ស.រ.អា.គ្រោងនឹងអនុវត្តបទបញ្ញត្តិថ្មីៗដែលតម្រូវដល់ពួកអ្នកដាក់ពាក្យសុំទិដ្ឋាការមកពីប្រទេស៦មានអ្នកស្រុកភាគច្រើនជាអ្នកកាន់សាសនាឥស្លាមឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកម្នាក់នៃគ្រួសារ ឬត្រូវមានជំនួញនៅក្នុងស.រ.អា.ដើម្បីអាចអនុញ្ញាតចូលមកក្នុងសហរដ្ឋអាមេរិកបាន។
ទូរលេខមួយរបស់ក្រសួងការបរទេសស.រ.អា.ដែលទីភ្នាក់ងារព័ត៌មាន Associated Press និង Reuters បានឃើញកាលពីយប់ថ្ងៃពុធ ក៏ប៉ុន្តែមិនបានត្រូវផ្សាយជាសាធារណៈ ផ្តល់ចំណុចសំខាន់ៗថាតើពួកមន្ត្រីស្ថានកុងស៊ុលគួរចាត់ការបែបណាជាមួយការដាក់ពាក្យសុំទិដ្ឋាការសម្រាប់មនុស្សមកពីប្រទេសអ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ីរី និងប្រទេសយេម៉ែន។
ទំនាក់ទំនងគ្រួសារជិតស្និទ្ធដែលអាចទទួលយកបានមានរួមបញ្ចូលឪពុក ម្តាយ គូស្រករ កូន កូនប្រុស ឬកូនស្រីពេញវ័យ កូនប្រសារប្រុស កូនប្រសារស្រី ឬញាតិសន្តានដែលស្ថិតនៅក្នុងស.រ.អា.រួចហើយ។
ទំនាក់ទំនងដែលមិនអាចទទួលយកបានតាមការតម្រូវនេះមានរួមបញ្ចូលជីតា ជីដូន មីង ឪពុកមា ក្មួយស្រី ក្មួយប្រុស បងប្អូនជីដូនមួយ បងថ្លៃប្រុស ប្អូនថ្លៃប្រុស បងថ្លៃស្រី ប្អូនថ្លៃស្រី សង្សារ ឬញាតិសន្តានឆ្ងាយៗ។
ការទាក់ទងខាងជំនួញត្រូវតែ «ជាផ្លូវការ និងមានឯកសារត្រឹមត្រូវ» ហើយមិនមែនត្រូវបង្កើតឡើងក្នុងគោលបំណងបញ្ចៀសការហាមប្រាមមិនឱ្យធ្វើដំណើរនេះទេ។ ទូរលេខនេះបាននិយាយថាអ្វីៗដូចជាការកក់ប្រាក់បន្ទប់សណ្ឋាគារជាដើមជាការមិនត្រឹមត្រូវតាមការតម្រូវនេះទេ។
ទីភ្នាក់ងារព័ត៌មាន Associated Press បាននិយាយថាបទបញ្ញត្តិថ្មីៗទាំងនេះមានកំណត់នឹងចូលជាធរមាននៅម៉ោង៨យប់ ថ្ងៃព្រហស្បតិ៍នេះតាមពេលវេលានៃរដ្ឋធានីវ៉ាស៊ីនតោន៕