ប្រទេសទាំង ៤ នោះ គឺប្រទេសកម្ពុជា ប្រទេសអេរីត្រេ ប្រទេសហ្គីណេ និងប្រទេសសេរ៉ាឡេអូន។ កន្លងមក សហរដ្ឋអាមេរិកបានផ្អាកផ្ដល់ទិដ្ឋាការដល់ប្រទេសចំនួនពីររួចមកហើយ នៅក្រោមរដ្ឋបាលសហរដ្ឋអាមេរិកមុនៗ ដែលជាកិច្ចប្រឹងប្រែងមួយដើម្បីជំរុញឲ្យប្រទេសទាំងពីរនោះទទួលយកពលរដ្ឋរបស់ខ្លួនដែលសហរដ្ឋអាមេរិកបញ្ជូនទៅឲ្យ។
កាលពីសប្ដាហ៍មុន ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានជូនដំណឹងទៅក្រសួងការបរទេសដោយបញ្ជាក់ថា ប្រទេសទាំង ៤ នេះ បានបដិសេធមិនទទួលយក ឬក៏បានពន្យារពេលដោយគ្មានហេតុផលត្រឹមត្រូវក្នុងការទទួលយកពលរដ្ឋរបស់ខ្លួន ដែលរស់នៅក្នុងសហរដ្ឋអាមេរិកខុសច្បាប់ ដែលនេះជាការរំលោភទៅលើមាត្រាទី ២៤៣ (d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិរបស់សហរដ្ឋអាមេរិក។
ឥឡូវនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងពិនិត្យវាយតម្លៃលើសំណើរបស់ក្រសួងសន្តិសុខមាតុភូមិនេះ ថាតើត្រូវអនុវត្តបទបញ្ជានេះតាមវិធីណានោះ។
កាលពីលើកមុនៗ ការផ្អាកផ្ដល់ទិដ្ឋាការនេះ គឺសំដៅតែទៅលើមន្ត្រីការទូត និងមន្ត្រីរដ្ឋាភិបាលតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់លើកនេះ គេមិនដឹងថាការផ្អាកផ្ដល់ទិដ្ឋាការនេះនឹងប៉ះពាល់ដល់អ្នកណាខ្លះនោះទេ នៅក្នុងប្រទេសទាំង ៤ ដែលមានទាំងប្រទេសកម្ពុជាផងនោះ។
មន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូប បានប្រាប់VOA តាមសារអេឡិចត្រូនិច (អ៊ីម៉ែល)ថា៖ «យើងធ្វើតាមដំណើរការបទដ្ឋានក្នុងការអនុវត្តន៍ការផ្អាកផ្តល់ទិដ្ឋាការ ឲ្យបានឆាប់ទៅតាមអ្វីដែលលោករដ្ឋមន្រ្តីការបរទេសកំណត់ថា ជាការសមគួរក្នុងកាលៈទេសៈនេះ ដើម្បីសម្រេចទៅតាមគោលដៅ។ ដំណើរការនោះរួមទាំងការពិភាក្សានៅក្នុងក្រសួងការបរទេស ហើយនិងការផ្តល់ដំណឹងជាផ្លូវការដល់បណ្តាប្រទេសដែលពាក់ព័ន្ធទាំងនោះ»។
ប្រតិកម្មពីសំណាក់ប្រទេសដែលជាគោលដៅ
សម្រាប់ប្រទេសកម្ពុជាវិញ បន្ទាប់ពីទទួលបានដំណឹងអំពីការផ្អាកផ្តល់ទិដ្ឋាការនេះមក រដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកការចរចាជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ពលរដ្ឋខ្មែរចំនួន៥៦៦នាក់ត្រូវបាននិរទេសពីសហរដ្ឋអាមេរិកមកវិញ ចាប់តាំងពីពេលកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងឆ្នាំ២០០២ ដោយអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនិរទេសជនជាតិខ្មែរដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋនៅអាមេរិកត្រឡប់មកកម្ពុជាវិញ។ ជនជាតិខ្មែរទាំងនោះ ភាគច្រើនកើតនៅជំរំភៀសខ្លួនក្នុងប្រទេសថៃ បន្ទាប់ពីគ្រួសាររបស់ពួកគេគេចពីសង្គ្រាមនៅកម្ពុជា ហើយធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកពេលពួកគេនៅជាកុមារ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា កម្ពុជាសម្រេចផ្អាកការទទួលយកពលរដ្ឋខ្មែរពីអាមេរិក កាលពីប៉ុន្មានខែមុន បន្ទាប់ពីកម្ពុជាដាក់ការស្នើឲ្យពិភាក្សាក្នុងការកែប្រែអនុស្សរណៈនោះ។ លោកបន្ថែមថា កម្ពុជាបានស្នើឲ្យមានការកែសម្រួលអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាវិញ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ជាជាងបញ្ជូនពួកគេត្រឡប់មកវិញទាំងបង្ខំ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា៖ «សុំឲ្យឈរលើគោលការណ៍ស្ម័គ្រចិត្តបានទេ? ហើយអ្នកខ្លះដែលមកហ្នឹង ដែលមិនអាចធ្វើសមាហរណកម្មចូលពលរដ្ឋបាន សូមឲ្យគាត់ពិនិត្យពិច័យឡើងវិញ។ អ្នកខ្លះមានប្រពន្ធ មានកូននៅឯហ្នឹង។ ថ្វីដ្បិតតែមិនទាន់បានចូលសញ្ជាតិមែន ប៉ុន្តែគាត់មានផ្ទះសម្បែង គាត់មានប្រពន្ធ មានកូនមានអី។ ដល់អីចឹងជំរុញគាត់មក អាហ្នឹងជាការពង្រាត់ពង្រាស់ទៀតហើយ។ អីចឹងយើងគ្រាន់សុំឲ្យគាត់ចរចាគ្នាឡើងវិញមើល MOU ហ្នឹង! ហើយក្នុងពេលចរចាហ្នឹង យើងផ្អាកការទទួលបណ្តោះអាសន្នសិន។ មិនមែនយើងថា មិនទទួលឯណា! តែសុំឲ្យនិយាយគ្នាសិន»។
សម្រាប់ប្រទេសទាំងបីទៀតនៅទ្វីបអាហ្វ្រិក ដែលស្ថិតក្នុងបញ្ជីផ្អាកផ្តល់ទិដ្ឋាការនេះវិញ ក្រុមផ្សាយរបស់ VOA ទៅកាន់ទ្វីបអាហ្រ្វិក បានស្វះស្វែងរកការអធិប្បាយពីសំណាក់អ្នកដឹកនាំនៅប្រទេសទាំងនោះ។
លោក Mamady Conde ឯកអគ្គរដ្ឋទូតនៃប្រទេសហ្គីណេប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់ VOA ផ្សាយជាភាសាបារាំងទៅកាន់ទ្វីបអាហ្វ្រិកតាមរយៈទូរស័ព្ទថា ការិយាល័យរបស់លោកមិនបានទទួលការផ្តល់ដំណឹងជាផ្លូវការទេ ហើយលោកបានទទួលដំណឹងនេះ តាមរយៈការផ្សាយព័ត៌មានតែប៉ុណ្ណោះ។ លោក បានថ្លែងថា ពលរដ្ឋហ្គីណេ ៧៥នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ប្រទេសកំណើតវិញ ក៏ប៉ុន្តែ លោកមិនបានបញ្ជាក់ឲ្យបានច្បាស់អំពីពេលវេលានៃការបញ្ជូនខ្លួនអ្នកទាំងនោះ នោះទេ។ លោក បានបន្ថែមទៀតថា មានពលរដ្ឋហ្គីណេប្រមាណជា ២០០០ នាក់ រស់នៅដោយខុសច្បាប់ក្នុងសហរដ្ឋអាមេរិក។
