ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​តវ៉ា​នៅ​មុខ​សេតវិមាន​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​បាតុកម្ម​នៅ​មុខ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ប្រឆាំង​នឹង​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ប្រទេស​កម្ពុជា​និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស​២៣នាក់​ដែល​រួម​មាន​ប្រធាន​សហជីព​និង​កម្មករ​ ហើយ​និង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។ (ម៉ែន គឹមសេង វីអូអេ)
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​បាតុកម្ម​នៅ​មុខ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ប្រឆាំង​នឹង​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ប្រទេស​កម្ពុជា​និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស​២៣នាក់​ដែល​រួម​មាន​ប្រធាន​សហជីព​និង​កម្មករ​ ហើយ​និង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។ (ម៉ែន គឹមសេង វីអូអេ)
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​៥០០​នាក់​មក​ពី​រដ្ឋ​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​ចេញ​មក​តវ៉ា​នៅពី​ខាងមុខ​សេតវិមាន​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ​ចំនួន​២៣​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​និង​ស្នើ​សុំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជាតិឡើងវិញ។​ (ចុចមើល​រូបភាព)

លោក​ស្រី រ៉ានី លូស្ស៊ីនស្គី អ្នក​រៀបចំ​បាតុកម្ម​នេះ​បាន​បញ្ជាក់​ថា​ ការ​បង្រ្កាប​ដោយ​ហិង្សា​លើ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ដែល​ចង់​បាន​ប្រាក់​ខែ​១៦០​ដុល្លារ​ កាលពី​ថ្ងៃ​ទី​២​និង​ទី​៣​ខែ​មករា​ រហូត​ដល់​មាន​មនុស្ស​ស្លាប់​បាត់​បង់​ជីវិត​ របួស​និង​ចាប់​ខ្លួន​ជា​ច្រើន​នាក់​នេះ​ត្រូវ​តែ​បញ្ឈប់​ជាបន្ទាន់​ហើយ​សហរដ្ឋ​អាមេរិក​គួរតែ​ជួយ​ដើម្បី​ការពារ​ដល់​ពលរដ្ឋ​កម្ពុជា។​

«បងប្អូន​ខ្មែរ​យើង​មាន​ការ​ឈឺចាប់​ណាស់​អញ្ចឹង​ហើយ​បាន​យើង​មក​រួម​គ្នា​នៅ​ទីនេះ​ដើម្បី​ធ្វើ​ការ​ឡើង​ដើម្បី​ឱ្យ​ដឹង​ថា​ពួក​យើង​នៅ​ខាងក្រៅ​មាន​ការ​គាំទ្រ​ចំពោះ​បងប្អូន​ខ្មែរ​យើ​ងដែល​នៅ​ខាងក្នុង​ហើយ​ប្រឆាំង​ដាច់​ខាត​នូវ​អំពើ​ហិង្សា​របស់​កងទ័ព​របស់​លោក​ហ៊ុន សែន​ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​និង​កម្មករ​កម្មការិនី​យើង។ យើង​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ចំពោះ​ភាព​ហិង្សា​ដែល​សម្លាប់​មនុស្ស​អត់​មាន​ការ​កោត​ញញើត​នេះ»។​

ក្រុម​បាតុករបាន​យក​ក្រណាត់​ស​មក​ពាក់​នៅ​នឹង​ដៃ​និង​ក្បាល​ដើម្បី​កាន់​ទុក្ខ​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិតនិង​កាន់​បដា​ដែល​មាន​ន័យ​សុំ​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ សហគមន៍​អឺរ៉ុប​និង​អង្គការ​សហប្រជាជាតិ។ បដា​ខ្លះ​ក៏​មាន​សរសេរ​ទាមទារ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នាំ​យក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទៅ​កាត់​ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​កើតមាន​ក្នុង​ប្រទេស​កម្ពុជា។

បាតុករ​ក៏​បាន​ទាមទារ​ឱ្យ​បោះឆ្នោត​ជាតិ​ឡើងវិញ​ដោយ​សារ​តែ​ពួកគេ​ចោទ​ប្រកាន់ថា​ការ​បោះឆ្នោត​កន្លង​មក​មាន​ការ​លួច​បន្លំ​ជាច្រើន។

ចាប់​តាំង​ពី​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​ជា​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​នៅ​ដើម​ខែ​មករា​មក​ រលក​នៃ​ការ​តវ៉ា​របស់​ក្រុម​បាតុករ​ខ្មែរ​អាមេរិកាំង​បាន​កក្រើក​ឡើងវិញ​នៅ​តាម​រដ្ឋ​នានា​។

លោក​ ជាង សំអាត ​អ្នក​ដឹកនាំ​បាតុករ​មក​ពី​ទីក្រុង​ហ្វីឡាដែល​ហ្វៀ (Philadelphia) ​រដ្ឋ​ផេនស៊ីលវេនៀ​ បញ្ជាក់​ថា​ការបោះឆ្នោត​ឡើង​វិញ​ជា​ជម្រើ​ស​ដ៏​ល្អមួយជាង​ការប្រើ​ប្រាស់​ហិង្សា​និង​ការ​ប្រើ​បាតុកម្ម​តប​នឹង​បាតុកម្ម​ដូច​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនបាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ឱ្យ​អ្នក​គាំទ្រ​របស់​លោក​ត្រៀម​ក្រោកឈរ​ធ្វើ​បាតុកម្ម​ដែរ។

លោក​បាន​បន្ថែម​ទៀតថា៖​ «បើ​សិន​ជាគាត់​មាន​ជំនឿ​ថា​មាន​ប្រជាជន​គាំទ្រ​គាត់​ខ្ញុំ​ជឿ​ថា​គាត់​នឹង​ហ៊ាន​បោះឆ្នោត​ឡើងវិញ​ ដោយ​សារ​មូលហេតុ​ថា​ប្រជាជន​នឹង​គ្មាន​ការគាំទ្រ​គាត់​ទេ​ អញ្ចឹង​ហើយ​បាន​ជា​គាត់​ក្រាញ​អំណាច​តទៅទៀត»។​

ក្នុង​ពេល​ដែល​មាន​បាតុកម្ម​នេះ​ក្រុម​អ្នក​តស៊ូ​មតិ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​មាន​វត្តមាន​នៅ​មុខ​សេតវិមាន​ដែរ​បាន​ប្រកាស​ថា​នឹង​ដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ដំណាច់​ខែ​មករា​នេះ​ដើម្បី​ឱ្យ​តុលាការ​នេះ​ដឹង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​គៃ​បន្លំ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​កន្លង​មក​នេះ៕
XS
SM
MD
LG