ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​រោងចក្រ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់​តាម​កម្មវិធី​ផ្ទាល់​ខ្លួន


ប៉ូលិស ជាប់​ឃុំ​ខ្លួន​បុរស​ម្នាក់​នេះ​ក្នុង​ពេល​ការ​ប៉ះ​ទង្គិច​ជាមួយ​កម្មករ​កាត់ដេរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
ប៉ូលិស ជាប់​ឃុំ​ខ្លួន​បុរស​ម្នាក់​នេះ​ក្នុង​ពេល​ការ​ប៉ះ​ទង្គិច​ជាមួយ​កម្មករ​កាត់ដេរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
នៅ​ពេល​សម្រាក​ពី​ការងារ​នៅ​ថ្ងៃ​ត្រង់​ ក្រុម​កម្មករ​រោងចក្រ​នៃ​សួន​ឧស្សាហកម្ម​កាត់ដេរ​កាណាឌីយ៉ា​ លើ​ផ្លូវ​វេងស្រេង​បាន​ដើរ​ចេញ​ពី​អគារ​រោងចក្រ​រៀង​ៗ​ខ្លួន ​យ៉ាង​ប្រសាចដើម្បី​សម្រាក​ស្រស់ស្រូប​អាហារ​ថ្ងៃ​ត្រង់ ​ហើយ​ខ្លះ​បាន​ឆ្លៀត​ឈាន​ជើង​ចូល​ទិញ​ផ្កា​និង​វត្ថុ​អនុស្សាវរីយ៍​បន្តិច​បន្តួច​សម្រាប់​ទិវា​នៃ​ក្តី​ស្រឡាញ់ ​ថ្ងៃ​ទី​១៤​ខែកុម្ភៈ​នេះ ​ដើម្បី​ជូន​ទៅ​គូ​សង្សារ​ឬ​មិត្តភក្តិ​រួមការងារ​ជាមួយ​គ្នា។ ផ្កា​និង​វត្ថុ​អនុស្សាវរីយ៍​ទាំង​នេះ ​ត្រូវ​ដាក់​លក់​យ៉ាង​រណូក​រណែល​តាម​ច្រក​ផ្លូវ​តូច​ធំ​ក្នុង​សួន​ឧស្សាហកម្ម​ដ៏​ធំ​មួយ​នេះ។ គឺ​នៅ​ទី​នេះ​ហើយ​ដែល​កម្មករ​៤​ទៅ​៥​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ពេល​ដែល​កងកម្លាំង​មាន​សមត្ថកិច្ច​បង្រ្កាប​កាល​ពី​ដើម​ខែ​មករា​នេះ។ ប៉ុន្តែ​កម្មករ​ទាំង​នោះ​ភាគ​ច្រើន​ដែល​វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ជួប​សម្ភាសន៍​ហាក់​ដូចជា​មិន​បាន​ទិញ​ផ្កា​ដើម្បី​បូជា​ដល់​វិញ្ញាណក្ខន្ធ​កម្មករដែល​បាន​ស្លាប់​ទាំង​នោះ​ទេ។

កញ្ញា​សុខា ​កម្មការិនី ​អាយុ​១៨​ឆ្នាំ​ម្នាក់​ ឃើញ​ទិញ​ផ្កា​កូឡាប​ជ័រ​២ ៣​ទង ​ដែល​ដាក់​លក់​នៅ​តូប​មួយ​ក្បែរ​មាត់​ច្រក​ទ្វារ​ចូល​រោងចក្រ។ បន្ទាប់​ពី​ហុច​លុយ​ឱ្យ​អ្នក​លក់ ​នាង​រៀបរាប់​ថា​ផ្កា​ទាំង​នេះ​គឺ​សម្រាប់​មិត្តភក្តិ​ជិត​ស្និទ្ធ​ដែល​ធ្វើការ​ជាមួយ​គ្នា។

នាង​បាន​បញ្ជាក់​ថា៖

«ទិញ​ដើម្បី​ជូន​មិត្ត​ភក្តិ​និង​មិត្តភាព​នៃ​ក្តី​ស្រឡាញ់ ​ព្រោះ​ថ្ងៃ​ហ្នឹង​ជា​ថ្ងៃ​នៃ​បុណ្យ​ក្តី​ស្រឡាញ់»។
ប៉ុន្តែ​សុខា​មិន​បានគិត​ថា​នឹង​ទិញ​ផ្កា​បន្ថែម​ទៀត​ដើម្បី​យក​ទៅ​បូជា​ជូន​កម្មករដែល​បាន​ស្លាប់​ទៅ​នោះដើម្បី​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ដល់​ព្រលឹង​ពួកគេ​ដែល​កំពុង​ស្រែក​ទាមទារ​រក​យុត្តិធម៌​នោះ​ទេ។
សួន ធូ ​កម្មករ​ម្នាក់​ទៀត​ដែល​ជា​អ្នក​ឈាន​ចូល​មក​ទិញ​ផ្កា​នៅ​តូប​នេះ​បន្ទាប់​ក៏​និយាយ​ដូច្នេះ​ដែរ។
«យើង​គិត​តែ​ពី​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​របស់​យើង​ទេ»។