លោក Bockarie Kortu Stevens ឯកអគ្គរដ្ឋទូតនៃប្រទេសសេរ៉ាឡេអូនប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសរបស់លោក បានសហការដោយធ្វើតាមបទបញ្ជានៃការបញ្ជូនខ្លួនទាំងអស់។ លោកបានថ្លែងថា ចាប់តាំងពីខែមករាមក សហរដ្ឋអាមរិក បានបញ្ជូនពលរដ្ឋសេរ៉ាឡេអូន ពី ៣០ ទៅ៤០នាក់ ត្រឡប់ទៅកាន់ប្រទេសសេរ៉ាឡេអូនវិញ ដោយដឹកតាមយន្តហោះពីរគ្រឿង។
លោក Stevens បានប្រាប់ VOAថា៖ «ពួកគេ បានដាក់ជនដែលត្រូវបញ្ជូនខ្លួនទាំងអស់ជាមួយគ្នា គឺរួមជាមួយនឹងអ្នកមកពីប្រទេសផ្សេងៗទៀតដែរ ហើយពួកគេ បានដឹកពលរដ្ឋសេរ៉ាឡេអូន ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ យើងបានសហការណ៍ជាមួយពួកគេរហូតមក»។
មន្រ្តីស្ថានទូតនៃប្រទេសសេរ៉ាឡេអូន បាននិយាយថា ពួកគេ បានទៅពន្ធនាគារដែលឃុំខ្លួនអ្នកដែលត្រូវបានកំណត់ថា នឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបញ្ជាក់អំពីសញ្ជាតិរបស់ពួកគេ។
លោក Stevens បានថ្លែងទៀតថា៖ «នៅពេលដែលពួកគេត្រូវបានកំណត់អត្តសញ្ញាណថា ជាជនជាតិសេរ៉ាឡេអូនពិតប្រាកដហើយ យើងនឹងចេញឯកសារធ្វើដំណើរដែលពាក់ព័ន្ធ ហើយបន្ទាប់ពីនោះ គឺស្រេចតែលើអាជ្ញាធរសហរដ្ឋអាមរិកក្នុងការអនុវត្តការបញ្ជូនខ្លួននេះ»។
លោកបានបដិសេធទៅនឹងការណ៍ដែលថា ពលរដ្ឋសេរ៉ាឡេអូនដែលរស់នៅក្នុងសហរដ្ឋអាមេរិកភាគច្រើន គឺរស់នៅដោយខុសច្បាប់នោះ គឺជារឿងមិនពិត។
រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ពលរដ្ឋសេរ៉ាឡេអូនចំនួន ៤៦ នាក់បានទទួលបទបញ្ជាអំពីការបញ្ជូនខ្លួនពួកគេទៅប្រទេសសេរ៉ាឡេអូនវិញនៅឆ្នាំនេះ ដែលក្នុងនោះរួមបញ្ជូលទាំងឧក្រិដ្ឋជន២២នាក់ផងដែរ។ លោក Stevens បានថ្លែងថា ជនដែលត្រូវបញ្ជូនខ្លួនទាំងនោះភាគច្រើន បានប្រព្រឹត្តបទឧក្រិដ្ឋគ្រឿងញៀន។
«ជាការពិតហើយ ក្នុងសង្គមណាក៏ដោយ ក៏មានមនុស្សដែលប្រព្រឹត្តខុសច្បាប់ដែរ។ ដូច្នេះ អ្នកដែលប្រព្រឹត្តខុសច្បាប់ ត្រូវតែប្រឈមនឹងផលវិបាក។ ក៏ប៉ុន្តែ ពលរដ្ឋសេរ៉ាឡេអូនភាគច្រើន ជាអ្នកគោរពច្បាប់ ហើយពួកគេភាគច្រើនដែលបានមកទីនេះដោយសារតែសង្គ្រាមបានសម្របខ្លួនទាំងស្រុងទៅក្នុងសង្គមអាមេរិក»។
យោងតាមទិន្នន័យជំរឿនមានពលរដ្ឋសេរ៉ឡេអូនប្រមាណជា ៤៩ ០០០ នាក់ រស់នៅក្នុងសហរដ្ឋអាមេរិក។
មន្រ្តីរដ្ឋាភិបាលអេរីត្រេទាំងនៅរដ្ឋធានីវ៉ាស៊ីនតោន ទាំងនៅរដ្ឋធានី Asmara មិនបានឆ្លើយតបទៅនឹងការសុំសម្ភាសន៍របស់ VOA ដែលផ្សាយជាភាសា Tigrignaទេ។
ការបង្ក្រាបឧក្រិដ្ឋកម្មហិង្សា
សម្រាប់ឆ្នាំនេះ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានចេញបញ្ជាឲ្យបញ្ជូនខ្លួនពលរដ្ឋអេរីត្រេ ១១៧ នាក់ ពលរដ្ឋហ្គីណេ ៨៨ នាក់ និងពលរដ្ឋខ្មែរ ២៧នាក់ ទៅមាតុប្រទេសរបស់ពួកគេវិញ នេះបើយោងតាមស្ថិតិដែលផ្តល់ឲ្យដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ នេះគ្រាន់តែជាផ្នែកមួយនៃចំនួនសរុបនៃបទបញ្ជាបញ្ជូនខ្លួននេះតែប៉ុណ្ណោះ ដែលក្នុងនោះ រួមមានពលរដ្ឋម៉ិកស៊ិកប្រមាណជាង ២៨០០០ នាក់ថែមទៀត ដែលទទួលបានបទបញ្ជាបញ្ជូនខ្លួននេះផងដែរ។
ការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ គឺជាបញ្ហាសំខាន់មួយរបស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump ហើយឥឡូវនេះ វាក៏ជាបញ្ហាសំខាន់សម្រាប់រដ្ឋបាលរបស់លោកផងដែរ។ តាមរយៈការផ្អាកផ្តល់ទិដ្ឋាការនេះ សហរដ្ឋអាមេរិកសង្ឃឹមថា នឹងបញ្ជូនខ្លួនឧក្រិដ្ឋជនដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មហិង្សាចេញពីប្រទេស។
ទោះបីជាយ៉ាងនេះក៏ដោយ ជនបរទេសភាគច្រើនដែលត្រូវបានកំណត់មុខសញ្ញាក្នុងការបញ្ជូនខ្លួនទៅប្រទេសកំណើតវិញ ឬ អ្នកដែលនឹងត្រូវបញ្ជូនខ្លួនទៅកាន់មាតុប្រទេសវិញ មិនត្រូវបានកាត់ទោសថា ជាឧក្រិដ្ឋជននោះទេ ហើយបទឧក្រិដ្ឋដែលជនត្រូវបញ្ជូនខ្លួនទាំងនោះ បានប្រព្រឹត្តគឺជាបទឧក្រិដ្ឋអហិង្សា។
នៅឆ្នាំ២០១៥ ជនបរទេសចំនួន៦០ភាគរយដែលត្រូវបានបញ្ជូនខ្លួនទៅកាន់មាតុប្រទេសវិញ គឺដោយសារបានបំពានច្បាប់អន្តោប្រវេសន៍ ឧក្រិដ្ឋកម្មគ្រឿងញៀន និងធ្វើខុសច្បាប់ចរាចរណ៍ នេះបើយោងតាមស្ថិតិដែលផ្តល់ដោយរបស់ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក៕
រាយការណ៍បន្ថែមដោយ Idrissa Fall និងកាន់ វិច្ឆិកា
ប្រែសម្រួលដោយ ភី សុភាដា និង លី ម៉ូរីវ៉ាន់