រដ្ឋមន្ត្រីក្រសួងការសពារប្រទេសប៉ាគីស្ថាន បានសម្តែងកង្វល់អំពីសេចក្តីថ្លែងការណ៍មួយរបស់សេតវិមានដែលនិយាយថា កងយោធាស.រ.អា.បានទទួលអំណាចក្នុងការកម្ចាត់កន្លែងជ្រកកោនសុខសាន្តរបស់ពួកជនសកម្មប្រយុទ្ធក្នុងប្រទេសប៉ាគីស្ថាន។
សេចក្តីថ្លែងការណ៍របស់សេតវិមានត្រូវបានផ្សព្វផ្សាយនៅក្នុងសារអេឡិចត្រូនិចមួយកាលពីយប់ជ្រៅថ្ងៃអង្គារទៅដល់ពួកអ្នកកាសែតដោយបានរៀបរាប់សមិទ្ធិផលខាងគោលនយោបាយការបរទេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងរយៈពេលឆ្នាំទីមួយដែលគាត់កាន់តំណែងជាប្រធានាធិបតីអាមេរិកាំង។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានសរសេរថា «យុទ្ធសាស្ត្រស្តីពីអាស៊ីខាងត្បូងរបស់ប្រធានាធិបតី ត្រាំ ដែលផ្អែកលើស្ថានភាពផ្តល់ឱ្យពួកមេបញ្ជាការនូវអំណាចនិងប្រភពធនធានដែលពួកគេត្រូវការដើម្បីធ្វើកុំឱ្យពួកភេរវជនមានកន្លែងជ្រកកោនសុខសាន្តដែលពួកគេស្វះស្វែងឱ្យមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេស ប្រទេសប៉ាគីស្ថាន»។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយផ្នែកផ្សាយជាភាសា Urdu របស់វីអូអេ លោក Khurram Dastgir Khan រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃប្រទេសប៉ាគីស្ថានបាននិយាយថា លោកពិចារណាហ្មត់ចត់ណាស់អំពីសេចក្តីថ្លែងការណ៍នេះ។
លោក Dastgir បាននិយាយថា៖ «យើងចង់និយាយដោយច្បាស់ដល់ស.រ.អា.ថាប្រទេសប៉ាគីស្ថាន ជាប្រទេសអធិបតេយ្យមួយហើយគេត្រូវតែគោរពអធិបតេយ្យភាពរបស់ប៉ាគីស្ថាន៕