អ្នកស្រី​ ទី គីមហេ ​អាជីវករ​លក់​ផ្កា​នៅ​ទី​នោះ​ក៏​បាន​ថ្លែង​ថា​តាំង​ពី​ព្រឹក​មក ​អ្នកស្រី​មិន​បាន​ឮ​អ្នក​ចូល​មក​ទិញ​រំលឹក​ពី​កម្មករ​ដែល​ស្លាប់​នោះ​ទេ។

កាល​ពី​ដើម​ខែ​មករា ​មាន​កម្មករ​យ៉ាង​តិច​៤​នាក់​បាន​ស្លាប់ ​របួស​ជិត​៤០​នាក់ ​និង​ចាប់​ខ្លួន​ជា​ច្រើន​នាក់​ផ្សេង​ទៀត ​ក្នុង​ការ​បង្ក្រាប​ដោយ​ការ​បាញ់​រះ​ដោយ​កង​កម្លាំង​សមត្ថកិច្ច​មក​លើ​បាតុករ​ជា​កម្មករ​រោងចក្រ ​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​កាណាឌីយ៉ា​ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេងស្រេង​ ដែល​សម្បូរ​ទៅ​ដោយ​រោងចក្រ​កាត់​ដេរ​ស្អេកស្កះ​ និង​ជា​ដង្ហើម​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​ក្រុង​ភ្នំពេញ។

យ៉ាង​ណា​ក៏​ដោយក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ​ពុំ​មែន​មាន​ន័យ​ថា​កម្មករ​ទាំង​អស់​សុទ្ធ​តែ​មិន​រំលឹក​ដល់​ព្រលឹង​កម្មករ​កម្សត់​ទាំង​នោះ​ទេ។

កំពុង​អង្គុយ​ជជែក​គ្នា​ជាមួយ​កម្មការិនី​ផ្សេង​ទៀត​តាម​ផ្លូវ​លំ​ចូល​រោងចក្រ​ កញ្ញា អឹម សោភ័ណ ​អាយុ​២៤​ឆ្នាំ ​ថ្លែង​ថា​នាង​ក៏​ចង់​ទិញ​ផ្កា​ដើម្បី​ឧទ្ទិស​ជូន​មិត្ត​រួមការងារ​ដែល​បាន​ស្លាប់​ដែរ ​ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវ​យក​ផ្កា​នោះ​ទៅ​បូជា​នៅ​កន្លែង​ណា។

«ចង់​ទិញ ប៉ុន្តែ​មិន​ដឹង​យក​ទៅ​ដាក់​នៅ​ឯ​ណា។ ចង់​ទិញ​យក​ទៅឱ្យ​អ្នក​ដែល​ស្លាប់​ទៅ ​នឹង​ទិញ​ដាក់​ប្រសិន​បើ​មាន​កន្លែង​ដាក់។ ចង់​ធ្វើ​ដែរ ប៉ុន្តែ​អត់​មាន​អ្នក​ផ្តើម»។

សោភ័ណ ​ឱ្យ​ដឹង​ទៀត​ថា​នា​ពេល​ដែល​កម្មករ​ស្លាប់​បាន​ថ្មីៗ ​ពួកគេ​បាន​នាំ​គ្នា​រៃ​អង្គាស​ប្រាក់​ជូន​ជន​រងគ្រោះ​និង​គ្រួសារ​អ្នក​ស្លាប់ ​និង​បាន​បូជា​ផ្កា​ឈូក​និង​អុជ​ធូប​ខាង​មុខ​ច្រក​ចូល​រោងចក្រ​ដែល​កម្មករ​ទាំង​នោះ​ធ្វើ​ការ​កាល​ពី​នៅ​រស់។

ដើរ​ចុះ​ពី​ម៉ូតូ​ រួច​ដើរ​ទៅ​ទិញ​ផ្កា​កូឡាប​នៅ​តូប​មួយ​ខាង​មុខ​ច្រក​ចូល​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា លោក មករា ​អាយុ​២៧​ឆ្នាំ ​ជា​កម្មករ​ម្នាក់​ទៀតនៅ​ទី​នេះ ​និយាយ​ថា​លោក​និង​អ្នក​រួម​ការ​ងារ​ដទៃ​ទៀត​មិន​បាន​ទិញ​ផ្កា​ដើម្បី​ឧទ្ទិស​ដល់​អ្នក​ដែល​ស្លាប់​ទេ ​ដោយ​សារ​គ្មាន​អ្នក​ផ្តួច​ផ្តើម​គំនិត។

«ថា​ប្រុង​នាំ​គ្នា​ទិញ​ផ្កា​អុជ​ធូប​អី​ដែរ ប៉ុន្តែ​ឥឡូវ​ដូចជា​អត់​ឃើញ​អ្នក​ផ្តួចផ្តើម​អី​ផង»។

លោក ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ​ថ្លែង​ថា​សហជីព​លោក​នៅ​តែ​មាន​សេចក្តី​ក្តុកក្តួល​និង​កាន់​ទុក្ខ​វិញ្ញាណក្ខន្ធ​កម្មករ​ដែល​បាន​ស្លាប់​ទាំង​នោះ​ដដែល​ ប៉ុន្តែ​លោក​មិន​បាន​ប្រារព្ធ​ពិធី​ណា​មួយ​ដើម្បី​រំលឹក​ដល់​ពួកគេ​ទេ ​ដោយ​សារ​លោក ​មុន្នី​យល់​ថា​ពិធី​នេះ​មិនមែន​ទំនៀម​ទម្លាប់​របស់​ជនជាតិ​ខ្មែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG