជាមួយប្រធានាធិបតីប្រទេសអេស្ដូនីលោកស្រី Kersti Kaljulaid ប្រធានាធិបតីប្រទេសឡេតូនីលោក Raimonds Vejonis និងប្រធានាធិបតីប្រទេសលីទុយអានីលោកស្រី Dalia Grybauskaite រួចមក។
លោកអនុប្រធានាធិបតី Mike Pence បានបង្ហាញពីក្ដីសង្ឃឹមចង់ឲ្យមានទំនាក់ទំនងប្រសើរជាងមុនជាមួយនឹងរុស្ស៊ី ប៉ុន្តែបាននិយាយថា វិធានការការទូតនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលរុស្ស៊ី នឹងមិនបង្អាក់ដល់ការប្ដេជ្ញារបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខផ្ទាល់ខ្លួន ក៏ដូចជាសន្តិសុខរបស់បណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។
ប្រទេសអេស្ដូនី ឡេតូនី និងលីទុយអានី បានស្នើឲ្យសហរដ្ឋអាមេរិកជួយគាំទ្រផ្នែកយោធា។ ក្ដីបារម្ភអំពីការពង្រីកដែនដីរបស់រុស្ស៊ី មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់បាល់ទិក បន្ទាប់ពីរុស្ស៊ីបានភ្ជាប់តំបន់ Crimea ពីប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ ២០១៤ មក៕