ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ប្រតិកម្ម​នឹង​ការទទូច​របស់​ស.រ.អា.​ឲ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​រឿង​ការ​បោះឆ្នោត

  • សុខ ខេមរា

លោក​ស្រី ម៉ារី​ ហាហ្វ​ (Marie Harf)​ ជា​អ្នក​នាំពាក្យ​ស្តីទី​នៃ​ក្រសួងការ​បរទេស​ស.រ.អា។
វ៉ាស៊ីនតោន៖ ប្រទេស​កម្ពុជា​ប្រតិកម្ម​ទៅ​នឹង​ការ​ទទូច​របស់​ស.រ.អា.​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​រឿង​ការ​បោះឆ្នោត​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវ​ការ។​ លោក​សុខ ខេមរា​នៃ​វីអូអេ​រាយការណ៍​ពីរដ្ឋធានី​វ៉ាស៊ីនតោន​ថា​ មន្ត្រី​កម្ពុជា​មួយ​ចំនួន​បាន​អះអាង​ថា ​ការ​ទទូច​ដូច្នោះ​ជារឿង​មិន​អាច​ទទួល​យក​បាន​ទេ។

ក្រុម​មន្ត្រី​កម្ពុជា​ នៅថ្ងៃ​អង្គារ​នេះ​ បាន​ថ្លែង​ថា​ ការទទូចរបស់​ស.រ.អា.ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​មាន​តម្លាភាព​ក្រោយ​លទ្ធផលបោះឆ្នោត​ដែល​បង្ហាញ​ថា ​គណបក្ស​ប្រជា ជន​កម្ពុជា​ឈ្នះឆ្នោត​នោះ​ ជារឿង​មិនអាច​ទទួល​យក​បាន​ទេ ​តាមច្បាប់​កម្ពុជា ​ដោយ​ចាត់ទុក​ថា​ ការ​បោះឆ្នោត​បាន​បញ្ចប់​ទៅហើយ។​

លោកផៃ ស៊ីផាន ​អ្នកនាំពាក្យ​មួយ​រូប​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​អះអាង​ថា ​សម្រាប់​កម្ពុជា​ការ​ទាមទារឲ្យ​បង្កើត​ស្ថាប័ន​ថ្មី​ដើម្បី​ស៊ើប​អង្កេត​រឿង​បោះឆ្នោត​នោះ​គឺ​មិន​អាច​ដោះស្រាយ​ចេញ​ទេ​គឺ​មានតែ​ស្ថាប័នដែល​សភា​បាន​បង្កើត​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​កិច្ចនេះ​បាន​ស្របច្បាប់។​

«ដូច្នេះ​ខ្ញុំឃើញ​ថា​ ក្រសួងការ​បរទេស​ស.រ.អា.​គួរ​លោក​អធ្យាស្រ័យ​យល់ពី​ស្ថាន ភាព​ច្បាប់​របស់​កម្ពុជា​ជាជាង​យកតាម​មនោ​សញ្ចេតនា​ដែល​កម្ពុជា​ពិបាក​នឹង​ទទួល​យក​បាន»។​

លោក​បាន​បន្ថែម​ថា​ កម្ពុជា​មាន​យន្តការ​ជាតិ​របស់​ខ្លួន​ គឺ​គ.ជ.ប.​ដែល​មិន​កើតចេញ​ពី​ប្រទេស​ណាមួយនោះ​ទេ សម្រាប់​ដោះស្រាយ​បញ្ហា​បោះឆ្នោត​ ហើយ​គ.ជ.ប.នេះបាន​កើត​ដោយ​ស្រប​ច្បាប់​ចេញ​ពីសភា​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា។​ ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ផៃ ស៊ីផាន​អះអាង​ថា ​កម្ពុជា​ទទួល​ស្គាល់​ចំពោះ​ក្តី​បារម្ភ​របស់​ស.រ.អា.​ចំពោះ​កម្ពុជា ​ទោះបីជា​ការ​ចាប់​អារម្មណ៍​ហ្នឹង​មិន​ចំ​គោលដៅ​ក្តី។

