ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​​ភូមិភាគ​ទី​៩​ចេញ​សាលក្រម​ប្រឆាំង​នឹង​ការ​ហាម​ឃាត់​មិន​ឲ្យ​ចូល​មក​​អាមេរិក


រូបឯកសារ៖ ក្រុម​បាតុករ​កាន់​បដា​ប្រឆាំង​នឹង​បទបញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​មក​កាន់សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ ក្រុម​បាតុករ​កាន់​បដា​ប្រឆាំង​នឹង​បទបញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​មក​កាន់សហរដ្ឋ​អាមេរិក។

តុលាការ​សហព័ន្ធ​របស់​អាមេរិក​ទី​ពីរ​បាន​បោះ​ឆ្នោត​រក្សា​ការ​ប្រឆាំង​លើ​បទ​បញ្ជា​ប្រធានាធិបតី​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ក្នុង​ការ​ដាក់​កំហិត​ទៅ​លើ​ពលរដ្ឋ​មក​ពី​បណ្តា​ប្រទេស​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​ចំនួន​៦​មិន​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។ ​

សាលា​ឧទ្ធរណ៍​ប្រចាំ​ភូមិភាគ​ទី​៩​នៅ​ក្នុង​ទីក្រុង ​San Francisco បាន​ចេញ​សាលក្រម​ជា​ឯកច្ឆន្ធ​កាល​ពី​ថ្ងៃ​ច័ន្ទ ប្រឆាំង​នឹង​ការ​ហាម​ឃាត់​ជា​បណ្តោះអាសន្ន​របស់​លោក ត្រាំ​ ដោយ​ផ្អែក​ទៅ​លើ​ហេតុផល​ថា លោក​ប្រធានាធិបតី ត្រាំ​ បាន​ប្រព្រឹត្ត​ហួស​សមត្ថកិច្ច​របស់​លោក ​នៅ​ពេល​ដែល​លោក​បាន​ចេញ​បទបញ្ជា​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ទី​២​ខែ​មីនា ដែល​ថា «ការពារ​ប្រទេស​ជាតិ​មិន​ឲ្យ​ភេរវករ​បរទេស​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​បាន‍»។

អង្គ​ចៅក្រម​ដែល​មាន​សមាសភាព ​៣​នាក់​បាន​និយាយ​ថា ​ខណៈ​ដែល​ច្បាប់​អន្តោប្រវេសន៍​និង​សញ្ជាតិ​ឆ្នាំ​១៩៥២ ផ្តល់​អំណាច​ដល់​លោក​ប្រធានាធិបតី​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ការ​ទប់​ស្កាត់​ការ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​និង​ការពារ​សន្តិសុខ​អាមេរិក ​ក៏​ដោយ​ក៏​«បញ្ហា​អន្តោប្រវេសន៍​នេះ​ សូម្បី​ចំពោះ​លោក​ប្រធានាធិបតី ក៏​មិនមែន​ជា​ការ​សម្រេចចិត្ត​របស់​មនុស្ស​តែ​ម្នាក់​នោះ​ទេ‍»។

ការ​សម្រេច​ចិត្ត​កាល​ពី​ថ្ងៃ​ច័ន្ទ គឺ​ស្រប​ទៅ​នឹង​សាលក្រម​កាល​ពី​លើក​មុន​របស់​សាលា​ឧទ្ធរណ៍​ប្រចាំ​ភូមិភាគ​ទី​៤​នៅ​រដ្ឋ Virginia ដែល​បាន​សម្រេច​តម្កល់​សាលក្រម​របស់​ចៅក្រម​ម្នាក់​ក្នុង​រដ្ឋ Maryland ដែល​ហាម​ឃាត់​ទៅ​លើ​ផ្នែក​មួយ​ចំនួន​នៃ​បទបញ្ជា​ប្រធានាធិបតី​របស់​លោក ត្រាំ៕

XS
SM
MD
LG