ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ជំរុញ​ឲ្យ​តុលាការ​កំពូល​សម្រេច​ឲ្យ​បាន​ឆាប់​រឿង​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ


លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅ​ក្នុង​ការ​ប្រកាស​ពី​ការ​ផ្តួចផ្តើម​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ចរាចរណ៍​អាកាស​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅ​ក្នុង​ការ​ប្រកាស​ពី​ការ​ផ្តួចផ្តើម​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ចរាចរណ៍​អាកាស​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលមិញ បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ Twitter ដើម្បី​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត ឲ្យ​មាន​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ពី «ប្រទេស​គ្រោះថ្នាក់» មួយ​ចំនួន។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​រិះគន់​អ្វី​ដែល​លោក​យល់​ថា​ជា​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ប្រើប្រាស់​ភាសា​ត្រឹមត្រូវ​ផ្នែក​នយោបាយ ដើម្បី​ធ្វើ​ឲ្យ​បទ​បញ្ជា​ប្រធានាធិបតី​ពី​ដំបូង​របស់​លោក មាន​លក្ខណៈ​ធូរស្រាល​ជាង​មុន ដើម្បី​រារាំង​ប្រជាពលរដ្ឋ​មកពី​ប្រទេស​មួយ​ចំនួន​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម មិន​ឲ្យ​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក។

លោក Trump បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ «យើង​ត្រូវការ​ឲ្យ​មាន​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក សម្រាប់​ប្រទេស​គ្រោះថ្នាក់​មួយ​ចំនួន គឺ​មិន​មែន​ត្រូវការ​ពាក្យពេចន៍​ត្រឹមត្រូវ​ផ្នែក​នយោបាយ​មួយ​ចំនួន ដែល​មិន​បាន​ជួយ​យើង ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ​របស់​យើង​នោះ​ទេ‍»។

លោក Trump បាន​សរសេរ​ដូច្នេះ បន្ទាប់​ពី​លោក​បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ Twitter នេះ​ដែរ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិលមិញ អំពី​រឿង​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នេះ ដោយ​បាន​រិះគន់​ក្រសួង​យុត្តិធម៌​ថា​បាន​ធ្វើ​ឲ្យ​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នេះ​មាន​លក្ខណៈ​ធូរ​ស្រាល​ជាង​មុន ដែល​បទ​បញ្ជា​ប្រធានាធិបតី​នេះ ត្រូវ​បាន​លោក Trump ចុះ​ហត្ថលេខា បន្ទាប់ពី​បទបញ្ជា​ស្ដី​ពី​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នេះ​ច្បាប់​ដើម​បំផុត​របស់​លោក ត្រូវ​បាន​តុលាការ​ជំទាស់។

បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ដំបូង​បង្អស់​របស់​លោក Trump បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​មកពី​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី លីប៊ី យេម៉ែន សូម៉ាលី និង​ស៊ូដង់ មិន​ឲ្យ​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក រយៈពេល ៩០ ថ្ងៃ និង​ហាម​ឃាត់​មិន​ឲ្យ​ជន​ភៀស​ខ្លួន​មកពី​ប្រទេស​ស៊ីរី ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ដោយ​ផ្ដល់​ការ​លើកលែង​ចំពោះ​ជនជាតិ​ភាគ​តិច ដែល​កាន់​សាសនា​ផ្សេងៗ។ ចំពោះ​ច្បាប់​កែ​សម្រួល​ថ្មី​នៃ​បទ​បញ្ជា​នេះ​វិញ គឺ​បាន​ដក​ប្រទេស​អ៊ីរ៉ាក់​ចេញ​ពី​បញ្ជី​ហាម​ឃាត់​នេះ ហើយ​បាន​កំណត់​ការ​ហាម​ឃាត់​ចំពោះ​ជន​ភៀស​ខ្លួន​ស៊ីរី​រហូត​ដល់ ១២០ ថ្ងៃ​វិញ និង​ដក​ចេញ​នូវ​ការ​លើក​លែង​ចំពោះ​ជនជាតិ​ភាគ​តិច ដែល​កាន់​សាសនា​ផ្សេងៗ៕

XS
SM
MD
LG