នៅពេល​សួរ​ពី​ការ​ពិនិត្យ​ ស៊ើប​អង្កេត​ឲ្យ​មាន​តម្លាភាព​ឡើង​វិញ​ដែល​ស.រ.អា.​បាន​លើក​ឡើង​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នោះ​ លោក​ទេព នីថា ​អគ្គ លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ បាន​អះអាង​ថា​ កម្ពុជា​បាន​អនុវត្ត​ច្បាប់​បោះឆ្នោត​រួចហើយ​ចំពោះ​ការ​បោះឆ្នោត​ ហើយ​ការ​ស៊ើប​អង្កេត​ណាមួយ​ដែល​អាច​កើតឡើង​បាន​គឺ​ធ្វើសម្រាប់​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត ​សម្រាប់​ការ​បោះឆ្នោត​លើក​ក្រោយ​តែ​ប៉ុណ្ណោះ។​

«បើ​និយាយ​តាមច្បាប់​នៅ​ប្រទេស​កម្ពុជា​គឺ​ការ​បោះឆ្នោត​ហ្នឹង​ត្រូវ​បាន​បញ្ចប់ ​អស់​ហើយ​ ព្រោះ​ថា ​ការ​ប្តឹង​តវ៉ា​ហ្នឹង​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេចហើយ។​ បន្ទាប់មក​ គ.ជ.ប.​បាន​ប្រកាស​លទ្ធផល​ផ្លូវ​ការ​រួច​ហើយ»។​

គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី ​និង​លោក​កឹម ​សុខា​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ទេ ​ដោយ​គំរាម​មិន​ចូលរួម​ប្រជុំ​សភា​ថ្ងៃទី​២៣​កញ្ញា​ខាងមុខ​ ដែល​ត្រូវ​កោះប្រជុំ​លើក​ដំបូង​ដោយ​ព្រះ​មហាក្សត្រ​ និង​គណបក្ស​ជំទាស់បាន​គំរាម​ធ្វើ​បាតុកម្ម​៣​ថ្ងៃ​ជាប់គ្នា​ពី​ថ្ងៃ​ទី១៥​ដល់ថ្ងៃ​ទី១៧​ខែ​កញ្ញា​ដើម្បី​ឲ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​និង​រក​ការណ៍​ពិត​ពីភាព​មិនប្រក្រតី​ជាច្រើន​ដែលកើត​ឡើង​ចេញ​ពីការ​បោះឆ្នោត​ កាលពី​ថ្ងៃ​ទី២៨​ ខែ​កក្កដាឆ្នាំ​២០១៣។ ​ព្រឹត្តិ​ការណ៍​នយោបាយ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​គាំង​ដំណើរ​រៀបចំ​រដ្ឋភាថ្មី​និង​រដ្ឋាភិបាល​ថ្មី​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពីការ​បោះ​ឆ្នោត​ បើ​គ្មាន​ការ​សម្រប​សម្រួលផ្នែក​នយោបាយ។

ដោយ​ព្រួយ​បារម្ភ​ពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ក្រសួងការ​បរទេស​ស.រ.អា.​នៅ​តែ ទទូច​ឲ្យ​ប្រទេស​កម្ពុជា​ដោះស្រាយ​ភាពមិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​តាម​រយៈ​ ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ ដោយ​តម្លាភាព។

លោក​ស្រី ម៉ារី​ ហាហ្វ​ (Marie Harf)​ អ្នក​នាំពាក្យ​ស្តីទី​នៃ​ក្រសួងការ​បរទេស​ស.រ.អា.​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃច័ន្ទ​តាម​ប្រសាសន៍​ដើម​ថា៖​

«យើង​នៅតែ​មាន​ជំនឿ​ថា​ ការ​ពិនិត្យ​មើល​ដោយ​តម្លាភាព​ចំពោះ​ភាព​មិន​ប្រក្រតី​លើ​ការ​បោះឆ្នោត​ក្នុង​ខែ​កក្កដា​នឹងជួយ​វាយ​តម្លៃ​ និង​ដោះស្រាយ​ការ​ខុសឆ្គង​ក្នុង​ពេល​បោះ​ឆ្នោត​ ហើយនឹង​ផ្តល់​នូវ​ការ​ជឿ​ជាក់​ច្រើន​ជាង​មុន​លើ​ដំណើរការ​បោះ​ឆ្នោត។​ យើង​នៅ​តែ​បន្ត​ទទូច​ឲ្យ​គ្រប់ភាគី​ទាំងអស់​ ដូច​ដែលយើង​ធ្លាប់​បាន​ទទូច​កន្លង​មក ​ឲ្យ​ចាប់​យក​ឱកាស​នេះ​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ដើរឆ្ពោះ​ទៅមុខ»។​

ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ចុងក្រោយ​របស់​គ.ជ.ប.​កាលពី​ថ្ងៃ​ អាទិត្យ​កន្លង​ទៅបាន​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៦៨​អាសនៈ​ ដែល​អាច​បង្កើត​រដ្ឋាភិបាលតែ​ម្នាក់​ឯង​បាន។​ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​៥៥​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សរុប​ក្នុង​សភា​ដែល​មាន​ចំនួន​១២៣អាសនៈ។​ តែ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​អះអាង​ថា ​គឺ​ខ្លួន​ទេ​ដែក​ជាអ្នក​ឈ្នះ​បាន​អាសនៈ​៦៣ ​ហើយ​អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់​ ឯង​បាន ​ប្រសិន​បើ​គណបក្ស​គ្រប់គ្រង​ប្រទេស​ព្រម​បង្កើត​ឲ្យ​មាន​គណៈ​កម្មធិការ​ ឯករាជ្យ​ស៊ើប​អង្កេត ​ស្រាវជ្រាវ​អំពី​ភាព​មិន​ប្រក្រតី។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​យូមែន​រាយវច ​(Human ​Rights ​Watch) ​របស់​ស.រ.អា.​បាន​ទទូច​ឲ្យក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​និង​អ.ស.ប.​ដាក់​សម្ពាធឲ្យ​មាន​ដំណើរ​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ទាំងមូល​ឲ្យ​បាន​ត្រឹមត្រូវ​ ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​ឯករាជ្យ​ ហើយ​គួរ​ជៀសវាង​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ការ​បោះឆ្នោត​ថា​ ជា​ការ​បោះ​ឆ្នោត​អាច​ទទួល​យក​បាន​ ឬ​ជា​លទ្ធផល​ចុងក្រោយ​នោះ។ ​លោកប្រេដ អាដាំ​ (Brad Adams) ​នាយក​អង្គការ​អង្គការ​ឃ្លាំមើលយូមែន​រាយវច​ បាន​ថ្លែង​តាម​ប្រសាសន៍​ដើម​របស់​លោក​ថា៖​

«ក្រុម​អ្នក​ផ្តល់​ជំនួយ​គួរតែ​ទទូចឲ្យ​មាន​ការ​ស៊ើបអ​ង្កេត​នេះ​ឡើង​ បើ​ពុំដូច្នោះ​ទេ ​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​នានា​នឹង​ក្លាយ​ជាអ្នក​ផ្សំ​គំនិត​ក្នុងរឿង​បោកប្រាស់​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា»។

លោក​ថ្លែង​ថា​ ប្រព័ន្ធ​បោះឆ្នោត​ដែលលម្អៀង និង​មិន​យុត្តិធម៌ ​រចនាសម្ព័ន្ធ​មាន​បញ្ហា​ ការ​ចោទ​ប្រកាន់​រឿង​ភាព​មិនប្រក្រតី​ដ៏ទូលំ​ទូលាយ​កើត​មាន​ច្រើន​ ប្រព័ន្ធ ឃោសនា​លម្អៀងទៅរក​គណបក្ស​កាន់​អំណាច​ជាដើម​នោះ​ហើយ​ដែល​ជារឿង​ធ្វើឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ផៃ ស៊ីផាន​បានអះអាង​ថា​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូមែន​ រាយវច​គឺគ្រាន់​តែ​ជា​គំនិត​របស់​អង្គការ​បរទេស​មួយ​តែ​ប៉ុណ្ណោះ​ហើយ​មិនមែន​ជា​ក្រិត្យ​ក្រម​ដែល​កម្ពុជា​ត្រូវ​ធ្វើ​តាម​ទេ។

ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​បាន​កំណត់​យកថ្ងៃទី​២៣ខែ​កញ្ញា​ជាថ្ងៃបើក​កិច្ច​ប្រជុំ​សភា​ដំបូង​ដែល​គេ​គិត​ថា ​ជា​ការ​បើកផ្លូវ​ឲ្យកម្ពុជា​បង្កើត​សភាថ្មី ​និង​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការ​បោះឆ្នោត៕
XS
SM
MD
LG