របាយការណ៍ថ្មីមួយបានបង្ហាញរូបភាពសោះកក្រោះនៃកិច្ចខិតខំប្រឹងប្រែងរបស់ស.រ.អា.ក្នុងការធ្វើឱ្យប្រទេសអាហ្វហ្គានីស្ថានមានសន្តិសុខ ក្នុងរយៈពេលជាង១៦ឆ្នាំក្រោយពីស.រ.អា.បានចូលលុកលុយប្រទេសជាតិនេះក្នុងទ្វីបអាស៊ីខាងត្បូងនៅក្រោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១។
នៅពេលនេះការទាក់ទិនរបស់ស.រ.អា.ក្នុងប្រទេសអាហ្វហ្គានីស្ថានជាសង្គ្រាមយូរបំផុតក្នុងប្រវត្តិសាស្ត្រស.រ.អា. ក៏ប៉ុន្តែអគ្គាធិការពិសេសសម្រាប់ការកសាងប្រទេសអាហ្វហ្គានីស្ថានជាថ្មីហៅកាត់ថា SIGAR និយាយថាការវាយប្រហារយោធាដោយស.រ.អា.កាលពីពេលថ្មីៗនេះមិនបានធ្វើឱ្យមានកំណើននៃការត្រួតត្រារបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានលើប្រជារាស្ត្រនៃប្រទេសនេះទេ។SIGAR បាននិយាយថាក្នុងខែតុលាតែមួយគត់ ស.រ.អា.ដែលមានទាហាន១ម៉ឺន១ពាន់នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានទម្លាក់គ្រាប់បែក
៦៥៣គ្រាប់លើពួកយុទ្ធជនសត្រូវ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ២០១២មកហើយជាចំនួនបីដងនៃចំនួនកាលពីខែតុលាឆ្នាំ២០១៦។
សេចក្តីរាយការណ៍នេះក៏ចែងដែរថាចំនួនទាហានអាមេរិកាំងស្លាប់ក៏បានកើនច្រើនជាងមុនដែរដោយមានទាហានអាមេរិកាំងស្លាប់១១នាក់ក្នុង១១ខែដំបូងនៃឆ្នាំទៅមិញដែលជាចំនួនពីរដងនៃចំនួនទាហានអាមេរិកាំងបាត់បង់ជីវិតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥និងឆ្នាំ២០១៦។
នៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួននៅថ្ងៃអង្គារនេះដាក់ជូនសភាស.រ.អា. និងក្រសួងការពារប្រទេសព្រមទាំងក្រសួងការបរទេស SIGAR បាននិយាយថាទោះណាជាមានជំនួយស.រ.អា.ចំនួន៨ពាន់៧រយលានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងគ្រឿងញៀនក៏ដោយក៏ការផលិតអាភៀនបានកើនឡើង៨៧ភាគរយកាលពីឆ្នាំទៅមិញក្នុងប្រទេសអាហ្វហ្គានីស្ថានហើយផ្ទៃដីសម្រាប់ដាំអាភៀនក៏បានកើនឡើង៦៣ភាគរយដែរដែលជាចំនួនច្រើនជាងពេលណាៗទាំងអស់៕