ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តីការបរទេស​ Rex Tillerson រួមទាំងបេសកជន​​អាមេរិក​ថ្មី​សម្រាប់​វិបត្តិ​​អ៊ុយក្រែននឹងធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Kyiv


រដ្ឋមន្រ្តីការបរទេស​ Rex Tillerson និង​បេសកជនថ្មី Kurt Volker
រដ្ឋមន្រ្តីការបរទេស​ Rex Tillerson និង​បេសកជនថ្មី Kurt Volker

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​ទៅ​កាន់​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Petro Poroshenko អំពី​វិធានការ​នានា ដើម្បី​ជួយ​បញ្ចប់​ជម្លោះ​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​កំណែ​ទម្រង់ ដែល​កំពុង​តែ​បន្ត​ធ្វើ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ដោយ​យោង​ទៅ​លើ​កិច្ច​ព្រមព្រៀង​ឈប់​វាយ​ប្រយុទ្ធ​គ្នា ដែល​រដ្ឋាភិបាល​រុស្ស៊ី និង​រដ្ឋាភិបាល​អ៊ុយក្រែន​ឯកភាព​គ្នា​កាល​ពី​ឆ្នាំ ២០១៥ លោក Tillerson បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលម្ង៉ៃ​ថា៖ «សហរដ្ឋ​អាមេរិក​នៅតែ​ប្ដេជ្ញា​ពេញ​ទំហឹង​ចំពោះ​គោល​បំណង​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk‍»។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក Tillerson បាន​តែងតាំង​លោក Kurt Volker អតីត​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​អូតង់ ឲ្យ​ធ្វើ​ជា​តំណាង​ពិសេស​សម្រាប់​ការ​ចរចា​បញ្ហា​អ៊ុយក្រែន។

លោក Volker ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ជាមួយ​នឹង​លោក Tillerson ដែរ​នោះ នឹង​ចូលរួម​ជា​ប្រចាំ​ជាមួយ​នឹង​គ្រប់​ភាគី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​ការ​ចរចា​បញ្ហា​អ៊ុយក្រែន ដែល​ហៅ​ថា​ក្រុម​ទាក់ទង Normandy មាន​ដូចជា​ប្រទេស​អាល្លឺម៉ង់ បារាំង រុស្ស៊ី និង​អ៊ុយក្រែន។

អ្នកស្រី Heather Nauert អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ដើរ​ថយ​ក្រោយ ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​រុស្ស៊ី​គាំទ្រ​ពួក​ឧទ្ទាម​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នោះ​ទេ៕

XS
SM
MD
LG