ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋ​កុម្មុយនិស្ត​ត្រូវ​ខូចខាត​ដោយ​ខ្វះ​កិច្ច​សម្រប​សម្រួល​រវាង​អាមេរិក​និង​សហភាព​អឺរ៉ុប


សមាជិក​ព្រឹទ្ធសភាលោក​ Patrick Toomey និង​លោក Chris Van Hollen និយាយ​ពី​ទណ្ឌកម្ម​ប្រឆាំង​នឹង​កូរ៉េខាងជើង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃពុធ​ ទី១២ កក្កដា​ ២០១៧។(AP Photo/Manuel Balce Ceneta)
សមាជិក​ព្រឹទ្ធសភាលោក​ Patrick Toomey និង​លោក Chris Van Hollen និយាយ​ពី​ទណ្ឌកម្ម​ប្រឆាំង​នឹង​កូរ៉េខាងជើង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃពុធ​ ទី១២ កក្កដា​ ២០១៧។(AP Photo/Manuel Balce Ceneta)

គោល​នយោបាយ​ដាក់​ទណ្ឌកម្ម​ដែល​តម្រង់​គោលដៅ​លើ​ប្រទេស​កុម្មុយនិស្ត​ដែល​បង្ក​គ្រោះថ្នាក់ ​ទំនង​ជា​គ្មាន​ប្រសិទ្ធភាព​ទេ​ ដោយសារ​តែខ្វះ​កិច្ច​សម្រប​សម្រួល​រវាង​សហភាព​អឺរ៉ុប ​ហើយនឹង​ស.រ.អា.។ ​នេះបើ​យោងតាម​របាយ​ការណ៍​ថ្មីមួយ​ចេញ​ផ្សាយ​ដោយ​ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​អង់គ្លេស​នៃ​វិទ្យាស្ថាន ​Royal United Services។​

​ការ​បាញ់​សាកល្បង​កាំជ្រួច​ឆ្លងទ្វីប​មាន​រយៈ​ចម្ងាយ​ឆ្ងាយរបស់​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ពេល​ថ្មីៗ​នេះ ​បាន​ធ្វើ​ឲ្យ​ស.រ.អា.​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ផង​និង​ក្រុមហ៊ុន​បរទេស​ផង​ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយ​ថា​ បាន​ផ្តល់​ការ​សង្គ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កូរ៉េ​ខាងជើង។​

លោក​គ្រីស វែន ហូឡែន​ (Chris Van Hollen)​ សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ ​មក​ពី​រដ្ឋ​ម៉ារីឡែន​ មាន​ប្រសាសន៍​ថា៖​

«យើង​មាន​បំណង​ប្រាប់ជម្រើស​ច្បាស់​លាស់​មួយ​ដល់​ក្រុមហ៊ុន​ទាំង​នេះ​ថា​ គេ​អាច​ធ្វើ​ជំនួញ​ជាមួយ​យើង​ ឬគេ​អាច​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង។​ តែ​គេមិន​អាច​ធ្វើ​ជំនួញ​ជាមួយ​យើង​ផង​ និង​កូរ៉េខាង​ជើង​ផង​នោះ​ទេ»។​

របៀប​នៃ​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ខ្លះ​ដែល​ត្រូវ​អនុវត្ត​ដាច់​ឡែកពី​គ្នា​ដោយ​អ.ស.ប.​ដោយ​ស.រ.អា.​ និង​ដោយ​សហភាព​អឺរ៉ុប​នោះ ​បាន​ធ្វើ​ឲ្យ​ទណ្ឌកម្ម​ទាំងនោះ​មាន​ប្រសិទ្ធភាព​តិចតួច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។​ នេះ​បើតាម​អំណះ​អំណាង​នៃ​របាយ​ការណ៍​ដែល​តាក់តែង​ដោយ​អ្នកនិពន្ធ ​អេម៊ីល ដាល់ ​(Emil Dall)។​

លោក​អេម៊ីល ដាល់​នៃ​វិទ្យាស្ថាន ​Royal United Services ​បាន​ថ្លែង​ថា៖​

«របៀប​ដាក់​ទណ្ឌកម្ម​គឺ​ផ្អែកលើ​ប្រព័ន្ធ​ស្មុគស្មាញ​របស់​ក្រុមហ៊ុន​នាំមុខ​នៅ​ក្រៅ​ប្រទេស ​ក្រុមហ៊ុន​ឆក់​ឳកាស​នានា​ ហើយ​នឹង​ភ្នាក់ងារ​ដែល​ធ្វើ​សកម្មភាព​ក្នុង​នាម​របប​កូរ៉េ​ខាងជើង។ ​និយាយ​ជា​សាមញ្ញ​គឺ​អ្នក​មិនស្ថិត​ក្រោម​បញ្ជី​ទណ្ឌកម្ម‍»។​

លោក​ដាល់ បាន​កត់​សម្គាល់​អំពី​ឧទាហរណ៍​ខ្លះ​នៃ​ការ​សម្រប​សម្រួល​ប្រកប​ដោយ​ប្រសិទ្ធិភាព​ កាលពី​ពេលថ្មីៗ។​

