ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បង្ហាញ​ពី​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


ស្លាក​សញ្ញា​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក
ស្លាក​សញ្ញា​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក
សហរដ្ឋ​អាមេរិក​បាន​រិះគន់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​និង​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​ដែល​ធ្វើ​ឱ្យ​បាត់​សិទ្ធិ​ពលរដ្ឋ​ជា​ច្រើន​នាក់។

របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​កន្លងមក​នេះ​មាន​«ចំណុច​ខ្វះ​ខាត​ជាច្រើន​ក្នុង​នោះ​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​ចុះ​ឈ្មោះ​ អ្នក​បោះឆ្នោត ​ការ​មិន​ទទួល​បាន​សិទ្ធិ​ប្រើ​ប្រាស់​បណ្តាញ​សារព័ត៌មាន​ស្មើ​គ្នា ​និង​ការ​ចេញ​ប័ណ្ណ​បណ្តោះអាសន្ន​ឱ្យ​អ្នកបោះឆ្នោត​យ៉ាង​ច្រើន​ខុសប្រក្រតី»។

លទ្ធផល​នៃ​កា​របោះឆ្នោត​នេះ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទទួល​យក​ហើយ​បន្ត​ការ​តវ៉ា​រហូត​ដល់​សព្វថ្ងៃ​នេះ។ ​ បើ​ទោះ​បី​ជា​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ឈ្នះ​សំឡេង​ភាគ​ច្រើន​ក៏ ​របាយការណ៍​នេះ​មិន​បញ្ជាក់​ថា​បាន​ប៉ុន្មាន​អាសនៈ​ទេ។

របាយការណ៍​សិទ្ធិ​មនុស្ស​នេះ​ក៏​បាន​រិះគន់​ដល់​ប្រព័ន្ធ​តុលាការ​ខ្មែរ​ថា​មិន​មាន​ប្រសិទ្ធភាព​និង​បម្រើ​នយោបាយ សេរីភាព​នៃ​សារព័ត៌មាន​និង​ការ​ជួប​ប្រជុំ​ត្រូវបាន​រឹតត្បិត​ និង ​មាន​ការរំលោភបំពាន​លើ​អ្នក​ទោស​ជាដើម។

របាយការណ៍​នោះ​បាន​បន្ថែម​ថា៖​ «កងកម្លាំង​សន្តិសុខ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាង​អាណាធិបតេយ្យ។ ពេល​ខ្លះ​រដ្ឋាភិបាល​រំខាន​ដល់​សេរីភាព​នៃ​ការ​ជួប​ប្រជុំ»។

របាយការណ៍​ដែល​មាន​៣១​ទំព័រ​នេះ​ក៏​បាន​កត់​សម្គាល់​ពី​ការ​រំលោភ​សិទ្ធិ​កម្មករ​រោងចក្រ​ក្នុង​ការ​តវ៉ា​ផង​ដែរ​ដោយ​ថៅកែ​រោងចក្រយាយី​រំខាន​សហជីព ​ក្នុង​នោះ ​មាន​ការ​បណ្តេញ​មេដឹកនាំ​សហជីព​ នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​និង​សហគ្រាស​ដទៃ​ទៀត។

បើទោះ​បី​ជា​មាន​ច្បាប់​ការពារ​កូដករ​ពីកា​រសងសឹក​ក៏​ «​កម្មករ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ដោយ​ប្រើ​លេស​ក្លែងក្លាយ​ជាច្រើន​ក្រោយពី​ពួកគេ​ចូលរួម​ក្នុង​កូដកម្ម»។

របាយការណ៍​នេះ​ផ្តល់​ការ​រំលឹក​ដល់​និយោជក​ថា៖ «ក្នុង​ខណៈ​ពេល​ដែល​កូដកម្ម​ភាគច្រើន​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ ក៏​ការ​ចូលរួម​ក្នុង​កូដ​កម្ម​នោះ​មិន​អាចផ្តល់​ជា​ហេតុផល​ដែល​អាច​ទទួលបាន​នៅ​ចំពោះ​មុខ​ច្បាប់​ដើម្បី​បណ្តេញ​អ្នក​ធ្វើ​កូដកម្ម​ទាំង​នោះ​ទេ»៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG