ពាក្យនេះត្រូវបានណែនាំឲ្យប្រើដោយលោក Richard Holbrooke ដែលជាអ្នកដែលក្រោយមកបានក្លាយជាអ្នកតំណាងពិសេសលើកដំបូងរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។
ពាក្យនេះដំបូងត្រូវបានបង្កើតឡើងដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីគោលគំនិតដែលថា គោលនយោបាយរបស់សហរដ្ឋអាមេរិកតម្រូវឲ្យមាននូវមធ្យោបាយរួមមួយសម្រាប់បញ្ហាយោធា និងសន្តិសុខនៅក្នុងតំបន់អាស៊ីខាងត្បូង។
ដើម្បីឈ្នះសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាំបាច់ត្រូវមាននូវមធ្យោបាយសម្របសម្រួលមួយជាមួយនឹងប្រទេសប៉ាគីស្ថាន។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថានគិតថា សហរដ្ឋអាមេរិកភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រទេសប៉ាគីស្ថានគឺដើម្បីផ្ដោតលើប្រទេសអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ។
១០ ឆ្នាំក្រោយមក សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅតែបន្ត ហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថានកាន់តែយ៉ាប់យឺនឡើង។ សហរដ្ឋអាមេរិកបានផ្អាកផ្ដល់ជំនួយយោធាដល់ប៉ាគីស្ថាន រហូតទាល់តែប៉ាគីស្ថានប្រឹងប្រែងបន្ថែមទៀតដើម្បីបង្ក្រាបលើក្រុមសកម្មប្រយុទ្ធនានា។ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានធ្វើឲ្យខ្លួនក្លាយជាអ្នកខុសសម្រាប់ការបរាជ័យរបស់សហរដ្ឋអាមេរិកនៅក្នុងការជួយសង្គ្រោះប្រទេសអាហ្វហ្គានីស្ថាន។
លោក Moeed Yusuf អនុប្រធានមជ្ឈមណ្ឌលអាស៊ីនៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (U.S. Institute of Peace) បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិក និងប៉ាគីស្ថានបានផ្ដល់សញ្ញាដល់គ្នាទៅវិញទៅមកថា ប្រសិនបើភាគីណាមួយធ្វើជ្រុលហួសដែនកំណត់ នោះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរជាក់ជាមិនខាន ទោះបីជាភាគីនីមួយៗមិនបានបញ្ជាក់អំពីដែនកំណត់នោះឲ្យបានច្បាស់លាស់ក៏ដោយ។ ដោយសារតែភាគីនីមួយៗមិនចង់ឲ្យទំនាក់ទំនងក្លាយជាមានបញ្ហា គ្រោះថ្នាក់ដែលភាគីណាមួយវាយតម្លៃខុសអំពីដែនកំណត់របស់ភាគីម្ខាងទៀតគឺមានកម្រិតខ្ពស់ជាងពេលមុនៗនៅក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ»។
សហរដ្ឋអាមេរិកបានចោទប្រកាន់ជាយូរមកហើយថា ប្រទេសប៉ាគីស្ថានបានផ្ដល់ជម្រកសុវត្ថិភាពដល់ពួកតាលីបង់អាហ្វហ្គានីស្ថាន ក៏ដូចជាផ្គត់ផ្គង់អាវុធដ៏ប្រល័យដល់បណ្ដាញក្រុម Haqqani ផងដែរ។
ប្រទេសប៉ាគីស្ថានបានជំទាស់ថា ខ្លួនជាអ្នកទទួលផលលំបាកធ្ងន់ធ្ងរសម្រាប់ការវាយប្រហារបែបយោធាដែលមេបញ្ជាការយោធារបស់ខ្លួនបាននិយាយថា បានបោសសម្អាតជម្រកសុវត្ថិភាពរបស់ពួកតាលីបង់ទាំងអស់រួចហើយនៅក្នុងទឹកដីប៉ាគីស្ថាន។ មន្ត្រីប៉ាគីស្ថានបញ្ជាក់ថា ពួកតាលីបង់បានត្រួតត្រាដែនដីល្មមគ្រប់គ្រាន់ហើយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលធ្វើឲ្យពួកគេមិនចាំបាច់ត្រូវការប្រទេសប៉ាគីស្ថាននោះទេ។
នេះគឺជាការអះអាងដែលសហរដ្ឋអាមេរិកមិនដែលឯកភាពតាមនោះទេ។ ប៉ុន្តែ អ្វីដែលមន្ត្រីរដ្ឋាភិបាលអាមេរិកជារឿយៗទទួលស្គាល់នៅក្នុងការប្រជុំអំពីស្ថានការណ៍សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានគឺថា ពួកគេយល់អំពីក្ដីបារម្ភរបស់ប្រទេសប៉ាគីស្ថានដែលមិនចង់ឲ្យសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានហារចូលទៅក្នុងទឹកដីរបស់ខ្លួន ដោយធ្វើឲ្យសត្រូវរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានក្លាយជាសត្រូវរបស់ខ្លួននោះទេ។
រដ្ឋាភិបាលប៉ាគីស្ថានក៏បានអះអាងផងដែរថា សហរដ្ឋអាមេរិកកំពុងវាយតម្លៃជ្រុលលើវត្តមានរបស់ពួកតាលីបង់នៅក្នុងប្រទេសប៉ាគីស្ថាន។
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោក Khurram Dastgir Khan បានថ្លែងថា៖ «យើងនិយាយថា មិនមានជម្រកសុវត្ថិភាពដែលរៀបចំឡើងណាមួយសម្រាប់ពួកតាលីបង់នៅក្នុងប្រទេសប៉ាគីស្ថាននោះទេ»។
លោកបានបន្ថែមទៀតថា ប្រហែលជានៅមានសមាជិកពួកសកម្មប្រយុទ្ធដែលនៅសេសសល់នៅលាក់ខ្លួនក្នុងចំណោមប្រជាពលរដ្ឋ ប៉ុន្តែរដ្ឋាភិបាលប៉ាគីស្ថានកំពុងតាមស្វែងរកពួកគេតាមរយៈការធ្វើប្រតិបត្តិការបន្តទៀត។
ឆ្នាំ ២០១៨ អាចជាឆ្នាំរដាក់រដុប
លោក Moeed Yusuf បានបញ្ជាក់ថា សង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាននៅតែបន្ត ហើយពួកតាលីបង់បានបន្តការធ្វើការវាយប្រហារដ៏ប្រល័យប្រឆាំងនឹងអង្គការអូតង់ និងកងកម្លាំងអាហ្វហ្គានីស្ថាន។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកលែងមានការអាណិតអាសូរចំពោះការព្រួយបារម្ភរបស់ប៉ាគីស្ថានហើយ ដែលការព្រួយបារម្ភនោះគឺថា ការវាយប្រយុទ្ធជាមួយនឹងពួកតាលីបង់នៅលើទឹកដីអាហ្វហ្គានីស្ថានអាចបង្កើតបញ្ហាសម្រាប់ប៉ាគីស្ថាន»។
លោក Thomas Lynch អ្នកស្រាវជ្រាវល្បីឈ្មោះមួយរូបផ្នែកតំបន់អាស៊ីខាងត្បូង និងអាស៊ីខាងលិចនៃសាកលវិទ្យាល័យការពារជាតិ (National Defense University) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា៖ «យើងឃើញថាសហរដ្ឋអាមេរិកមានការឆ្អែតឆ្អន់ជាមួយនឹងប្រទេសប៉ាគីស្ថាន។ ហេតុដូច្នេះហើយ ប៉ាគីស្ថាននឹងឃើញមានបញ្ហាកើនឡើងពាក់ព័ន្ធនឹងការឆ្លើយតបបែបគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងរយៈពេលក៏ខ្លីខាងមុខនេះ»។
ប្រទេសប៉ាគីស្ថានមិនទាន់អាចប្រើឥទ្ធិពលរបស់ខ្លួនជាមួយនឹងពួកតាលីបង់ដើម្បីនាំពួកតាលីបង់នេះមកកាន់តុចរចានៅឡើយទេ ហើយរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នាពេលឥឡូវនេះ ផ្ដោតលើការកម្ចាត់ពួកតាលីបង់នេះចេញពីសមរភូមិប្រយុទ្ធតែម្ដង។
ការលើកឡើងរបស់លោក Thomas Lynch ដូចនេះ មិនមែនមានន័យថា ដាច់ខាតមិនចាំបាច់មានការចរចាជាមួយនឹងពួកតាលីបង់នោះទេ ប៉ុន្តែមានន័យថា សហរដ្ឋអាមេរិកនឹងចរចានៅពេលណាដែលសហរដ្ឋអាមេរិកអាចធ្វើឲ្យពួកតាលីបង់ចុះខ្សោយផ្នែកយោធាគួរឲ្យកត់សម្គាល់បានតែប៉ុណ្ណោះ។
អ្នកវិភាគភាគច្រើនយល់ស្របថា តួនាទីរបស់ប៉ាគីស្ថានគឺមានសារៈសំខាន់នៅក្នុងការចរចា និងនៅក្នុងការប្រយុទ្ធជាមួយនឹងពួកតាលីបង់។
គូប្រជែងក្នុងតំបន់រារាំងមិនឲ្យមានការផ្លាស់ប្ដូរ
លោក Richard Olsen អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប៉ាគីស្ថាន ដែលធ្លាប់ធ្វើជាអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននៅក្នុងរដ្ឋាភិបាលសម័យលោក Barack Obamaនៅមិនទាន់ច្បាស់ទេថាតើសហរដ្ឋអាមេរិកអាចមានឥទ្ធិពលធ្វើឲ្យប៉ាគីស្ថានផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួនបានដែរឬក៏យ៉ាងណានោះ ដែលនេះជាអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនទាន់មានលទ្ធភាពធ្វើនៅឡើយទេនៅក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ ដែលមួយផ្នែកគឺបណ្ដាលមកពីការព្រួយបារម្ភនៅក្នុងតំបន់។
រដ្ឋាភិបាលប៉ាគីស្ថានខ្លាចថា ប្រទេសឥណ្ឌា ដែលជាគូប្រជែងរបស់ខ្លួន និងជាប្រទេសដែលមានទំនាក់ទំនងល្អជាមួយនឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងប្រើប្រាស់ឱកាសដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ាគីស្ថានមានទំនាក់ទំនងជាមួយនឹងបស្ចិមប្រទេស។ នេះបើតាមការលើកឡើងរបស់លោក Moeed Yusuf និងអតីតទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Stephen Hadley។
លោកទាំងពីរបានសរសេរនៅក្នុងទំព័របញ្ចេញមតិនៃសារព័ត៌មាន New York Times ថា យោធាប៉ាគីស្ថាន «តែងតែមានការភ័យខ្លាចចំពោះស្ថានការណ៍មួយដែលប្រទេសអាហ្វហ្គានីស្ថានអាចធ្វើជាមូលដ្ឋានទីពីររបស់ឥណ្ឌាដើម្បីធ្វើការវាយប្រហារលើប៉ាគីស្ថាន»។
ប្រទេសប៉ាគីស្ថានក៏ខ្លាចផងដែរថា ប្រទេសឥណ្ឌាកំពុងព្យាយាមបង្អាក់ដល់ច្រករបៀងសេដ្ឋកិច្ចថ្មីមួយដែលប្រទេសចិនកំពុងជួយបង្កើតនៅក្នុងប្រទេសប៉ាគីស្ថាន។ ច្រករបៀងសេដ្ឋកិច្ចចិនប៉ាគីស្ថាន គឺជាកន្លែងប្រមូលផ្ដុំនូវគម្រោងថាមពល និងហេដ្ឋារចនាសម្ព័ន្ធនានាដែលរដ្ឋាភិបាលប៉ាគីស្ថានថា នឹងប្រែក្លាយប៉ាគីស្ថានពីប្រទេសមួយដែលមានសេដ្ឋកិច្ចទន់ខ្សោយទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចខ្លាំងក្លា។
ប្រធានគណៈកម្មាធិការនៃនាយអគ្គសេនាធិការចម្រុះរបស់ប្រទេសប៉ាគីស្ថាន លោកឧត្ដមសេនីយ៍ Zubair Mahmood Hayat បានថ្លែងនៅក្នុងសិក្ខាសាលាមួយនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាតថា ទីភ្នាក់ងារ Research & Analysis Wing ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ឥណ្ឌា បាន «បង្កើតក្រុមថ្មីមួយដែលបានប្រើប្រាស់ថវិកាជាង ៥ រយលានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៥ ដើម្បីបំផ្លាញច្រករបៀបសេដ្ឋកិច្ចចិនប៉ាគីស្ថាននៅក្នុងប្រទេសប៉ាគីស្ថាន»។
ដោយសារតែគោលនយោបាយអាស៊ីខាងត្បូងថ្មីរបស់សហរដ្ឋអាមេរិកបានលើកទឹកចិត្តឲ្យឥណ្ឌាដើរតួនាទីសំខាន់ជាងមុននៅក្នុងតំបន់ គោលបំណងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះក៏បានធ្វើឲ្យប៉ាគីស្ថានមានមន្ទិលសង្ស័យផងដែរ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis បានប្រាប់គណៈកម្មាធិការកិច្ចការយោធារបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកថា ច្រករបៀងសេដ្ឋកិច្ចចិនប៉ាគីស្ថានគឺកាត់តាម «ដែនដីដែលមានជម្លោះ» ដែលដែនដីនេះចង់សំដៅទៅលើតំបន់ Kashmir ដែលបានទាមទារកាន់កាប់ដោយប្រទេសឥណ្ឌា និងប៉ាគីស្ថាន។
ការទុកចិត្តគ្នាជាបញ្ហាមួយ
លោក Thomas Lynch និយាយថា លោកគិតថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលសំខាន់ៗនៅក្នុងប្រទេសប៉ាគីស្ថាន ជាជាងការដាក់ទណ្ឌកម្មលើប្រទេសប៉ាគីស្ថានតែម្ដង អាចមានប្រសិទ្ធភាពជាងអ្វីៗទាំងអស់។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា ប្រសិនបើដាក់ទណ្ឌកម្មរារាំងការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលនយោបាយ និងយោធាចូលនិវត្តន៍មួយចំនួន នោះប្រាកដជាមានលទ្ធផលអ្វីមួយកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថានជាក់ជាមិនខាន។ ខ្ញុំគិតថា យើងគួរចាប់ផ្ដើមដាក់ទណ្ឌកម្មចំពោះមន្ត្រីចូលនិវត្តន៍ទាំងនោះសិន ហើយបន្ទាប់មក យើងនឹងធ្វើបន្តទៅមុខទៀត»។
រដ្ឋាភិបាលប៉ាគីស្ថានមានជម្រើសអាចបិទផ្លូវផ្គត់ផ្គង់របស់អង្គការអូតង់ដែលកាត់តាមដែនដីរបស់ខ្លួនបាន។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាននានាបានបង្ហាញថា ពួកគេនឹងមិនធ្វើដូច្នេះដោយមិនមានការពិភាក្សាវែកញែកដោយប្រុងប្រយ័ត្ននោះទេ។
លោក Thomas Lynch បានបន្ថែមថា៖ «រដ្ឋាភិបាលប៉ាគីស្ថានត្រូវគេប្រាប់ថា ប្រសិនបើពួកគេព្យាយាមធ្វើរឿងនេះទោះបីជារយៈពេលខ្លីក៏ដោយ នោះសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មដ៏ទូលំទូលាយមួយប្រឆាំងនឹងបុគ្គលសំខាន់ៗនៅក្នុងប្រទេសប៉ាគីស្ថានដោយមិនបង្អែបង្អង់យូរឡើយ»។
ស្របពេលនោះដែរ ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់ប៉ាគីស្ថាននៅក្នុងតំបន់ ក៏ទំនងជាប្រឹងប្រែងដើម្បីធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប៉ាគីស្ថានកាន់តែរលូនឡើងផងដែរ។
លោក Lijian Zhao អនុប្រធានបេសកកម្មការទូតចិននៅក្នុងទីក្រុងអ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន បាននិយាយថា៖ «ខ្ញុំគិតថា ប្រទេសចិនចង់ឃើញទំនាក់ទំនងរវាងប៉ាគីស្ថាន និងសហរដ្ឋអាមេរិកមានភាពរលូនធម្មតា។ ប៉ាគីស្ថាន និងសហរដ្ឋអាមេរិកធ្លាប់ជាសម្ព័ន្ធមិត្តជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។
លោកបានបន្ថែមទៀតថា៖ «ប្រទេសចិនមានការពិភាក្សាបែបការទូតជាមួយនឹងភាគីទាំងពីរ... ប្រទេសទាំងពីរគួរតែសហការជាមួយគ្នាទៅវិញទៅមក ជាជាងប្រឆាំងគ្នា។ យើងគួរតែធ្វើការរួមគ្នាដើម្បីប្រឆាំងនឹងពួកភេរវជន»។
ទោះបីជាយ៉ាងណាក៏ដោយ លោក Lijian Zhao បានបញ្ជាក់ថា កិច្ចការការទូតអាចដំណើរការបន្តិចម្ដងៗ ដែលយើងមិនអាចរំពឹងថានឹងទទួលបានដំណោះស្រាយភ្លាមៗនោះទេ៕
ប្រែសម្រួលដោយ ភី សុភាដា