ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ផ្ដល់​សុពលភាព​ដល់​ផ្នែក​ភាគ​ច្រើន​នៃ​បទ​បញ្ជា​រារាំង​ការ​ធ្វើ​ដំណើរ


នេះ​ជា​ទិដ្ឋាភាព​នៃ​អគារ​តុលាការ​កំពូល​អាមេរិក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ពិចារណា​អំពី​ករណី​បទ​បញ្ជា​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី Donald Trump ហើយ​នៅ​ក្នុង​ចន្លោះ​ពេល​នេះ ផ្នែក​ភាគ​ច្រើន​នៃ​បទ​បញ្ជា​នេះ​អាច​មាន​សុពលភាព។

បទ​បញ្ជា​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​របស់​លោក Trump ដែល​មាន​ការ​កែ​សម្រួល​ឡើង​វិញ​នេះ រារាំង​ការ​ធ្វើ​ដំណើរ​ចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ចំពោះ​ពលរដ្ឋ​មកពី​ប្រទេស​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម​ចំនួន ៦ ប្រទេស ដូចជា​ប្រទេស​លីប៊ី អ៊ីរ៉ង់ សូម៉ាលី ស៊ូដង់ ស៊ីរី និង​យេម៉ែន រយៈពេល ៩០ ថ្ងៃ និង​ផ្អាក​កម្មវិធី​ទទួល​យក​ជន​ភៀស​ខ្លួន​រយៈពេល ១២០ ថ្ងៃ។

បទ​បញ្ជា​នេះ​បញ្ជាក់​ថា វិធានការ​ដាក់​កំហិត​ទាំង​នេះ គឺ​ចាំបាច់​ដើម្បី​កែប្រែ​នូវ​របៀប​នៃ​ការ​ត្រួត​ពិនិត្យ​សន្តិសុខ ដើម្បី​ការពារ​ប្រទេស​ពី​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ។

បទ​បញ្ជា​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​នេះ ត្រូវ​តុលាការ​សហព័ន្ធ​ពីរ​ផ្សេង​គ្នា ក្នុង​រដ្ឋ Ohio និង​រដ្ឋ Maryland បង្អាក់​មិន​ឲ្យ​ដំណើរ​ការ។ ការ​សម្រេច​របស់​តុលាការ​សហព័ន្ធ​ទាំង​ពីរ​នេះ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​គាំទ្រ​ផង​ដែរ។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​មាន​ទស្សនៈ​ផ្សេង​ពី​នេះ ដោយ​គាំទ្រ​ចំពោះ​បទ​បញ្ជា​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ និង​ការ​ផ្អាក​កម្មវិធី​ជន​ភៀស​ខ្លួន​នេះ។

ប៉ុន្តែ ចៅក្រម​តុលាការ​កំពូល​បាន​និយាយ​ថា ការ​រារាំង​ការ​ធ្វើ​ដំណើរ​នេះ មិន​អាច​អនុវត្ត​លើ «ជន​បរទេស​ណា ដែល​មាន​ទំនាក់ទំនង​ពិត​ប្រាកដ​ជាមួយ​នរណា​ម្នាក់ ឬ​ក៏​អង្គភាព​ណា​មួយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ‍»។

លោក Trump និយាយ​ថា បទ​បញ្ជា​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​នេះ នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៧២ ម៉ោង​ក្រោយ​មក ក្រោយ​ពី​តុលាការ​កំពូល​ចេញ​សេចក្ដី​សម្រេច៕

XS
SM
MD
LG