វាបាន​កើត​ឡើង​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​ ចាប់តាំងពី​ប្រទេស​មហា​អំណាច​ធំៗ​ទាំង​៥​ ហៅ​ថា P5 ​បូក​១​គឺ​មាន​ស.រ.អា. ​ចិន​ បារាំង​ រុស្ស៉ី ​អង់គ្លេស ​បូក​អាល្លឺម៉ង់​ បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ផែនការ​សកម្មភាព​ពិស្តា​រួមមួយ​ជាមួយ​អឺរ៉ុង់។​ កិច្ច​ព្រមព្រៀង​នោះ​បាន​ធ្វើឲ្យ​ការ​ដាក់​ទណ្ឌកម្ម​របស់​ស.រ.អា.​និង​អឺរ៉ុប​មួយ​ចំនួន​ត្រូវ​បាន​លើក​ចេញ​ ជា​ថ្នូរ​នឹង​ការ​កាត់​បន្ថយ​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេអឺរ៉ង់។​

ស.រ.អា.​និង​ សហភាព​អឺរ៉ុប​បាន​អនុវត្តន​ការ​ដាក់​ទណ្ឌកម្ម​ស្រដៀង​គ្នាដែរ​ប្រឆាំង​នឹង​មន្ត្រី​រុស្ស៉ី​ខ្លះ​ ហើយ​នឹង​ក្រុមហ៊ុន​មួយ​ចំនួន​ បន្ទាប់ពី​មាន​ការ​ចូល​ទន្ទ្រាន​កាន់កាប់​ដោយ​កងទ័ព​រុស្ស៉ី​ក្នុង​ដែន​ដី​គ្រីមៀ ​(Crimea)​ ហើយនឹង​ការ​ចូល​ឈ្លាន​ពាន​ដែនដី​អ៊ុយក្រែន​ភាគខាង​កើត។​

ប៉ុន្តែ​ឥរិយាបទ​នៃ​សហភាព​អឺរ៉ុប​ធ្វើ​ឲ្យ​គោលដៅ​នៃ​ការ​ដាក់​ទណ្ឌ​កម្មនានា​ អាច​គេច​ចេញ​ពី​ទណ្ឌកម្ម​បាន​ជា​រឿយៗ។​

លោក​អេម៊ីល ដាល់​នៃ​វិទ្យាស្ថាន ​Royal United Services ​បាន​ថ្លែង​ថា៖​

«លោក​អ្នកមាន​ការ​គាំទ្រ​ពី​រដ្ឋ​ទាំងអស់​ដែល​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ដើម្បី​ដាក់​ទណ្ឌកម្ម​ថ្មី។ ​តែក្នុង​សហភាព​អឺរ៉ុប​ គឺ​មាន​ការ​រំពឹង​ទុក​ថា​ មាន​ការ​តវ៉ា​ផ្លូវ​ច្បាប់​ក្នុង​តុលាការ​សហភាព​អឺរ៉ុប‍​ផង​ដែរ»។​

វិធាន​ការ​ដាក់​ទណ្ឌកម្ម​របស់​ស.រ.អា.​អាច​មាន​ការ​បត់បែន​ ងាយជាង​នៅពេល​ដែល​រដ្ឋ​កុម្មុយនិស្ត ​ដែល​បង្ក​គ្រោះថ្នាក់​ ព្យាយាម​គេច​ចេញ​ពី​វិធាន​ការ​ទណ្ឌកម្ម។​

លោក​អេម៊ីល ដាល់​នៃ​វិទ្យាស្ថាន ​Royal United Services ​បាន​ថ្លែង​ថា៖​

«ទណ្ឌកម្ម​ស.រ.អា.​មាន​លទ្ធភាព​អាច​កែប្រែ​បាន​លឿន​ជាង​ក្នុង​ការ​រៀបចំ​វិធាន​ការថ្មី​ និង​ដាក់​បែបបទ​ថ្មី ​ដែល​ផ្ទុយ​ពី​វិធានការ​ទាំង​នោះ។​ ដំណោះ​ស្រាយ​គឺការ​ប្រាស្រ័យ​ទាក់ទង​ឲ្យបាន​ជិតដិត​រវាង​ភាគី​ទាំងពីរ​គឺស.រ.អា.​និង​សហភាព​អឺរ៉ុប​ប្រឆាំង​របប​ដែល​ប្រឈម​នឹង​រង​ទណ្ឌកម្ម​ ហើយ​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​ជិតដិត​ជាមួយ​វិស័យ​ឯកជន​ផង​ដែរ‍»។​

ការ​ដកខ្លួនរបស់​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ធ្វើ​ឲ្យ​មាន​រឿង​ស្មុគស្មាញ​ច្រើន។​ របាយ​ការណ៍​ដដែល​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុងឡុង​នឹង​មាន​លទ្ធភាព​ដំណើរ​ការ​លឿន​ជាងមុន​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​និង​សម្រម​សម្រូល​ទណ្ឌកម្ម​នានា​ ខាង​ក្រៅ​សហភាព​អឺរ៉ុប។​ តែ​វិធាន​ការ​នានា​នឹង​មាន​ប្រសិទ្ធភាព​តិចជាង ​នៅពេល​គ្មាន​ការ​ជួយ​ពង្រឹង​ពី​សហភាព​អឺរ៉ុប៕​

ប្រែសម្រួលដោយ សុខ ខេមរា

XS
SM
MD
LG